សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ចំពោះខ្សែវីដេអូ ម្ដាយលក់កូន
ភ្នំពេញ៖ សម្ដេចក្រឡាហោម បានថ្លែងថា នៅពេលនេះកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ កំពុងតែបើកការស្រាវជ្រាវ លើកករណីខ្សែវីដេអូមួយ ដែលមានខ្លឹមសារម្ដាយលក់កូន ដើម្បីដឹងថា រឿងនេះជារឿងពិត ឬប្រឌិត។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ឆ្នាំ២០១៨ នៅកោះពេជ្រ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កន្លងទៅនេះមានខ្សែវីដេអូមួយ បានចងក្រងនូវសកម្មភាពមួយអំពី ម្ដាយលក់កូន ឥឡូវនេះ កំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវសិក្សា ពីព្រោះថាយកទៅផ្សាយនៅទូរទស្សន៍ RT តើរឿងនោះជារឿងពិត ឬក៏ជារឿងប្រឌិត។ តែក៏បានព័ត៌មានខ្លះហើយ ពិសេសពីតួអង្គដែលដើរតួក្នុងរឿងនេះ តែយើងត្រូវការប្រភពព័ត៌មានផ្សេងៗទៀត តែមកទល់ពេលនេះព័ត៌មាន យើងទទួលបាន យើងអត់ទាន់ធ្វើការសន្និដ្ឋាន ជាក់លាក់ថាយ៉ាងមិចនោះទេ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ជុំវិញករណីនេះ ខ្ញុំខ្លួនឯងផ្ទាល់ ក៏មិនទាន់ហ៊ានសន្និដ្ឋានថា ពិតកម្រិតណា ឬមិនពិតកម្រិតណានោះទេ ហើយនៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែ បើកការស្រាវជ្រាវ រកអ្នកទទួលខុសត្រូវធ្វើ យ៉ាងយកចិត្ដទុកដាក់នៅឡើយ។
គួររំលឹកថា ខ្សែវីដេអូឯកសារមិនពិតរឿង ម្តាយខ្ញុំ លក់ខ្ញុំ រៀបចំដោយឈ្មោះ រ៉ាត់ រ័ត្ន មុនី និងបានបង្ហោះតាមប្រព័ន្ធយូធូបនិងបណ្តាញសង្គមផ្សេងៗ បានធ្វើឲ្យសាធារណជន មានការយល់ច្រឡំអំពីរឿងហេតុ ដែលមិនមានការកើតឡើងសោះនោះទេ។ ខ្សែភាពយន្តឯកសារដែលមានរយៈពេល២៧នាទី ផ្សព្វផ្សាយដោយទូរទស្សន៍ Russia Today និងបានសង្ខេបមកនៅត្រឹមប្រមាណជាង២នាទី បានផ្តោត លើតួអង្គស្ត្រី៣នាក់ ដែលរួមមានម្តាយនិងកូនស្រីឈ្មោះកែវ ម៉ាឡៃ និងឈ្មោះ ឃៀង ស្រីម៉ិច និងស្ត្រីម្នាក់ទៀត ឈ្មោះ អ៊ុន ស្រីពេជ្រ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ច ក្រុមជំនាញ គេបានសង្ស័យលើការផលិតឯកសារមួយគ្មានការពិត ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយសប្រទេសកម្ពុជានិងស្ត្រីខ្មែរ។ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថាខ្សែវីដេអូនោះ គឺបានបន្ទាបបន្ថោកដល់ស្ត្រីជាមាតា ដែលបានលក់ព្រហ្មចារីកូនស្រីរបស់ខ្លួន។
