សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតី ក្នុងពិធីបើកពិធីបុណ្យសមុទ្រ នៅក្នុងខេត្តកោះកុង
កោះកុង៖ នាវេលាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង។ ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូតនានា,មន្រ្តីរាជរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។
ពិធីបុណ្យសមុទ្រលើកទី៧ជុំទីពីរនៅក្នុងខេត្តកោះកុងឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» អមដោយពាក្យស្លោក «អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ព្រឹត្តិការណ៍នេះ ជាឱកាសមួយដើម្បីពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី»។
ក្រៅពីព្រឹត្តិការណ៍ កីឡា សម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពផ្សេងៗ ដើម្បីជាការទាក់ទាញភ្ញៀវហើយនោះ ក្នុងពិធីបុណ្យសមុទ្រនេះ ក៏មានការតាំងពិព័រណ៍ផលិតផលប្រមាណ ៥០០ស្តង់ផងដែរ។ ផលិតផលនេះមានមកពីតាមក្រសួងស្ថាប័ននានា ក៏ដូចជាមកពីតាមក្រុមហ៊ុននានាទាំងនៅក្នុងប្រទេស និងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ៕
