ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ប្រឹក្សា​រាជ​ធានី​ ថ្លែងការកោតសរសើរចំពោះការងាររបស់រដ្ឋបាលរាជធានី ទាំងការរកចំណូល ចំណាយ និងសណ្តាប់ធ្នាប់សាធារណៈ

87

ភ្នំពេញ៖ ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ លោក​ ម៉ប់​ សារិន​ បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ  ពិសេសការរកចំណូល ចំណាយ និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ។

   ការថ្លែងការកោតសរសើររបស់ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើក​ទី​៥៥​ អាណត្តិ​ទី​២​​ របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ កាលពីព្រឹកថ្ងៃទី១៣ធ្នូ២០១៨នៅសាលារាជធានីភ្នំពេញ ក្រោម​អធិបតីភាពរបស់លោក​ ម៉ប់​ សារិន​ ប្រធាន​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​ និង​លោក​ កើត​ ឆែ​ អភិបាល​រងរាជធានីភ្នំពេញ​ តំណាង​លោក​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ ។
  កិច្ចប្រជុំនេះមានរបៀប​វារៈ​ចំនួន៦ ក្នុងនោះក៏មានការប្រកាស​ទទួល​ស្គាល់ សមាជិកក្រុមប្រឹក្សាថ្មី១រូបផងដែរ ខណៈដែលសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញចាស់សុំលាឈប់សំរាកពីមុខតំណែង។ ក្នុងនោះត្រូវបានប្រកាស​ទទួល​ស្គាល់លោក ប៊ី ប្រេម សមាជិកបំរុងក្រុមប្រឹក្សារាជធានីភ្នំពេញជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជំនួសលោកសួន រិនឌី ដែលបានសុំលាឈប់សំរាកពីមុខតំណែង។
   ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន ក្នុងឱកាសនៃកិច្ចប្រជុំនេះបាន ជម្រុញអោយ  លេខាធិការដ្ឋាន សហការជាមួយគ្រប់ទីចាត់ការពាក់ព័ន្ធ របស់រដ្ឋបាលរាជធានីដើម្បី គ្រោងធ្វើរបាយការណ៍មួយដែលមានភាពម្ចាស់ការ នៅពេលយើងមុននឹងចប់អាណត្តិ យើងអាចឆ្លងរបាយការណ៍នេះ ដើម្បីរាយការណ៍ទៅថ្នាក់លើផង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញផង។ ចំណែកការិយាល័យច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ត្រូវ
ធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងាររបស់ខ្លួននៅកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៥៦ ខែក្រោយ ថាតើការងារបានឈានដល់ចំណុចណានិងមានបញ្ហាប្រឈមអ្វីខ្លះ។
  លោកម៉ប់ សារិន បានមានប្រសាសន៍ទៀតថា លទ្ធផលប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គិតត្រឹមខែ១១ឆ្នាំ២០១៨នេះ បានស្ទើតែគ្រប់ចំនួនទៅហើយ ដោយក្នុងនោះយើងបានចំណាយចំនួន៧២ភាគរយ យើងរកចំណូលបាន១១០ភាគរយ ស្មើនឹងប្រមាណ២០០លានដុល្លារ ខណៈដែលឆ្នាំ២០១៧កន្លងមកនេះយករកចំណូលបានប្រមាន១៧០លានដុល្លារប៉ុណ្ណោះ ។ លោកប្រធានក្រុមប្រឹក្សាក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំង
ចំពោះការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេងជាអភិបាលពិតជាបានអនុវត្តការងាររស់ខ្លួនល្អប្រសើរ។
  លោក​ កើត​ ឆែ​ អភិបាល​រងរាជធានីភ្នំពេញ​ ក្នុងកិច្ចប្រជុំនោះបានលើកឡើងពីការងារសំខាន់ៗមួយចំនួនដែលរដ្ឋបាលរាជធានីបាននឹងកំពុងអនុវត្ត ដូចជាបញ្ហា សណ្តាប់ធ្នាប់សាធារណៈជាដើម ។លោកបញ្ជាក់ថា នៅតំបន់កាំកូស៊ីធី ពីមុនមានការកកស្ទះចរាចរខ្លាំង តែក្រោយពី យើងសម្រេចយករង្វង់មូលចេញ ឃើញថា ការកកស្ទះចរាចរណ៍ត្រូវបានដោះស្រាយទៅល្អមួយកម្រិត ប៉ុន្តែបែរជាទៅស្ទះចរាចរណ៍នៅលើផ្លូវម៉ុង ឬទ្ធីពិសេសច្រកចូលផ្សារអុី អន២ ខណ្ឌសែនសុខ ពោលគឺស្ទះខ្លាំងតែម្តង ពិសេសនៅថ្ងៃបុណ្យទាន ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំដោះស្រាយជាបន្ទាន់ជាមួយរដ្ឋបាលខណ្ឌសែន សុខ និងមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង