ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ពិជ័យ​សេនា ​​ពិនិត្យ​​ការ​សាង​សង់​ ​និង​ការ​រៀប​ចំ​ប្រារព្ធ​ខួប ​ទិវា​នយោបាយ​ឈ្នះឈ្នះ​ នៅ​វិមាន​ឈ្នះឈ្នះ​

62

ភ្នំពេញ៖ នៅ​​រាត្រី​​ថ្ងៃ​​ពុធ ​​ទី១២​​​ ខែធ្នូ ឆ្នាំ២០១៨នេះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​បន្ទាន់​លើ​ដំណើរ​ការ​សាង​សង់​ និង​ការ​រៀប​ចំ​ប្រារព្ធ​​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ ដែល​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ នៅ​វិមាន​ឈ្នះឈ្នះ នា​ថ្ងៃ​ទី​២៩​-​៣០​-​៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​។នេះបើតាមការផ្សាយរបស់វេបសាយក្រសួងការពារជាតិ នៅថ្ងៃទី១៣ខែធ្នូនេះ។

សម្ដេច​ពិជ័យ​សេនា ​បាន​ពិនិត្យ​លើ​ការ​ងារ​គ្រប់​ផ្នែក​ ដែល​ត្រូវ​ជំរុញ​ឲ្យ​ការ​ប្រារព្ធ​ពិធី​ដំណើរ​ទៅ​បាន​រលូន​ ទាំង​ផ្នែក​អាង​ទឹក ​រូប​ចម្លាក់ ​សំណង់​ជា​ដើម ​ព្រោះ​ការ​ប្រារព្ធ​ពិធី​កាន់​តែ​គៀក​ថ្ងៃ​ហើយ ​ដូច្នេះ​បើ​ទោះ​បី​​ជា​មមា​ញឹក​យ៉ាង​ណា ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​ឆ្លៀត​ចុះ​ទៅ​តាម​ដាន ​និង​សិក្សា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ខាង​ក្រៅ​ ខាង​ក្នុង​ ដែល​ប្រមូល​ផ្ដុំ​ផ្ដោត​ទៅ​លើ​ខ្លឹម​សារ​សំខាន់​ៗ​​ ដែល​ត្រូវ​បង្ហាញ​ និង​បញ្ជាក់​ជូន​សាធារណៈ​ជន​ នៅ​ក្នុង​ឱកាស​ប្រារព្ធ​​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០ ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ​។ បន្ថែម​ពី​នេះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ណែនាំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ ការ​ងារ​ពិធីការ ​និង​ការ​ធានា ​ដើម្បី​ចាត់​ចែង​ធ្វើ​ជា​បន្ទាន់​នូវ​អ្វី​ដែល​នៅ​សេស​សល់​ ឲ្យ​បាន​ឆាប់​រហ័ស​ដោយ​តម្រូវ​ឲ្យ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥​-​១​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ដើម្បី​បន្ដ​ទៅ​ដំណាក់​កាល​ចុង​ក្រោយ​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​កាន់​ក្រុមកា​រ​ងារ​បច្ចេកទេស​ថា​៖ ដើម្បី​ពន្លឿន​ការ​ងារ​ឲ្យ​រួច​រាល់​តាម​ពេល​កំណត់ ​គឺ​ក្រុម​ការ​ងារ​នឹង​ត្រូវ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់ ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ ​។

នៅ​​ព្រឹក​​ថ្ងៃ​ដដែល នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​រៀប​ចំ​ប្រជុំ​ត្រួត​ពិនិត្យ​ការ​ងារ​ត្រៀម​រៀប​ចំ​គ្រប់​ផ្នែក ​សម្រាប់​ពិធី​សម្ភោធ​វិមាន​ឈ្នះឈ្នះ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះឈ្នះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​​ឈ្នះឈ្នះ ។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះដែរ​ បាន​តាម​ដាន​របាយ​ការណ៍​សង្ខេប​ អំពី​​លទ្ធផល​​ការ​​ងារ​​ដែល​បាន​រាយការណ៍​ដោយ​ លេខាធិការ​ដ្ឋាន​ គណៈ​កម្មការ​អន្តរ​ក្រសួង ​របាយ​ការណ៍​របស់​អនុគណៈកម្មាធិការ​ពិធី​ការ​ របាយ​ការណ៍​សង្ខេប​ អនុគណៈ​កម្មការការ​រៀប​ចំ​ពិព័រណ៍ សកម្មភាព​កីឡា ​និង​ពិធី​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​ របាយ​ការណ៍​របស់​អនុគណៈកម្មការ​រៀប​ចំ​ផែន​ និង​បាញ់​កាំ​ជ្រួច​ របស់​អនុគណៈកម្មការ​រៀប​ចំ​ខ្លឹម​សារ ​រៀប​ចំ​ផ្ទាំង​ទស្សនីយ​ភាព​ និង​របាយការណ៍​របស់​អនុគណៈ​កម្មការ​រៀប​ចំការ​ងារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​សង្រ្គោះ​​បន្ទាន់​។​ កិច្ច​ប្រជុំ​នា​ពេល​នោះ​ ក៏​បាន​ពិភាក្សា​ទៅ​លើ​សកម្មភាព​ការ​ងារ​ទៅ​តាម​ផ្នែក​នីមួយៗ​យ៉ាង​ល្អិត​ល្អន់ ​ដូច​ជា​ការ​រៀប​ចំ​ផែន​ឈរ ​រៀប​ចំ​ស្តង់​តាំង​ពិព័រណ៍​ទំនិញ​ផ្សេង​ៗ ​ការ​រៀប​ចំ​បាញ់​កាំ​ជ្រួច​ ព្រ​មទាំង​បាន​ឆ្លង​ ស្ពត​សម្រាប់​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍ ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ផ្សេងៗ ​ដើម្បី​អោយ​មហាជន​បាន​មក​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​ពិធី​សម្ពោធ​នេះ​។​

ក្នុង​កិច្ច​ប្រជុំ​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​​ឈ្នះឈ្នះ​ និង​អបអរ​សាទរ​ខួប២០​ឆ្នាំ នៃ​ទិវានយោបាយ​ឈ្នះឈ្នះនេះ គឺ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ជា​ពិសេស​ការ​រៀប​ចំ​បាញ់​កាំ​ជ្រួច​នៅ​វិមាន​​ឈ្នះឈ្នះ​ នា​យប់​រយៈ​ពេល​​៣​​ថ្ងៃ ឆ្លង​ឆ្នាំ​សាកល​ ក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ ​ដ៏ធំ​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ថា​៖ ការ​សាង​សង់​វិមាន​ឈ្នះឈ្នះ​ ​គឺ​បាន​កសាង​ឡើង​ដោយ​ស្នា​ដៃ​កូន​ខ្មែរ​ទាំង​អស់​។ សម្ដេច​ពិជ័យ​សេនា​បាន​សំណូម​ពរ​ ឱ្យ​អនុគណៈ​កម្មការ​នីមួយ​ៗ​ ត្រូវ​បន្ត​ការ​សហការ​គ្នា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​​ឈ្នះឈ្នះ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះឈ្នះ​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ ​ដើម្បី​អបអរ​សន្តិភាព ​និង​សមិទ្ធផល​ ដែល​ព្រះ​ជា​ណាចក្រ​កម្ពុជា​ ទទួល​បាន​ក្នុង​រយៈ​ពេល២០​ឆ្នាំ​កន្លង​មក​នេះ ​៕

អត្ថបទដែលជាប់ទាក់ទង