ក្រោយការស៊ើបអង្កេតនិងមានការបំភ្លឺពីស្ត្រី២នាក់ គឺម្តាយនិងកូនស្រី ឈ្មោះកែវ ម៉ាឡៃ និងឈ្មោះ ឃៀង ស្រីម៉ិច ការពិតបានបង្ហាញថា ពួកគេបានទទួលលុយចំនួន ២០០ដុល្លារ ជាថ្នូរនឹងការនិយាយកុហកក្នុងភាពយន្តឯកសារនេះ។ កញ្ញា ឃៀង ស្រីម៉ិច ក្រោយមកក៏បានបង្ហោះវីដេអូបកស្រាយក្នុងបណ្តាញសង្គមហ្វេសប៊ុកដែរថា សកម្មភាពរបស់នាងក្នុងភាពយន្តឯកសារនោះ គ្រាន់តែជាការសម្តែង មិនមែនជាការពិតឡើយ ហើយពាក្យសម្តីដែលនាងនិងម្តាយនាងនិយាយទាំងប៉ុន្មាន សុទ្ធតែទន្ទេញតាមអត្ថបទរៀបចំដោយឈ្មោះ រ៉ាត់ រ័ត្នមុនី តែប៉ុណ្ណោះ ។ យោងតាមស្ត្រីជាម្តាយនិងកូន បានប្រាប់សមត្ថកិច្ចថា ឈ្មោះ រ៉ាត់ រ័ត្នមុនី បានប្រាប់ពួកគេទាំង២ថា ការថតនោះ គឺក្នុងរឿង ប្រទេសខ្មែរ ក្រោយរបបប៉ុលពត ។ ក្នុងការល្បួងឲ្យពួកគេថតរឿងនោះទៀត ក៏មានជនបរទេស៤រូប ដែលបានជួយថតនិងរៀបចំឈុតឆាកឲ្យទាំងអស់ ។ ម្តាយនិងកូនស្រីឈ្មោះ កែវ ម៉ាឡៃ និងឈ្មោះ ឃៀង ស្រីម៉ិច បានស្នើឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌អោយពួកគេដើម្បីភាពស្អាតស្អំ។
សេចក្តីរាយការណ៍បានបង្ហាញថា ខ្សែភាពយន្តដែលកុហកថារឿង ប្រទេសខ្មែរ ក្រោយរបបប៉ុលពត នោះ បានកែចំណងជើងក្លាយជារឿង ម្តាយខ្ញុំ លក់ខ្ញុំ ដែលបង្កអោយមានការយល់ច្រឡំពីសាធារណជន។ ឈ្មោះ រ៉ាត់ រ័ត្នមុនី និងភរិយា ឈ្មោះឡុង គឹមហ៊ាង ក្នុងពេលដែលខ្សែភាពយន្តឯកសារមិនពិតនេះបានបង្ហោះក្នុងបណ្តាញសង្គម និងធ្វើឲ្យមានការផ្អើលពីសាធារណជននោះ ពួកគេក៏បានភៀសខ្លួនចេញទៅប្រទេសថៃ ដើម្បីធ្វើការរកគេចខ្លួនចេញទៅរកប្រទេសទី៣។ អាជ្ញាធរកម្ពុជា បានស្វែងរកកិច្ចសហប្រតិបត្តិការពីអាជ្ញាធរថៃ ដើម្បីស្នើសុំឱ្យភាគីថៃបញ្ជូនលោក រ៉ាត់ រ័ត្នមុនី ដើម្បីធ្វើការសាកសួរអំពីការពិតក្នុងការផលិតវីដេអូរឿង ម្តាយខ្ញុំ លក់ខ្ញុំ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា យោងតាមការស្រាវជ្រាវនិងសាក្សីបានរកឃើញថា គឺមានតែឈ្មោះ រ៉ាត់ រ័ត្នមុនី តែម្នាក់នោះទេ ដែលអាចបំភ្លឺក្នុងរឿងនេះបាន ទើបអាជ្ញាធរកម្ពុជាបានស្នើរកការកិច្ចសហប្រតិបត្តិការពីអាជ្ញាធរថៃនោះ។
