រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន១១៥រូប។
សម័យប្រជុំរដ្ឋសភានាព្រឹកនេះ បានពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ និង សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច។
យោងតាមសេចក្តីថ្លែងហេតុ បានគូសបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបាន ធ្វើឡើងដើម្បីធានាភាពច្បាស់លាស់ អំពីបុគ្គលដែលត្រូវតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ នេះ ស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនាពេលនេះ ដើម្បីថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនូវ ព្រះរាជតួនាទី ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ក្នុងការផ្តល់នីតិសម្បទាឡើងវិញ ចំពោះអ្នកនយោបាយដែលត្រូវបានតុលាការកំពូល សម្រេចហាម ឃាត់ធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា ហើយអ្នកនយោបាយទំាងនោះ មិនបានធ្វើសកម្មភាពណាមួយប្រឆំាងនឹងផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឲ្យប៉ះពាល់ដល់ការណ៍នីតិរដ្ឋ និងសន្តិសុខជាតិ។
តំណាងរាស្រ្ត៨៧រូបបានចុះហត្ថលេខារួមគ្នា ដើម្បីស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនាពេលនេះ។ បន្ទាប់ពីបានពិភាក្សា រដ្ឋសភា បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយសំឡេងព្រមចំនួន១១៥សំឡេង។
បន្តមករដ្ឋសភាបានធ្វើការពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច។ សេចក្តីព្រាងច្បាប់នេះ ជាសេចក្តីព្រាងច្បាប់មួយនឹងជំរុញដល់ សេវាកម្មបរធនបាលកិច្ចនៅកម្ពុជា ដែលជាវិស័យហិរញ្ញវត្ថុមួយថ្មី។ រាជរដ្ឋាភិបាល បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ក្នុងគោលបំណងគ្រប់គ្រង មូលនិធិហិរញ្ញប្បទានឥតសំណង ឬអនុបំណុលដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ ដើម្បីគំាទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុ ហើយបច្ចុប្បន្ននេះ មូលនិធិ ទំាងនេះ កំពុងគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មួយចំនួន។
សេចក្តីថ្លែងហេតុរបស់សេចក្តីព្រាងច្បាប់ បានគូសបញ្ជាក់ថា ដោយពិនិត្យឃើញនូវភាពចំាបាច់នៃវិសាលភាពទូលំទូលាយក្នុងវិស័យបរធនបាលកិច្ច ដែលមិនត្រឹមតែគ្របដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ។ វិស័យបរធនបាលកិច្ចនេះ មានវិសាលភាពគ្រប់ដណ្តប់លើវិស័យ ធានារ៉ាប់រង និងសោធន វិស័យអចលនទ្រព្យ វិស័យមូលបត្រ និងវិស័យផ្សេងៗទៀតក្នុងសេដ្ឋកិច្ចនិងសង្គមផងដែរ៕