ក្រុមហ៊ុនអ្នកឧកញ៉ា លី យុងផាត់ ប្ដឹងចាប់រាស្ត្រម្ចាស់ដី ២ នាក់ដាក់គុក សមត្ថកិច្ច និង តុលាការក្រវីក្បាល
ភ្នំពេញ៖ លោកផែង វណ្ណៈ បានសរសេរក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី១៤ខែធ្នូនេះថា ប្រជាជន ២ នាក់ គឺ លោកស្រី ខាត់ គឹមលាង ភេទស្រី អាយុ ៦៦ឆ្នំា មុខរបរ កសិករ មានអាសយដ្ឋានបច្ចុប្បន្ន ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង លោក ឆាំ សាំង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ យោធា អាសយដ្ឋានរស់នៅបច្ចុប្បន្ន ភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាម្ចាស់ដីទំហំ ២ ហិកតា ដែលមានទីតាំងនៅភូមិ ចំណោទរាម ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ តាមបញ្ជាអាជ្ញាធរខេត្ត ដោយមានបណ្ដឹងពីខាងក្រុមហ៊ុន អ្នកឧកញ៉ា លី យុងផាត់ ។
លោកស្រី ខាត់ គឹមលាង បានអោយដឹងថា ដីលោកស្រី ទិញពីលោក អ៊ឹម វលក្ខណ៍ ស្នងការរងនគរបាលខេត្តព្រះសីហនុ តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ដោយមានអាជ្ញាធរភូមិ ឃុំ បញ្ជាក់ត្រឹមត្រូវ និងមានមេធាវីប្រថាប់ត្រាដឹងលឺទៀតផង ។ បន្ទាប់ពីទិញដី ២ហិកតា នេះរួចមកលោកស្រីបានដាំដើមមៀនចំនួន ១៥០ ដើម និងបានសង់ផ្ទះឈើតូចចំនួន ២ នៅលើដីនោះ ។ ឥឡូវនេះបែរជាខាងក្រុមហ៊ុន ឧកញ៉ា លី យុងផាត់ ប្ដឹងចាប់គាត់ដាក់គុក គឺជារឿងអយុត្តិធម៌ណាស់ ។ ខាងក្រុមហ៊ុនឧកញ៉ា លី យុងផាត់ បានឈូសឆាយដើមមៀនទាំង ១៥០ ដើមចោលអស់ថែមទៀត ។
លោកស្រី បានឲ្យដឹងថា ទោះបីលោកស្រីយកឯកសារត្រឹមត្រូវបង្ហាញសមត្ថកិច្ច និង តុលាការ យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ច និង តុលាការ មិនយកភ្នែកមើលដែរ គឺដឹងតែអនុវត្តតាមពាក្យបណ្ដឹងរបស់តំណាងក្រុមហ៊ុនឧកញ៉ា លី យុងផាត់ យកលោកស្រីម្ចាស់ដីស្របច្បាប់ដាក់គុកតែម្ដង ៕