ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តគ្លីនិកចល័ត ចំនួន២០គ្រឿង ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល​ ដោយប្រទេសចិន

54


ភ្នំពេញ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល គម្រោងរថយន្តគ្លីនិកចល័តនេះ គឺជាជំនួយឥតសំណង របស់​សាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយនៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសុខាភិបាល លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រថយន្តគ្លីនិកចល័ត ចំនួន២០គ្រឿង លើកទីពីរ ជាមួយ លោក ដេង បូហ្គីង (Deng Boqing) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់ការអភិវឌ្ឍន៍ (China International Development Cooperation Agency)។

លោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងការអរគុណ ចំពោះមិត្តចិនជាពិសេស ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ​ដែលតែងតែផ្តល់​ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញឱ្យគម្រោងនានា លេចចេញជារូបរាងយ៉ាងឆាប់រហ័ស ហើយនេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីគម្រោងមួយចំនួន ដែលបាននិងកំពុងអនុវត្ត រួមមាន រថយន្តគិលានសង្គ្រោះចំនួន២០០គ្រឿង ម៉ាស៊ីនអេកូសាស្រ្តចំនួន២០០គ្រឿង ការសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងរថយន្តគ្លីនិកចល័ត ដែលសរុបទាំងពីរលើកចំនួន៤០គ្រឿង។ រថយន្តគ្លីនិកចល័តទាំង២០គ្រឿងលើកទីពីរនេះ នឹងប្រគល់ជូនមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកោះកុង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តរតនគីរី ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តកែប ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។

លោក រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ កើតមានឡើងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រពេញទំហឹងរបស់ លោក ស៊ី ជឹងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងគំនិតផ្តួចផ្តើមខ្សែ ក្រវ៉ាត់ និងផ្លូវ ប្រជាជន និងប្រទេសកម្ពុជានឹងទទួលបានជំនួយថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងនានាមួយចំនួន ដូចជា គម្រោងពង្រឹងសមត្ថភាពមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង និងគម្រោងពង្រីកមន្ទីរពេទ្យព្រះអង្គឌួង ដែលអាចនឹងទទួលបានការអនុម័ត នាពេលឆាប់ៗខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង