មិនដឹងរកស៊ីអី មានតែដើរក្នុងផ្សារបុកហោប៉ៅ ប៉ូលីសចាប់បានម្នាក់ដកហូតបានលុយជាង៦០ម៉ឺន
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរធ្វើការឃាត់ខ្លួនបានជាក់ស្តែង ខណៈកំពុងធ្វើសកម្មភាពបុកហោប៉ៅ ស្ត្រីម្នាក់ទៀតយកលុយជាង៦០ម៉ឺន ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨ ម៉ោងប្រហែល៧និង៣០នាទីនៅក្នុងផ្សារដើមគរ ផ្លូវលេខ៣៣៦ ក្រុមទី៥ ភូមិ៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ រ៉េត មុំ ហៅ មុំ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមានលុយខ្មែរចំនួន៦២៥០០០រៀល(ជារបស់ ជនរងគ្រោះ)។ចំណែកជនរងគ្រោះឈ្មោះ ចាន់ រ៉ាវី ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២២៧ ក្រុមទី១០ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីប៉ូលីស ខណ្ឌទួលគោកបានអោយដឹថា នៅមុនពេកកើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោងប្រហែល៧និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះមកផ្សារដើគរក្នុងគោលបំណងទិញផ្លែឈើសែនថ្ងៃសីលធ៌ នៅពេលមកដល់ក្នុងផ្សារដើមគរកន្លែងផ្លែឈើ ក៏បានឈប់ទិញដោយដាក់លុយក្នុងហោប៉ៅអាវ ពេលនោះក៏ត្រូវជនសង្ស័យឈ្មោះរ៉េត មុំ តាមមកឈរអែបជិតរួចធ្វើសកម្មភាពលូកយកលុយរបស់ជនរងគ្រោះដែលដាក់ក្នុងហោប៉ៅអាវបានសំរេច តែ
ក្នុងពេលនោះជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រែកឆោឡោអោយគេជួយអន្តរាគមន៍ចាប់ឃាត់ជនសង្ស័យបានជាក់ស្តែងរួមជាមួយវត្ថុតាង នាំយកមកប្រគល់អោយសមត្ថកិច្ចយើងចាត់ការទៅតាមផ្លូវច្បាប់ ។ ក្រោយពេលឃាត់ខ្លួនបានសមត្ថកិច្វយើងបានធ្វើតេស្តិទឹកនោមជនសង្ស័យរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ឌផល អវិជ្ជមាន គ្មានសារធាតុញៀន ។
បច្ចុប្បន្នជនសង្ស័យឈោះ រ៉េត មុំ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