ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ មិនយល់ស្រប ការដាក់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន

147

ព្រះសីហនុ ៖ កន្លងមកក៏មានស្នើ​ និងទាមទារពីបុគ្គលមួយចំនួន ដើម្បីដាក់កំពង់ផែនេះឲ្យនៅក្រោម ការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន ប៉ុន្តែសម្តេចតេជោ មិនយល់ស្របឡើយ ព្រោះជាកំពង់ផែរបស់រដ្ឋ ប្រសិនបើដាក់ឲ្យឯកជនគ្រប់គ្រង គឺអាចនឹងបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់។ សម្តេចតេជោ ហ៊ុន សែន បានខិតខំថែរក្សាការពារកំពង់ផែមួយនេះ រហូតទទួលបានជោគជ័យ មកទល់សព្វថ្ងៃ ដែលកំពុងរកចំណូល ចូលប្រទេសជាតិបានយ៉ាងច្រើន។

នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ កំពង់ផែពហុបំណងដែលបាន កសាងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គិតជាទឹកប្រាក់ប្រមាណ ៧៤លានដុល្លារអាមេរិក។ កំពង់ផែនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីបម្រើ និងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំង ឆ្លងកាត់ទំនិញដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។

ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមាន៖ ចំណតផែទំនិញរាយប្រវែង៣៣០ ម៉ែត្រជម្រៅទឹក១៣,៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទាន មានទឹកប្រាក់សរុបចំនួន ប្រមាណ៧៤លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អអន្តរជាតិជប៉ុន(JICA) ក្នុងក្របខ័ណ្ឌ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែពហុបំណង កំពង់ផែក្រុងព្រះសីហនុ រួមជា មួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋា ភិបាលជប៉ុនតាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការផ្តល់ហិរញ្ញប្បទាន សម្បទានសាងសង់ ចំណតចំណតផែពហុបំណង នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងការបម្រើ ដល់វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកជញ្ជូនទំនិញ ចេញចូលផ្សេងៗ។

ចំណតផែនេះ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយ ដ៏សំខាន់សម្រាប់ដោះដូរ ផលិតផលកសិកម្មនិងកសិ-ឧស្សាហកម្ម របស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក ដោយបានតភ្ជាប់ ទៅនឹងផ្លូវជាតិលេខ២, លេខ៣, និង លេខ៤ ព្រមទាំងផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានរំលឹកថា កាលពីគឺមុនកំពង់ផែក្រុងព្រះសីហនុនេះ ដឹកទំនិញបានត្រឹមតែ ១ម៉ឺនតោនតែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ កំពង់ផែយើងអាចដឹកទំនិញ បានរហូតដល់ទៅ ៥ម៉ឺនតោន ដែលមានជម្រៅទឹករហូតទៅ១៤ម៉ែត្រ។ ការបង្កើតចំណតកំពង់ផែនេះ គឺកើតឡើងបន្ទាប់មានការចុះហត្ថលេខា រវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការការអភិវឌ្ឍក្នុងកំពង់ផែនេះ លើគម្រោងទឹកប្រាក់ប្រមាណ ២០៣លាន ដុល្លារអាមេរិក។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ រំលឹកពីគុណបំណាច់ ដ៏ធំធេងនៃសមិទ្ធផល ដែលជាស្នាព្រះហស្ថរបស់ សម្តេចព្រះបរមតរនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គ បានបន្សល់ទុកនូវ កំពង់ផែខេត្តព្រះសីហនុនេះ។ ដោយសារសង្រ្គាមអំឡុងឆ្នាំ ១៩៧០ កំពង់ផែនេះ ត្រូវបានទទួលរងនូវការបាត់បង់ខូចខាត ហើយផ្លូវរថភ្លើងមួយចំនួន ក៏បានកាត់ផ្តាច់ផងដែរ។ នៅក្នុងសម័យប្រល័យពូជសាសន៍ប៉ុលពត កំពង់ផែនេះក៏ត្រូវបានបំផ្លិចបំផ្លាញជាបន្តបន្ទាប់ ។ ក្រោយមកដោយសារតែនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺបានប្រែក្លាយកំពង់ផែមួយនេះ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដល់សព្វថ្ងៃនេះ។

មុននឹងបញ្ចប់នូវការថ្លែសុន្ទកថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសារជាថ្មីចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗចាប់តាំងពីឆ្នាំ ១៩៩២មក ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណ ដល់គណៈគ្រប់គ្រងកំពង់ផែ កូនក្មួយកម្មករកម្មការនីទាំងអស់ ដែលកំពុងបំរើការងារនៅកំពង់ផែនេះ ដែលបានរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក បេសសូ ខេនអ៊ិឈិ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានរួមគ្នាអញ្ជើញ បើករបាំងស្បៃមុខសម្ពោធ ចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះ តទៅ៕

    

អត្ថបទដែលជាប់ទាក់ទង