សម្តេចនាយករដ្ឋមន្រ្តី អំពាវនាវឲ្យប្រជាពលរដ្ឋ មកកម្សាន្តក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង
កោះកុង៖ ជាថ្ងៃទី១ នៃពិធីបុណ្យសមុទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យអញ្ជើញមកកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ឲ្យបានច្រើនកុះករ។
តាមរយៈផេកហ្វេសប៊ុកផ្លូវ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា
រីករាយពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ថ្ងៃទី១នៅខេត្តកោះកុង។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំជាប្រចាំរៀងរាល់ឆ្នាំ តាមខេត្តដែលស្ថិតជាប់នឹងតំបន់ឆ្នេរសមុទ្រ ហើយសម្រាប់ឆ្នាំនេះ ខេត្តកោះកុងត្រូវទទួលរៀបចំ ធ្វើសម្រាប់ពិធីបុណ្យសមុទ្រ លើកទី៧ជុំទី២ ឆ្នាំ២០១៨នេះ។
សម្តេចតេជោ បានលើកឡើងថា ឆ្នាំនេះក៏មិនខុសពីរៀងរាល់ឆ្នាំដែរ ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងពិធីបុណ្យសមុទ្រនេះ គឺមានការតាំងពិព័រណ៍ទំនិញ ផលិតផលក្នុងស្រុក និងក្រៅស្រុក ពិព័រណ៍មុខម្ហូប ភេសជ្ជៈ ព្រឹត្តិការណ៍កីឡា ប្រគំតន្ត្រី ជាមួយនឹងឈុតឆាកសិល្បៈ ផ្សេងៗជាច្រើនទៀត។
ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅថ្ងៃនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកផ្លូវការនៃពិធីបុណ្យសមុទ្រឆ្នាំនេះ។
ដោយសារកម្ពុជា ទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ដូចសព្វថ្ងៃ ទើបយើងមានឱកាស បានប្រារព្ធនូវកម្មវិធីបុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ ក៏ដូចជាពិធីបុណ្យជាតិធំៗជាច្រើនទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបានភាពសប្បាយរីករាយ ជាពិសេសធ្វើឲ្យភ្ញៀវអន្តរជាតិ កាន់តែស្គាល់ពីកម្ពុជា កាន់តែខ្លាំងឡើងបន្ថែមទៀត។
សម្តេចតេជោ បានបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ឲ្យបានច្រើនកុះករ ជាពិសេស សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ការពារសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងបុណ្យសមុទ្រ ក្នុងរយៈពេល៣ថ្ងៃនេះ។ សូមឱ្យប្រជាពលរដ្ឋនិង ភ្ញៀវទេសចរទាំងអស់ ទទួលបាននូវភាពរីករាយ នៅក្នុងឱកាសនៃការចូលរួម ព្រឹត្តិការណ៍បុណ្យសមុទ្រ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឆ្នាំនេះ”៕