ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍អឺរ៉ុបផ្តល់ទឹកប្រាក់ ៨៧លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍វិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន

143


កណ្តាល៖ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានរួមគ្នាប្រកាសជាផ្លូវការ​ស្តីពីជំនួយហិរញ្ញប្បទានឥតសំណង ពីសហគមន៍អឺរ៉ុប ដែលមានទឹកប្រាក់សរុប ៨៧លានអឺរ៉ូ ដែលគ្រោងនឹងចុះហត្ថលេខា ក្នុងពេលឆាប់ៗនេះ សម្រាប់អភិវឌ្ឍន៍វិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន CAPFISH – Capture។

នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញនៃរដ្ឋបាលជលផល បានអញ្ជើញចុះពិនិត្យការប្រមូលផលត្រី នៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល។

យោងលើសេចក្តីជូនដំណឹងស្តីពីរដូវធ្វើប្រហុក ផ្អក របស់រដ្ឋបាលជលផល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ បានជម្រាបជូនប្រជានេសាទថា ឆ្នាំនេះកំពស់ទឹកទន្លេសាបស្រកចុះលឿនជាងឆ្នាំកន្លងមក ជាហេតុធ្វើឲ្យដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រី បានក្នុងខែមិគសិរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ខែធ្នូ ។ លោករដ្ឋមន្រ្តីបានអំពាវនាវដល់ប្រជានេសាទនៅទីជិត ឆ្ងាយអញ្ជើញមកធ្វើប្រហុក ផ្អកទុកបរិភោគក្នុងគ្រួសារ។

បន្ទាប់ពីបានពិនិត្យការប្រមូលផលត្រីរួចមកលោករដ្ឋមន្ត្រី លោកឯកអគ្គរដ្ឋទូត និងសហការី បានបន្តដំណើរទៅពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្តោ របស់លោក ឡោ ស្រៀង នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលចិញ្ចឹមលើផ្ទៃប្រមាណ៤ ហិកតា។ កសិដ្ឋាននេះដំណើរការបាន ៣ឆ្នាំហើយ មានលទ្ធភាពផ្គត់ផ្គង់ត្រីឆ្តោទៅទីផ្សារប្រមាណជា ៥០០តោនក្នុង១ឆ្នាំ។ សូមបញ្ជាក់ផងដែរថា តាំងពីរាជរដ្ឋាភិបាលសម្រេចអនុញ្ញាត ឲ្យមានការចិញ្ចឹមត្រីឆ្តោឡើងវិញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពិនិត្យឃើញថា ការចិញ្ចឹមត្រីឆ្តោកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺរហូតដល់ជាង ៦០ពាន់តោនក្នុងឆ្នាំ២០១៨នេះ។ បរិមាណនេះបានចូលរួមចំណែកកាត់បន្ថយការនាំចូលពីប្រទេសជិតខាង កាត់បន្ថយការចាប់ត្រីពីប្រភពធម្មជាតិ លើកកម្ពស់ផលិតភាពវារីវប្បកម្ម និងបង្កើនប្រាក់ចំណូល។

នាឱកាសនេះផងដែរ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតបានរួមគ្នាប្រកាសជាផ្លូវការ ស្តីពីជំនួយហិរញ្ញប្បទានឥតសំណងពីសហគមន៍អឺរ៉ុប ដែលមានទឹកប្រាក់សរុប ៨៧លានអឺរ៉ូ ដែលគ្រោងនឹងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ សម្រាប់អភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន CAPFISH – Capture។ មិនត្រឹមតែប៉ុណ្ណោះ កាលពីខែវិច្ឆិកាកន្លងទៅ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលក្នុងនោះមួយមានចំនួនទឹកប្រាក់ ២៥ លានអឺរ៉ូ សម្រាប់កម្មវិធីជំរុញវិស័យជនផលប្រកបដោយចីរភាព និងបរិយាប័ន សំដៅដល់ការអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ទាំងទឹកសាប និងសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង