គម្រោងវិនិយោគយកទីតាញ៉ូម នៅក្នុងស្រុកជីផាតតម្លៃ ២២ពាន់លានដុល្លារ ត្រូវបានសម្តេចតេជោ បដិសេធ
កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការសម្រេចមិនវិនិយោគយកទីតាញ៉ូម ក្នុងខេត្តកោះកុង ដោយសារការវិនិយោគនោះ ត្រូវចំណាយព្រៃឈើ២ម៉ឺនហិចតាដែលជាជម្រកសត្វព្រៃ និងផលប៉ះពាល់ផ្សេងទៀត ជាពិសេសការហូរដីនិងបង្កឲ្យមានការហូរចូលសមុទ្រ ខូចបរិស្ថានទឹកសមុទ្រ ដោយសារតែហេតុផលនេះហើយ ទើបសម្រេចមិនធ្វើការវិនិយោគលើការរុករកទីតាញ៉ូម។
ក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាការពារមិនឱ្យធ្វើអាជីវកម្មរ៉ែទីតាញ៉ូម (Titanium) ទេ សម្តេចតេជោ បានបញ្ជាក់ថា “ការមិនឱ្យធ្វើអាជីវកម្មរ៉ែទីតាញ៉ូម ព្រោះវានឹងបំផ្លាញព្រៃឈើអស់ជាង២ម៉ឺនហិកតា ហើយនៅពេលកាយយករ៉ែ នោះវានឹងបំផ្លាញបរិស្ថានធ្វើឱ្យទឹកសមុទ្រប្រែពណ៌ តាមរយៈការបង្ហូរដីក្រហម ចូលទៅក្នុងសមុទ្រ ដែលនាំឱ្យបាត់បង់សម្រស់ធម្មជាតិ ទឹកសមុទ្រពណ៌ខៀវស្រងាត់ នឹងក្លាយទៅជាពណ៌ក្រហម ដូច្នេះគោលនយោបាយរបស់ សម្តេចតេជោ គឺថែរក្សាការពារបរិស្ថានឱ្យនៅគង់វង្សល្អ”។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការ ពិធីបុណ្យសមុទ្រលើកទី៧ នៅក្នុងខេត្តកោះកុង នៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បដិសេធលើការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនេះ បន្ទាប់ពីមានសំណើពីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្នើមកសម្តេចតេជោ ធ្វើការវិនិយោគយកទីតាញ៉ូម នៅក្នុងស្រុកជីផាត ខេត្តកោះកុង ដែលមានតម្លៃប្រមាណ ២២ពាន់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា មានរឿងមួយខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋ នៅទីនេះ ទោះនូវត្រង់ថា នៅក្នុងទឹកដីកោះកុងនេះ មានតំបន់មួយដែលនៅមិនឆ្ងាយពីមាត់សមុទ្រប៉ុន្មានទេ គឺមានទីតាញ៉ូមដែលគេសិក្សា តម្លៃមិនតិចជាង២២ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះទេ ។ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល កាលពីដើម ហើយដែលនៅពេលនេះក្លាយទៅជាក្រសួងរ៉ែ និងថាមពល បានស្នើសុំឲ្យមានការវិនិយោគសម្រាប់យកទីតាមញ៉ូមនេះ តែការសិក្សារបស់ខ្ញុំ មុននឹងបានទីតាញ៉ូម ចំនួន២២ពាន់លានដុល្លារសហរដ្ឋអាមេរិកនេះ គឺយើងត្រូវចំណាយព្រៃឈើរហូតទៅដល់២ម៉ឺនហិចតា ហើយព្រៃនោះ គឺស្ថិតនៅតំបន់ជាជម្រកដ៏កម្ររបស់សត្វដំរី និងកម្រដទៃទៀត វាមិនទាន់គិតទៅដល់ការប៉ះពាល់ផ្សេងទៀត ដូចជាការហូរធ្លាក់ទឹកបណ្តាលមកពីការធ្វើអាជីវកម្ម រ៉ែចូលមកក្នុងសមុទ្រ សមុទ្រនៅពេលនោះ លែងទៅជាសមុទ្រទឹកខៀវទៀតហើយ គឺក្លាយទៅជាសមុទ្រមានពណ៌ក្រហមវិញ ដូចនេះហើយបានជាខ្ញុំសម្រេចចិត្តមិនធ្វើអាជីវកម្ម ជាមួយនឹងទីតាញ៉ូមនោះទេ។ ពិតហើយ បន្ទាប់ពីការសម្រេចបែបនេះ ប្រមាណជា២ខែក្រោយ ក៏មានការលើកសំណើរនេះមកម្តងទៀត តែមិនមែនជាក្រសួងរ៉ែ និងថាមពលទេ ក៏ប៉ុន្តែពីប្រភពផ្សេងទៀត ដោយគេបានលើកឡើងថា ប្រសិនបើយើងមិនផ្តល់ឱកាសឲ្យគេធ្វើការវិនិយោគទេនោះ នឹងបាត់បង់ទំនុកចិត្តពីសំណាក់ក្រុមអ្នកវិនិយោគ ហើយអ្នកវិនិយោគបានប្រើប្រាស់នូវថវិកាសម្រាប់ការសិក្សាបែបនេះអស់ច្រើន ។ ខ្ញុំបានឆ្លើយតបថា បាត់បង់ជំនឿពីអ្នកវិនិយោគ វាជារឿងមួយហើយ តែមហន្តរាយសម្រាប់ប្រជាជនកម្ពុជា គឺជារឿងមួយដែលខ្ញុំត្រូវគិត ដូច្នេះសុំទុកឲ្យយុវជនជំនាន់ក្រោយ ក្រែងលោគេមានវិធីយ៉ាងណានោះ ដើម្បីនឹងយកទីតាញ៉ូមនេះ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើចំនួន២ម៉ឺនហិកតា និងបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្ររបស់យើង ។ នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅទីនេះ៕