ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយុវជនយល់ឃើញថា បច្ចុប្បន្នការផ្សព្វផ្សាយ អូសទាញឲ្យសេពគ្រឿងស្រវឹង មានភាពផុសផុលយ៉ាងខ្លាំង

164


ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសុខភាព រៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្ដីអំពី ផលប៉ះពាល់នៃគ្រឿងស្រវឹង ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយផលអវិជ្ជមានដែលប្រជាពលរដ្ឋកម្ពុជា កំពុងទទួលរងពីគ្រឿងស្រវឹង។ ក្រុមយុវជនមើលឃើញថា នាពេលបច្ចុប្បន្នការផ្សព្វផ្សាយអូសទាញឲ្យសេពគ្រឿងស្រវឹងមានភាពផុសផុលយ៉ាងខ្លាំង ក៏ប៉ុន្តែការអប់រំ និងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងនៅមានភាពខ្វះខាត។
សន្និសីទសារព័ត៌មានស្ដីអំពី ផលប៉ះពាល់នៃគ្រឿងស្រវឹង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨ នៅសាកលវិទ្យាល័យធនធានមនុស្ស។

ទាក់ទងនឹងឥទ្ធិពលនៃការប្រើប្រាស់គ្រឿងស្រវឹង លោក ណាល់ វិឆៃ បានថ្លែងថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានលក្ខណៈអូសទាញ ពង្វក់ស្មារតី បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងយុវជនដែលជាសសរទ្រូងជាតិ ឈ្លក់វង្វេងនឹងការសេពគ្រឿងស្រវឹង ធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ គ្រឿងស្រវឹងមិនត្រឹមតែបង្កផលប៉ះពាល់ ដល់បុគ្គលដែលសេពប៉ុណ្ណោះទេ វាក៏បង្កផលប៉ះពាល់ដល់ក្រុមគ្រួសារ និងសង្គមជាតិ ដែលស្ដែងឡើងតាមរយៈភាពក្រីក្រ ជំងឺរ៉ាំរ៉ៃ អំពើរហិង្សា និងគ្រោះថ្នាក់ចរាចរជាដើម។ កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹង ក៏ប៉ុន្តែការអនុម័តច្បាប់នេះ ត្រូវបានបន្លាយពេលរហូតមកដល់បច្ចុន្ន។ សេចក្ដីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹងនោះ គឺផ្តោតទៅលើការដំឡើងពន្ធគ្រឿងស្រវឹង ការផ្សាយពាណិជ្ជកម្ម ការកំហិតកន្លែងលក់ និងអាយុអ្នកសេពគ្រឿងស្រវឹងជាដើម។
លោក ណាល់ វិឆៃ បាន​បញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរមួយចំនួន បានឧបត្ថម្ភដល់អ្នកប្រដាល់ អ្នកទាត់បាល់ ជាដើម ក្នុងបំណងមិនរកប្រាក់ចំណេញ និងជួយសង្គម ហើយពួកគេធ្វើបែបនេះដើម្បីបង្ហាញថាក្រុមហ៊ុនរបស់គេបានជួយដល់សង្គម ។ “ខ្ញុំបានជួយដល់សង្គមច្រើនណាស់ បើសិនអ្នកឯងបិទក្រុមហ៊ុនរបស់ខ្ញុំម៉េចកើត គឺធ្វើយ៉ាងម៉េចកើត ព្រោះខ្ញុំបានជួយសង្គមច្រើនណាស់ ” យុវជន ណាល់ វិឆៃ បញ្ជាក់បន្ថែមដូច្នេះ។

យុវជន ណាល់ វិឆៃ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹង បានចេញជាយូរហើយ ហើយពួកខ្ញុំបានសំណូមពរដល់រាជរដ្ឋាភិបាល ឆាប់ចេញច្បាប់នេះជាផ្លូវការ ហើយនិងជំរុញដល់យុវជនទាំងអស់ ចូលរួមជួយផ្សព្វផ្សាយនិងបំផុស ដើម្បីឲ្យបានដំណឹងនេះ ទៅដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ។ យុវជនរូបនោះ បានយល់ឃើញថា គ្រឿងស្រវឹងពិតជាបង្កផលប៉ះពាល់ដល់អ្នកពិសាយ៉ាងពិតប្រាកដមែន ប៉ុន្តែរឿងប្រាក់ចំណូលពីគ្រឿងស្រវឹង បានចូលទៅក្នុងបា្រក់ចំណូលជាតិប៉ុន្មាននោះ គឺខ្ញុំមិនដឹងទេ ហើយក៏គ្មានទិន្នន័យរបស់ស្រុកយើងបានបង្ហាញជាសាធារណៈ ឬក៏លើវេបសាយរបស់ក្រុមហ៊ុនស្រាបៀរដែរ ប៉ុន្តែនៅស្រុកគេវិញ បើយើងចូលមើលក្នុងវេបសាយរបស់ជាតិ ឬក្រុមហ៊ុនស្រាបៀរ គេមានដាក់បង្ហាញដើម្បីឲ្យប្រជាពលរដ្ឋបានដឹងនិងឃើញថា ប្រាក់ចំណូលបានចូលមកជាតិ ពីការយកពន្ធរបស់ក្រុមហ៊ុនស្រាបៀរ។

“ក្នុងនាមជាយុវជនម្នាក់ដែលធ្វើជាគំរូគេ ខ្ញុំមិនពិសានូវគ្រឿងស្រវឹងនៅពេលជួបជុំមិត្តភក្តិ ហើយខ្ញុំនឹងផ្សព្វផ្សាយទៅដល់មិត្តភក្តិ ក្រុមគ្រួសារ ទៅតាមអ្វីដែលយើងអាចធ្វើបាន ហើយតាមពួកខ្ញុំមានហ្វេសប៊ុកផេកនឹងធ្វើការសរសេរនូវសារជាច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងផលប៉ះពាល់នៃគ្រឿងស្រវឹង ជាផ្នែកមួយជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស”។

លោក សុត ស ដែលជាតំណាងរបស់ក្រុមយុវជន បានលើកឡើងថា ក្នុងនាមជាយុវជន យើងមានការមិនពេញចិត្ត ចំពោះការបើកលំហទូលាយហួសហេតុ ដល់ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈគ្រប់រូបភាព នៅក្នុងប្រទេសកម្ពុជា ដូចជា ការផ្សព្វផ្សាយគ្រឿងស្រវឹង ដោយភ្ជាប់ជាមួយនូវមោទនភាពជាតិ បេតិកភណ្ឌជាតិ និងការផ្ដល់រង្វាន់លើកទឹកចិត្ត យ៉ាងគគ្រឹកគគ្រេងផងដែរ។

ចំណែកកញ្ញា ហែម វិជ្ជរ៉ា បានបញ្ជាក់ថា បានបន្ថែមថា តាមរយៈកម្មវិធីសន្និសីទសារព័ត៌មាននេះ យើងខ្ញុំជាក្រុមយុវជនដែលមានការព្រួយបារម្ភ ចំពោះឥទ្ធិពលអាក្រក់នៃគ្រឿងស្រវឹង សូមប្រកាសគាំទ្រ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុម័តច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងស្រវឹង និងអនុវត្តច្បាប់នេះឲ្យបានតឹងរ៉ឹងបំផុត។

លោកបណ្ឌិតធន់ ណុច សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យធនធានមនុស្ស បាន​កត់​សម្គាល់​​ថា ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​កាន់​តែ​កើន​យ៉ាងគំហុក គ្រប់​ទិស​ទី​ទូទាំង​ប្រទេស ហើយ​ស្ទើរ​តែ​គ្រប់​ទីកន្លែង​ ដែល​គេ​អាច​រកទិញ​គ្រឿង​ស្រវឹង​បាន ហើយ​មិនមាន​កំណត់​អាយុ​អ្នក​ទិញ​នោះ​ទេ​។ ទោះ​យ៉ាង​នេះ​ក្តី ដើម្បី​ទប់​ស្កាត់​ការ​ប្រើ​ហិង្សា​ដែលបង្ក​ពី​គ្រឿងស្រវឹង គឺ​គេ​ត្រូវ​តែ​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង ហើយ​ត្រូវ​បង្កើន​ការ​យល់​ដឹង​ អប់រំ ផ្សព្វផ្សាយ ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​។ លោកបញ្ជាក់ថា មានការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង គាស់មួយកំប៉ុងត្រូវមួយកំប៉ុង គាស់ផាច់ព្យាយាមម្តងទៀត ដែលសុទ្ធសឹងជាសារមួយរបស់ក្រុមហ៊ុនស្រាបៀរ ដើម្បីជំរុញទឹកចិត្តដល់អ្នកផឹក។ លោកថា គាស់ផាច់មក ឃើញអក្សរដាក់ថា ផឹកលើសពី១០ប៉ុង ថែមគ្រលៀនមួយ គាស់កំប៉ុងភ្លាម ឃើញរង្វាន់ដាក់ថាផឹកលើសពីកន្លះកេះ ថែមជូនថ្លើមមួយ។ យុវជនទាំងអស់ មានដែលឃើញបែបនេះទេ ។ កម្មវិធីនេះ បានផ្តល់នូវសារមួយដល់យុវជនថាគ្រឿងស្រវឹងបានផ្តល់ផលប៉ះពាល់យ៉ាងច្រើនមែនទែន ចំណែកឯអ្នកធំៗ អ្នកមានអំណាច មួយចំនួន ដែលផឹកសុទ្ធតែស្រាថ្លៃៗ ក៏មានរងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងដល់អ្នកដទៃ ក្នុងពេលដែលបង្កគ្រោះថ្នាក់ចរាចរ។ នៅស្រុកណា ក៏គេផឹកស្រាដែរ គឺផឹកដូចតែគ្នាទេ ប៉ុន្តែគេមានច្បាប់របស់គេល្អ និងស្មារតីនៃការយល់ឃើញរបស់ប្រជាពលរដ្ឋ និងកោសិការសង្គម បានយល់ឃើញពីការផលប៉ះពាល់ ហើយរាល់ពេលដែលគេប្រើប្រាស់គ្រឿងស្រវឹង ដើម្បីចូលរួមជួបជុំមិត្តភក្តិស្វាគមន៍ជាមួយមិត្តភក្តិក្នុងកម្រិតមួយសប្បាយរីករាយ មិនមែនដើម្បីជួបជុំផ្តួលរំលំមិត្តភក្តិទេ។ នៅប្រទេសយើងក៏មានច្បាប់ដែរ ដែលនគរបាលចរាចរណ៍ ធ្វើការផាកពិន័យចំពោះអ្នកផឹកស្រា រហូតដល់ជាតិអាកុលលើសកំណត់។

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ ដែល​ប្រលូក​ក្នុង​កិច្ច​ការ​នេះ បញ្ជាក់ថា ការ​អំពាវ​នាវ​ និង​ការ​អប់រំ ផ្សព្វ​ផ្សាយ គឺជា​រឿង​មួយ ប៉ុន្តែ​ដើម្បី​ឲ្យ​វិធាន​ការណ៍​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺ​ត្រូវ​តែ​មាន​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង​។ ការ​បង្កើន​ពន្ធ​លើ​គ្រឿង​ស្រវឹង​ឲ្យ​កាន់​តែ​ច្រើន​ គឺ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ខ្លះ​ដែរ។ ក៏​ប៉ុន្តែ​ គេ​មិន​ប្រាកដ​ថា លុយ​ចំណូល​ពី​ពន្ធ​នោះ គឺ​អាច​ទូទាំង​នឹង​ការ​ខាត​បង់​ចំពោះ​ការ​ខូច​សុខភាព​ប្រជាជន​បាន​នោះ​ទេ។ ដូច្នេះ​ត្រូវ​តែ​មាន​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង​ ឲ្យ​បាន​ត្រឹម​ត្រូវ។​
សេព​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​នោះ​ទេ​ ថែម​ទាំង​ផ្ដល់​នូវ​គុណវិបត្ដិ​មួយ​ចំនួន​ដល់​សុខភាព​ ប៉ះពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ​ ជា​ពិសេស​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល​បាត់​បង់​ការ​ចង​ចាំ​ វង្វេង​វង្វាន់​អាច​ឈាន​ដល់​កើត​ជំងឺ​វិកល​ចរិត​ ។​ លើស​ពី​នេះ​ទៀត​ ការសេព​សុរា​បង្ក​បញ្ហា​សព្វ​បែប​យ៉ាង​ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ ប្រើអំពើ​ហិង្សា​​​ក្នុង​គ្រួសារ​ បង្ក​ភាព​ចលាចល​ក្នុង​ស្រុក​-ភូមិ​ជា​ដើម​៕

អត្ថបទដែលជាប់ទាក់ទង