ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋអាចរាយការណ៍ដោយផ្ទាល់ ពីផ្លូវជង្ហុកសំបុកមាន់ ទៅកាន់អាជ្ញាធរដើម្បីជួសជុលបានទាន់ពេលវេលា

100

ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដោយមានការចូលរួមពីក្រសួងសា្ថប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីថែទាំផ្លូវនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង រវាងអ្នកប្រើប្រាស់ផ្លូវថ្នល់ និងក្រុមការងារជួសជុលថែទាំផ្លូវ បង្កើនទំនួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច លើកកម្ពស់គុណភាពផ្លូវ ពង្រីកការចូលរួមពីសាធារណជន បណ្ដុះស្មារតីស្រឡាញ់ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការលើទ្រព្យសម្បត្តិទាំងនោះ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីថែទាំផ្លូវនេះ ប្រជាពលរដ្ឋអាចរាយការណ៍ ពីស្ថានភាពផ្លូវជង្ហុកសំបុកមាន់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយគ្រាន់តែប្រើកម្មវិធីនោះ ថត បន្ទាប់មកបញ្ជូនរូបភាព ឬវីដេអូឃ្លីប ទៅកាន់ក្រុមការងារទទួលបន្ទុកជាការស្រេច ដើម្បីមានវិធានការ ជួសជុលបានទាន់ពេលវេលា។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីថែទាំផ្លូវនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយផ្លូវជង្ហុកសំបុកមាន់ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រកបដោយសុវត្ថិភាព ជាពិសេសជាងនេះទៅទៀត វាបង្ហាញពីការរីកចម្រើននៃអរិយធម៌ខ្មែរនាបច្ចុប្បន្ន តាមការរីកចម្រើនវិស័យព័ត៌មានវិទ្យានេះ។

សូមបញ្ជាក់ថា៖ កម្មវិធីថែទាំផ្លូវ ត្រូវបានបង្កើតឡើងដោយស្នាដៃកូនខ្មែរយើងផ្ទាល់ ដែលជាមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយកម្មវិធីនេះត្រូវបានដាក់បញ្ចូលទៅកាន់ Play Store និង App Store ដែលអាចឱ្យប្រជាពលរដ្ឋទាញយកកម្មវិធី មកប្រើប្រាស់នៅលើទូរសព្ទដៃស្មាតហ្វូនបាន ដោយមិនចាំបាច់ចំណាយប្រាក់។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងដែលបានប្រើប្រាស់អស់ពីកម្លាំងកាយ និងចិត្ត ព្រមទាំងពេលវេលា ផ្ដួចផ្ដើមឱ្យមានកម្មវិធីនេះឡើង និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ទាញយកកម្មវិធីនេះមកប្រើនៅលើទូរសព្ទស្មាតហ្វូនរបស់ខ្លូន ចូលរួមយ៉ាងសកម្មក្នុងការរាយការណ៍អំពីផ្លូវជង្ហុកសំបុកមាន់ និងតាមដានការវិវឌ្ឍនៃរបាយការណ៍របស់ខ្លួន ថាតើផ្លូវជង្ហុកសំបុកមាន់នោះបានជួសជុលរួចហើយឬនៅ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យមន្ត្រីទទួលបន្ទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់រក្សាទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតជាមួយប្រជាពលរដ្ឋ និងរាយការណ៍ត្រឡប់ទៅវិញភ្លាមៗក្រោយពីបានជួសជុលរួច៕

អត្ថបទដែលជាប់ទាក់ទង