ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រត់រួច២នាក់ ខណៈឆក់កាបូបនិស្សិតស្រី មិនបានសម្រេចជិះម៉ូតូដួល
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលីសធ្វើការឃាត់ខ្លួន ខណៈធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់មិនបានសម្រេច។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាតទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ណុប សាមុត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ម្តុំទឹកថ្លា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះឈ្មោះ ខន ស្រីលីន អាយុ១៨ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ មួយគ្រឿង ម៉ាក ស៊ុយហ្សូគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-6911 ចេញពីផ្ទះក្នុងគោលបំណងទៅរៀន នៅសកលវិទ្យាល័យ មួយកន្លែងនៅម្តុំវត្តភ្នំ ដោយព្យួរកាបូបទុកនៅមុខម៉ូតូ។ខណៈពេលដែលនាងជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង មួយគ្រឿងម៉ាក ស៊ុយហ្សូគី និច ពណ៌ស មិនចាំស្លាកលេខ, ម៉ូតូ មួយគ្រឿងទៀតម៉ាក ហុងដា Beat ពណ៌ក្រហម មិនចាំស្លាកលេខ។ ចំណែកឯម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពឆក់ ម៉ាក ហុងដា ឌ្រីមសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន។ ភ្លាមៗនោះស្ត្រីរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ហើយបានស្រែកថាចោរៗ ស្របពេលនោះ ក៏មានកម្លាំងនគរបាលប៉ុស្តិ៍ កំពុងល្បាត់ជិះដេញតាមរហូត មកដល់ខាងមុខសង្កាត់ទឹកល្អក់១ ជនសង្ស័យភ័យ ក៏ជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋ ដួលឃាត់ខ្លួនភ្លាមៗ ចំណែកជនសង្ស័យ ២នាក់ទៀតបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ទឹកល្អក់១ យកមកសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធី៕