សមត្ថកិច្ចនគរបាលកម្ពុជាបានរំពឹងថា ថៃដែលតែងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយនឹងកម្ពុជា នឹងប្រគល់ជនសង្ស័យ រ៉ាត់ រ័ត្នមុនី នេះ អោយសមត្ថកិច្ចកម្ពុជា នាពេលខាងមុខនេះ ដើម្បីស្វែងរកយុត្តិធម៌ដល់ស្ត្រីជាម្តាយនិងកូនស្រីទាំង២នាក់នេះ។
ភាពស្វះស្វែងរកយុត្តិធម៌របស់សមត្ថកិច្ចចំពោះស្រី្តរងគ្រោះទាំង២ ត្រូវបានស្ត្រីជាភរិយា ជនសង្ស័យឈ្មោះ ឡុង គឹមហ៊ាង បានចោទថា គឺជាអំពើអយុត្តិធម៌ចំពោះប្តីរបស់គាត់។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍បដិសេធ។ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ផ្ទុយទៅវិញ «នោះគឺជាការរកយុត្តិធម៌ អោយប្តីរបស់គាត់នោះទៅវិញទេ។ ប្តីគាត់បានគេចខ្លួនមិនព្រមចូលមកបំភ្លឺសមត្ថកិច្ច។ យើងត្រូវតាមរកប្តីរបស់គាត់ដើម្បីចូលមកបំភ្លឺក្នុងរឿងនេះ។ យើងមិនមែនយកប្តីរបស់គាត់មកធ្វើទារុណកម្មនោះឡើយ។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា ក្នុងនាមជាសមត្ថកិច្ច គឺយើងមានកិច្ចខិតខំប្រឹងប្រែងខ្លាំងណាស់។ វិធានការណ៍និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការជួញដូរមនុស្ស គឺបាននិងកំពុងតែអនុវត្តយ៉ាងសកម្ម។ រាជរដ្ឋាភិបាលថែមទាំងបានបង្កើតដល់គណៈកម្មការជាតិប្រឆាំងការជួញដូរមនុស្សនេះទៀតផង ដែលជាយន្តការថ្នាក់ជាតិមួយដែលបានដាក់ចេញនូវគោលនយោបាយជម្រុញអោយកម្លាំងអនុវត្តច្បាប់។
នៅជាមួយគ្នានេះផងដែរ វិទ្យុខ្មែរមួយនៅក្រៅស្រុកមួយ បានសម្ភាសន៍ជាមួយនឹងតួអង្គស្រីម្នាក់ទៀត ឈ្មោះ អ៊ុន ស្រីពេជ្រ ដែលអះអាងវីដេអូដែលផលិតនោះ គឺជាសាច់រឿងពិតរបស់នាង។ តាមរយៈនោះទៀត ឈ្មោះអ៊ុន ស្រីពេជ្រ បានទទួចសុំអោយអាជ្ញាធរកម្ពុជា ទម្លាក់ចោលការចោទប្រកាន់បញ្ឈប់ការចង់ចាប់ខ្លួនជនសង្ស័យ រ៉ាត់ រ័ត្នមុនី។ មន្ត្រីសមត្ថកិច្ចនគរបាលបានថ្លែងថា ក្នុងរឿងទាក់ទងនឹងឈ្មោះ អ៊ុន ស្រីពេជ្រនោះ នគរបាលបានព្យាយាមស្វែងរកការបំភ្លឺផងដែរ ប៉ុន្តែមិនអាចទាក់ទងបាននោះឡើយ។ សមត្ថកិច្ចបានថ្លែងថា គេកំពុងមានការងឿងឆ្ងល់ដែរថា នារីឈ្មោះ អ៊ុន ស្រីពេជ្រ ដែលអះអាងថា នាងត្រូវគេលក់ខ្លួននោះ ចុះហេតុអ្វីបានជាស្ត្រីនោះ មិនមកប្ដឹងកម្លាំងសមត្ថកិច្ចដើម្បីឲ្យជួយរកយុត្តិធម៌? និងហេតុអ្វីបែរជាទៅជាការពារឈ្មោះ រ៉ាត់ រ័ត្នមុនី ដែលជាអ្នកពង្រីករឿងអាស្រូវរបស់ខ្លួននាងនោះទៅវិញ?៕