ជើងឯកចាស់ អាស៊ីអឺរុប ខ្ទាតដល់លេខ៣
ភ្នំពេញ: បន្ទាប់ពីដំណើរការប្រកួត អស់រយៈពេល៥ថ្ងៃនោះ ព្រឹត្តិការណ៍ប្រកួតបាល់បោះ ជើងឯកជាតិយុវជន អាយុក្រោម២៣ឆ្នាំ បានបញ្ចប់នាល្ងាចថ្ងៃទី១៥ធ្នូ ។
ព្រឹត្តិការណ៍នេះមានក្រុមបាល់បោះ បុរសចូលរួមចំនួន៨ក្រុម ដោយបែងចែកជា២ពូល និងក្រុមនារីចំនួន៥ ក្រុមដែលលេង តាមរូបមន្តវិលជុំ ។លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងជាសមាជិកប្រតិបត្ត នៃសហព័ន្ធ កីឡាបាល់បោះកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបំបាក់មេដាយ និង ទស្សនាការប្រកួតផ្ដាច់ព្រ័ត្រ របស់ក្រុមបុរស ។
ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ឈ្នះក្រុមក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងលទ្ធផល៩៨ ទល់៥០ ។ ជ័យជំនះនេះ បានធ្វើឲ្យក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបជាប់ ជាក្រុមជើងឯក (ចំនាត់ថ្នាក់លេខ១) ឯក្រុមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានលេខ៣ និងក្រុមសាកលវិទ្យាល័យ អាស៊ីអឺរុប ដែលជាក្រុមជើងឯក ឆ្នាំចាស់ បានចំណាត់ថ្នាក់លេខ ៣ ។
ចំពោះក្រិមនារីវិញ នោះក្រុមជើងឯក បានទៅក្រុម Blue Technology ចំណាត់ថ្នាក់លេខ ២បានទៅក្រុមក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមសាកលវិទ្យាល័យ អាស៊ីអឺរុប ។
សូមបញ្ជាក់ថា រង្វាន់សម្រាប់ការប្រកួតនេះ សម្រាប់ក្រុមជើងឯកក្រៅ ពីមេដាយមាស គឺបានពានដែលមាន រង្វាន់អមចំនួន ១.៥០០.០០០រៀល ។ ក្រុមលេខ ២បាន១.០០០.០០០រៀល និងចំណាត់ថ្នាក់លេខ៣ បានរង្វាន់ចំនួន ៦០០.០០០រៀល ។
លោក ប៉ុន សុខក៏បានថ្លែង ក្នុងពិធីបិទដោយសំណូមពរ ឲ្យក្រុមដែលមិនទាន់ឈ្នះ កុំអស់សង្ឃឹមត្រូវតែខិខំហាត់បន្តទៀត ឯក្រុមដែលជាប់ចំណាត់ថ្នាក់ ក៏ត្រូវខិតខំដែរព្រោះ ក្នុងចំណោមនេះប្រាកដ ជាមានអ្នកខ្លះក្លាយជាកីឡាករ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ក៏ថាបានដែរ៕