ការប្រកួតកីឡាតេក្វាន់-ដូ ITFជើងឯក ជាតិឆ្នាំ២០១៨ចាប់ផ្តើមហើយ
ភ្នំពេញ៖ការប្រកួតកីឡាតេក្វាន់ដូITF (International Taekwondo Federation) ជ្រើសរើសជើងឯកថ្នាក់
ជាតិឆ្នាំ២០១៨ចាប់ផ្តើមជាផ្លូវការហើយកាលពីថ្ងៃទី១៤ធ្នូ ។
តាមការគ្រោងទុកការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី១៦ធ្នូ ដែលនេះជាការប្រកួតក្រោមការ ចំណាយរបស់ក្រសួងអប់រំយុវជន និង កីឡា ។
ការប្រកួតឆ្នាំនេះមាន១៦ក្លិបនិងក្រសួង២គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITFចំនួន១៣៦នាក់ ក្នុងកីឡាករ១០៥នាក់ និងកីឡាការិនី៣១នាក់ សហព័ន្ធបានដាក់៤វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនមាន៤ប្រភេទឯកត្តជនបុរស និងឯកត្តជននារីខែ្សក្រវ៉ាត់ក្រោមខ្មៅឯកត្តជនបុរស និងឯកត្តជននារីខែ្សក្រវ៉ាត់ខ្មៅមួយជាន់។ វិញ្ញាសាបច្ចេកទេសពិសេសមាន២ប្រភេទឯកត្តជនបុរស និងឯកត្តជននារី ចំណែកវិញ្ញាសាបច្ចេកទេស ការពារខ្លួនជាក្រុមមាន២ក្រុម៖ ជាក្រុម៣នាក់ (នារីម្នាក់ទល់បុរស២នាក់) ជាក្រុម១នាក់ (បុរសម្នាក់ទល់នារី៣នាក់)។
ចំពោះវិញ្ញាសាប្រយុទ្ធមាន១៣ប្រភេទទម្ងន់ នារីមាន៤ប្រភេទទម្ងន់រួមមាន ក្រោម៤៥គីឡូក្រាមក្រោម៥០គីឡូក្រាម ក្រោម៥៥គីឡូក្រាម និងក្រោម៦០គីឡូក្រាម ដោយឡែកបុរស មាន៨ប្រភេទទម្ងន់រួមមាន ក្រោម៥០គីឡូក្រាម ក្រោម៥៥គីឡូក្រាម ក្រោម៦០គីឡូក្រាម ក្រោម៦៥គីឡូក្រាម ក្រោម៧០គីឡូក្រាម ក្រោម៧៥គីឡូក្រាម ក្រោម៨០គីឡូក្រាម និង៨០គីឡូក្រាមឡើង។ វិញ្ញាសាជាក្រុមបុរស មួយប្រភេទមាន៥នាក់។