ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះសីហនុ ត្រូវតែខិតខំស្ដារនៅមុខមាត់ ហើយបង្ក្រាបពួកល្មើស មិនថាពួកល្មើសនោះ មកពីណានោះទេ

65


កោះកុង ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវធ្វើយ៉ាងណាខិតខំស្តារកិត្តិនាមខេត្តព្រះសីហនុឡើងវិញ និងត្រូវបង្រ្កាបរាល់អ្នកបង្កបទល្មើសទាំងអស់ បន្ទាប់ពីខេត្តនេះកើតឡើងនូវភាពមិនប្រក្រតីជាបន្តបន្ទាប់ រហូតដល់មានការរិះគន់ពីប្រជាពលរដ្ឋស្ទើរគ្រប់មជ្ឈដ្ឋាន។

ថ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងយ៉ាងដូច្នេះថា “ខេត្តព្រះសីហនុ ត្រូវតែខិតខំខ្លាំងជាងគេ ដើម្បីស្ដារនៅមុខមាត់ ហើយបង្ក្រាបឲ្យខាតតែបានទៅលើពួកល្មើស មិនថាពួកល្មើសនោះមកពីណានោះទេ ហើយពាក់ផ្កាយប៉ុន្មាន ខ.ម មិន ខ.ម អាហ្នឹងខ្ញុំមិនដឹង ដឹងតែអាណាខុស ត្រូវតែដាក់អាហ្នឹងតែម្ដងទៅកុំឲ្យវាពិបាកពេក។ ត្រូវខិតខំបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ទាំងអស់ រួមមាន អាកាសយានដ្ឋាន ផ្លូវ ទឹក ភ្លើង សណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍ផ្សេងៗ ដែលជាតម្រូវការ ដែលត្រូវការកសាង ។ មិនអាចទេសចរណ៍បច្ចុប្បន្ននេះ គឺជាសម័យទេសចរណ៍ មិនមែនសម័យទេសចរណ៍បក់ផ្លិតនោះទេ ជាសម័យទេសចរណ៍ដេកម៉ាស៊ីនត្រជាក់ ។ កន្លែងខ្លះទាន់តែមានសណ្ឋាគារផ្កាយ៥ ​ហើយគេបើកអ៊ីនធើណិត ឃើញប្រទេសយើងមានសណ្ឋាគារផ្កាយ៥ គេដឹងថាយើងមានមន្ទីរពេទ្យដ៏ល្អ សម្រាប់ព្យាបាលនៅពេលដែលគេមានបញ្ហា ទើបគេសម្រេចចិត្ដមកលេងប្រទេសយើង ដូច្នេះយើងត្រូវតែខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍”។

