បង្ក្រាប អាជីវកម្មរ៉ែមាសខុសច្បាប់ និងប្រើប្រាស់សារធាតុគីមី នៅស្រុករវៀង
ខេត្តព្រះវិហារ ៖ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះបង្ក្រាបសកម្មភាពធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ និងប្រើប្រាស់សារធាតុគីមី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ
ស្ថិតនៅចំណុចព្រៃទទឹង ក្នុងភូមិសាស្ត្រភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
លោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកាពស្រ បានថ្លែងថា ក្រុមការងារ ដោយមានចូលរួម ពីកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធនានា ចុះបង្រ្កាបករណីធ្វើអាជីវកម្មរ៉ែមាស ដោយខុសច្បាប់ និងប្រើប្រាស់សារធាតុគីមី នៅចំណុចខាងលើ ដោយ បានធ្វើការកម្ទេចចោលអាងទឹកចំនួន៣ ដោយក្នុងអាងនីមួយៗ មានទំហំ២ម៉ែត្រការ៉េ ចំនួន២អាង និងទំហំ៣ម៉ែត្រការ៉េ ចំនួន១អាង និង ដកហូតម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង។
លោកបញ្ជាក់ថា ក្នុងពេលសមត្ថកិច្ចចុះទៅដល់ទីតាំងនោះ ម្ចាស់ធ្វើអាជីវកម្មរ៉ែមាស បានរត់គេចខ្លួនបាត់ ។
លោក ហោ ប៊ុនហ៊ួរ បានបន្តថា ការចុះពិនិត្យកន្លែងធ្វើអាជីវកម្មធ្វើរ៉ែមាសនេះ គឺក្រុមការងារបានចុះដល់ទីតាំង ទាំងមានច្បាប់ និងអត់ច្បាប់ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្ម ដោយមិនទាន់មានច្បាប់អនុញ្ញាត សូមទៅធ្វើច្បាប់។
លោកអភិបាលស្រុក បានណែនាំឲ្យប្រជាពលរដ្ឋ អាចបង្កើតជាសហគម និង ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការជីកដីរុករករ៉ែ ជៀសវាងការបាក់ស្រុត ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ហើយជាពិសេសមិនត្រូវប្រើប្រាស់សារធាតុគីមីជាដាច់ខាត៕