ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ត្រៀមខ្លួន ស្នើថ្វាយព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយ ដល់អ្នកនយោបាយគ្រប់រូប ដែលហាមឃាត់ធ្វើនយោបាយកន្លងមក ក្រោយច្បាប់ចូលជាធរមាន

48

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចបានត្រៀមរួចជាស្រេច ក្នុងការស្នើថ្វាយព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយចំពោះអ្នកនយោបាយគ្រប់រូប ដែលតុលាការហាមឃាត់ សិទ្ធិធ្វើនយោបាយកន្លងមក នៅពេលសេចក្តីស្នើច្បាប់នេះ ចូលជាធរមាន។

ការប្រកាស និងព្រមានរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេច បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្ញើសារជូនទៅប្រជាពលរដ្ឋ និងបណ្តាបក្សនយោបាយ ហេតុអ្វីបានជាត្រូវធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មិនមែនសំដៅទៅលើបក្សនយោបាយណាមួយនោះទេ ឬក្រុមណាមួយទេ ក៏ប៉ុន្តែធ្វើនេះគឺសំដៅលើគ្រប់គណបក្សនយោបាយ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថានៅក្នុងច្បាប់ស្តីពីពន្ធនាគារ បានអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី សុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន។ នៅក្នុងច្បាប់នេះ បានអនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី បានស្នើទៅព្រះមហាក្សត្រ លើកលែងទោសនៅពេលណាក៏បានដែរ។ ប៉ុន្តែច្បាប់ស្តីពីគណបក្សនយោបាយ ដែលបក្សនយោបាយនោះត្រូវរំលាយ ហើយមេដឹកនាំរបស់គេ ត្រូវបានហាមឃាត់ធ្វើនយោបាយ មិនមានច្រកណាមួយបើកផ្លូវ ឲ្យនាយករដ្ឋមន្រ្តី ធ្វើការសុំលើកលែងទេ ហើយផ្លូវច្បាប់ សាលក្រមតុលាការកំពូលបិទផ្លូវតវ៉ា ដូច្នេះបានន័យថា អត់មានច្រកចេញតែម្តង ។ សម្តេចបន្តថា នៅមានជម្រើសមួយទៀត ពាក់ព័ន្ធជាមួយនឹងបើកច្រកឲ្យនាយករដ្ឋមន្រ្តី ស្នើថ្វាយព្រះមហាក្សត្រ ដើម្បីលើកបម្រាប ហាមឃាត់ការធ្វើនយោបាយ ឲ្យអ្នកនយោបាយឡើងវិញ។ នេះមិនមែនសំដៅទៅលើក្រុមណាមួយនោះទេ គឺសំដៅរៀបចំដំណើរ ជីវិតនយោបាយ នៃបណ្តាបក្សនយោបាយ តែទៅអនាគត តែក្នុងនោះវាអាចដោយមនុស្សមួយចំនួន ដែលត្រូវបានតុលាការកាត់រំលាយ ហាមឃាត់សិទ្ធិធ្វើនយោបាយ នៅពេលនេះដែរ ប្រសិនបើ គេមានការស្នើសុំមកនាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តីបានពិនិត្យឃើញថា គេមិនបានប្រឆាំងនឹងសាលដីកា តុលាការកំពូលនោះទេ។ ត្រូវចាំថា អ្នកដែលប្រឆាំងនឹងសាលដីការបស់តុលាការកំពូល មិនមែនត្រឹមតែអត់បានសិទ្ធិធ្វើនយោបាយឡើងវិញទេ គឺត្រូវជាប់គុកថែមទៀតផង ព្រោះកាលណាប្រឆាំងនឹងសាលដីកាតុលាការកំពូលដូចជាត្រូវ ជាប់គុករហូតទៅដល់២ឆ្នាំកន្លះ ដូច្នេះនៅពេលច្បាប់ចូលជាធរមាន ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំត្រៀមនឹងទទួលយកនូវសំណើរបស់សាមីជនម្នាក់ៗ មិនមែនតំណាងឱ្យបក្សនយោបាយណាមួយមកស្នើទេ បុគ្គលម្នាក់ៗត្រូវស្នើមកនាយករដ្ឋមន្រ្តី ឬស្នើតាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីព្រោះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើទៅនាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តី ស្នើទៅព្រះមហាក្សត្រ ។ មិនមែនចេញច្បាប់ហើយ អ្នកទាំងនោះរួចអស់នោះទេ គឺម្នាក់ម្តងៗ ម្នាក់មានព្រះរាជក្រឹត្យមួយ ឬបួនប្រាំនាក់មកសុំម្តង មានព្រះរាជក្រឹត្យមួយ អីចឹងគឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តីនៅត្រង់កន្លែងនេះ។ ការបើកច្រកនេះសម្រាប់អនាគតកម្ពុជា មិនមែនសម្រាប់មនុស្សប៉ុន្មាននាក់នេះទេ ហើយមនុស្សប៉ុន្មាននាក់ដែលបម្រាមរបស់គេមានរហូតដល់ឆ្នាំ២០២២ ឬ២០២៣ ទោះបីជាមិនបានលើកលែង ក៏ត្រូវបានរបូតដែរ ពីព្រោះគេហាមតែ៥ឆ្នាំ ប៉ុន្តែអ្នកដែលចង់បានរួចមុន៥ឆ្នាំ ត្រូវធ្វើសំណើមកនាយករដ្ឋមន្រ្តី ឬតាមរយៈរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ រឿងមានតែប៉ុណ្ណឹង។

សេចក្តីស្នើច្បាប់ស្តីពីវិសោនកម្ម ច្បាប់គណបក្សនយោបាយ ត្រូវបានរៀបចំដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីកែប្រែនូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖ បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភាសម្រេចបោះឆ្នោតអនុម័តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ ដែលគេជឿថា នឹងបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន ដែលគោរពត្រឹមត្រូវតាមសាលដីការបស់តុលាការកំពូលនោះ មានសិទ្ធិធ្វើនយោបាយឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរថា សេចក្តីស្នើច្បាប់នេះ ធ្វើឡើងមិនតម្រូវចំពោះតែគណបក្សណាមួយនោះទេ ប៉ុន្តែជាការសម្តៅអនុវត្តចំពោះគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលអាចនឹងកើតឡើងរឿងនេះនៅថ្ងៃណាមួយ។

លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ កាលពីម្សិលមិញ បានប្រឆាំងចំពោះការរៀបចំច្បាប់នេះ។ លោកបានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក​ដោយព្រមានដល់អតីតថ្នាក់ដឹកនាំទាំងអស់ថា នរណាដែលទទួលយកការស្នើផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញនាពេលខាងមុខនេះ គឺជាជនក្បត់នឹងបក្សតែម្តង៕

អត្ថបទដែលជាប់ទាក់ទង