រាជរដ្ឋាភិបាលបានប្រគល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ បានជាង១៥ម៉ឺនក្បាលដី ក្នុងគម្រោងទិន្នន័យជាង២២ម៉ឺនក្បាលដី
ភ្នំពេញ៖ ដីដែលរាជរដ្ឋាភិបាលបានផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បើគិតមកដល់ពេលនេះមានប្រមាណជាង១៥ម៉ឺនក្បាលដីហើយ ក្នុងគម្រោងទិន្នន័យសរុបជាង២២ម៉ឺនក្បាលដី។
នេះបើតាមការបញ្ជាក់ពី លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងរុយោដីរាជធានីភ្នំពេញ ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួន៥៥៤គ្រួសារ រស់នៅ ៣សង្កាត់ នៃខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ មិថុនានេះនៅសាលាខណ្ឌដូនពេញ។
លោកសារិន វណ្ណា មានប្រសាសន៍លើកឡើងថា គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្តើមនៅខែតុលាឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នគម្រោងចុះបញ្ជីដីធ្លីបាន៦០ សង្កាត់ ក្នុងរាជធានីភ្នំពេញ ។គម្រោងប្រមូលទិន្នន័យសរុបបាន២២៧១៦៤ក្បាលដីនិងចែកជូនប្រជាពលេដ្ឋបាន១៥២២៣០ប័ណ្ណ។
លោកបន្តថា កន្លងមកក្នុងសង្កាត់ទាំងនេះបានចែកប័ណ្ណកម្មសិទ្ធិរួចហើយ។ តំបន់មួយចំនួនត្រូវបានឃ្វៀលចេញ ពីដីសាធារណៈរបស់រដ្ឋ។ រាជរដ្ឋាភិបាលបានធ្វើការប្រទានកម្មជូនប្រជាពលរដ្ឋដែលបានតាំងទីលំនៅបណ្តោះអាសន្នជាយូរមកហើយ។
ជាក់ស្តែងសម្រាប់ពេលនេះ ពោលគឺក្រោយពីបានធ្វើការបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាលដីធ្លី ការបោះពុម្ពប័ណ្ណកម្មសិទ្ធិ កម្មវិធ៏អនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ បានសម្រេចនូវការផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិ១១~១២~១៣ សង្កាត់ស្រះចក ភូមិ១០ សង្កាត់វត្តភ្នំ និងភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
លោក សារិន វណ្ណា បានថ្លែងបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ឋ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ឋភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី និងធានាសុវត្ថិភាពដីធ្លី ។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានអោយរដ្ឋ គិតគូរប្រមូលចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណ:ងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ ។ ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព ។
លោក សារិន វណ្ណា បានអោយដឹងទៀតថា “មុននឹងចេញប័ណ្ណកម្មសិទ្ធិសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ រហូតមកដល់ពេលនេះទើបបងប្អូនទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា កម្មសិទ្ឋិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ ។ ដូចនេះសូមបងប្អូនថែរក្សាប័ណ្ណ អោយបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមបងប្អូនកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះ ទៅចុះបញ្ជីបន្ត ។
លោកអភិបាលរាជធានីភ្នំពេញ បានស្នើដល់ប្រជាជនពិចារណាអោយបានម៉ត់ចត់ ក្នុងករណីបងប្អូនយកប័ណ្ណកម្មសិទ្ឋិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ ។
លោកអភិបាលរាជធានីភ្នំពេញនបានបញ្ជាក់អោយដឹងទៀតថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជ រដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងអោយប្រជាពលរដ្ឋ គ្រប់គ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្ត កាត់បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវ ដោយសារប្រជាពលរដ្ឋ រស់នៅលើដីកម្មសិទ្ធិរបស់រដ្ឋ ហើយរដ្ឋបាលរាជធានីភ្នំពេញ រងចាំការអនុញ្ញតិពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើសម្បទានជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា៕