ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើកន្លែងសម្រាប់ដាក់អ្នកទោស អនិតិជន ក្នុងខេត្ត កណ្តាល និងអាចដាក់ឲ្យ ប្រើប្រាស់ក្នុងឆ្នាំ២០១៩

143

ភ្នំពេញ៖ នៅថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឲ្យ លោកស្រី Pauline Tamesis តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

លោក វង សូត បានប្រាប់តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាថា ក្រសួងបានរៀបចំទីតាំងថ្មីមួយ សម្រាប់ ដាក់អ្នកទោសជាអនិតិជន ដែលបច្ចុប្បន្ននេះ ពួកគេយ៉ាងហោចណាស់មានជាង ១៤០០នាក់កំពុងជាប់ឃុំឃាំងជាមួយអ្នកទោសដែលជាមនុស្សពេញ វ័យនៅតាមពន្ធនាគារនានា។ កន្លែងសម្រាប់ដាក់អ្នកទោសដែលជាអនិតិជននេះមានទីតាំងក្នុងខេត្ត កណ្តាល និងអាចដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៩ ខាងមុខ។

លោក វង សូត បានលើកឡើងថា បច្ចុប្បន្ននេះ មានក្មេងមិនទាន់គ្រប់វ័យ ឬ ដែលយើងហៅថាអនិតិជនយ៉ាងហោចណាស់ជាង ១៤០០នាក់ កំពុងជាប់ឃុំឃាំងជាមួយអ្នកទោស ដែលជាមនុស្សពេញវ័យនៅតាមពន្ធនាគារនានា ហើយនៅពេលខាងមុខយើងនឹងញែកពួកអោយទៅនៅ កន្លែងផ្សេងដាច់ដោយឡែកពីអ្នកទោសដែលជាមនុស្សពេញវ័យ ដោយក្រសួងសង្គមកិច្ចត្រូវរៀបចំកន្លែង ថ្មីសម្រាប់ពួកគេនៅក្នុងខេត្តកណ្តាល ហើយអាចនឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៩ខាងមុខនេះ។

រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការដាក់អ្នកទោសជាអនិតិជនអោយនៅដាច់ដោយឡែកពីអ្នកទោស ជាមនុស្សពេញវ័យគឺជារឿងសំខាន់ គឺជារឿងដែលយើងត្រូវធ្វើ ព្រោះជាការផ្តល់ឱកាសអោយយើងអាច អប់រំគេបានច្រើន ដើម្បីកុំអោយគេប្រព្រឹត្តបទល្មើសជាថ្មីម្តងទៀតនៅក្រោយការរួចទោសទណ្ឌ ឬក្រោយ ការចាកចេញពីមណ្ឌលអប់រំកែប្រែ។

លោកស្រី Pauline Tamasis តំណាងអង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជាបាន បានថ្លែង កោតសសើរចំពោះការបំពេញកិច្ចការសង្គមកិច្ចបានយ៉ាងល្អរបស់ក្រសួងសង្គមកិច្ច។ ភាគីសហប្រជាជាតិនឹងនៅតែបន្តកិច្ចសហការជាមួយក្រសួងជាបន្តទៀតដើម្បីរក្សានិរន្តរភាព ការងារ និងការផ្តល់អត្ថប្រយោជន៍ទៅដល់ក្រុមជនដែលជាគោលដៅ ៕

អត្ថបទដែលជាប់ទាក់ទង