ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ជនជាតិបរទេស បានជាង២០ម៉ោង ជនដៃដល់ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាន
បាត់ដំបង៖ កម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជន សង្ស័យចំនួន១នាក់ ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនជាតិបរទេស បានជាង២០ម៉ោង នៅចំណុចភូមិរំចេក ៤សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី១៤ធ្នូ២០១៨ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា
ជនសង្ស័យឈ្មោះ សម្បត្តិ សុគាវណ្ណរាជ ហៅ ចិន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាជនជាតិសិង្ហបូរី កាលពីថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៨ ម៉ោង៤ទៀបភ្លឺ នៅក្នុងបន្ទប់ស្នាក់នៅ បរិវេណមណ្ឌលកុមារកំព្រាសន្តិភាព២ នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងពេលឃាត់ខ្លួន ដកហូសម្ភារជាភស្តុតាងមាន ទូរស័ព្ទដៃចំនួន៦គ្រឿង កុំព្យូទ័រឡេបថបចំនួន២គ្រឿង កាតធនាគារ១សន្លឹក អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក។ ករណីនេះ ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និង វត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