ទាក់ទងនឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ត្រូវធ្វើយ៉ាងណាកុំឲ្យពួកគ្រឿងញៀន និងពួកប្រព្រឹត្ដិខុសច្បាប់ ប្រើតំបន់មាត់សមុទ្រធ្វើសកម្មភាព។ កិច្ចការនេះ ត្រូវខិតខំដោះស្រាយ។ យើងនៅចាំបានទេ ប៉ុន្មានឆ្នាំមុន វ័រឡិនស្គី ដែលជាឧក្រិដ្ឋជនប្រព្រឹត្ដិកំហុកនៅប្រទេសរុស្សី បានរត់មកគេចខ្លួន ធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយពេលនោះ ខ្ញុំចេញបញ្ជាផ្ទាល់ ទើបចាប់បាន វ័រឡិនស្គីប៊ិះរត់ចេញផុតពីដែនទឹករបស់កម្ពុជា ដែលរដ្ឋាភិបាលរុស្សី ស្នើសុំឲ្យយើងចាប់ឧក្រិដ្ឋជននោះ ដើម្បីបញ្ជូនទៅកាន់រុស្សីវិញ។ អ៊ីចឹង យើងត្រូវធ្វើយ៉ាងណា ត្រូវតែប្រុងប្រយ័ត្ន កុំឲ្យតំបន់មាត់សមុទ្ររបស់យើង ខ្លាចទៅជាជំរកនៃក្រុមគ្រឿងញៀន ឬក្រុមប្រព្រឹត្ដិខុសច្បាប់ផ្សេងទៀត ហើយកាន់តែសំខាន់ជាងនេះ កុំឲ្យក្រុមភេរវកម្ម ដែលរត់គេចពីដីគោក មកជ្រកកោននៅដែនទឹក របស់យើងឲ្យសោះ”។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានដាក់បទបញ្ជា មិនឲ្យមានការចាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាតនោះឡើយ ដោយចំណុចនេះឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងរដ្ឋមន្ដ្រី ថោង ខុន សហការជាមួយអ្នកពាក់ព័ន្ធ ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ ការហាមចាក់ដីចូលសមុទ្រ​មិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលក​បង្កើតទៅជាឆ្នេរសម្រាប់លេងកម្សាន្ត ហើយសម្ដេចបន្ដថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីរក្សា និងការពារឆ្នេរសមុទ្រកម្ពុជា នៅតែជាសមុទ្រដែលស្អាត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ហាមដាច់ខាត់នូវការដាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ចំណុចនេះអស់លោកត្រូវធ្វើឲ្យជាប់ធ្វើជាប្រចាំ ដោយមិនអាចធ្វើការធ្វេសប្រហែសនោះទេ។ ពាក្យថា​ហាមឃាត់ដាច់ខាត ការចាក់ដីចូលក្នុងសមុទ្រដែលគ្មានការអនុញ្ញាត ហេតុអ្វីបានចាំបាច់ថា គ្មានការអនុញ្ញាត។ ការអភិវឌ្ឍតែងមាន​ការចាក់ដី ឬការចាក់ថ្ម ដើម្បីធានាថា តំបន់ទាំងនោះ សូម្បីតែកំពង់ផែក្រុងព្រះសីហនុ តាមរយៈកម្ចីពីជប៉ុន យើងកំពុងជីកជម្រៅទឹកឲ្យវាជ្រៅ ប៉ុន្ដែនៅក្បែរកំពង់ផែយើងត្រូវរៀបចំឲ្យមានរបាំងកុំឲ្យរលកបុកចូល នៅតំបន់ខ្លះទៀតក៏យើងអាចមានករណីធ្វើដូចគ្នា ឆ្នេររបស់យើងមានប៉ុន្ដែងូតទឹកមិនបាន ដោយសាររលកធំពេក ចឹងដើម្បីកាត់បន្ថយរលក យើងក៏អាចមានលទ្ធភាពអនុញ្ញាតឲ្យមានការបាំងថ្ម ដើម្បីឲ្យរៀបចំដែលយើងអាចឲ្យប្រជាជនងូតទឹកបាន”។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យ​ខិតខំរក្សា​​សមុទ្របៃតង និងកិត្តិនាមជាតារារះនៅភាគនិរតី និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ បែបអេកូទេសចរណ៍ដូចតារាសាគរ ដោយមិនមានការកាប់បំផ្លាញព្រៃឈើ ហើយអេកូទេសចរណ៍ មិនតម្រូវឲ្យមានការកាប់បំផ្លាញព្រៃឈើនោះទេ តែវាបានទទួលប្រយោជន៍ ពីវិស័យទេសចរណ៍នេះ ច្រើនជាងវិស័យកសិកម្ម និងការពារព្រៃបានថែមទៀតផង។

សូមជម្រាបថា ពាក់ព័ន្ធការរៀបចំដាក់ថ្ម ដើម្បីទប់ទឹករលកនេះ នៅតំបន់ឆ្នេរសមុទ្រ ពយកំពេញ ក៏មានការរៀបចំផងដែរ ដើម្បី​បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្ដរជាតិទៅងូតទឹកកម្សាន្ដសប្បាយនេះ។ បន្ថែមពីនេះការៀបចំនៅតំបន់ ពយកំពេញ ក៏កាន់តែមានសោភណ្ឌភាពស្រស់ស្អាត ទាក់ទាញទេសចរណ៍ផងដែរ។ ពយកំពេញ ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍន៍កែច្នៃទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយ មិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗ នៅលើពិភពលោកនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ចំណុចនេះដែលឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ត្រូវបន្ដភាពម៉ឺងម៉ាត់ ជាមួយនឹងឯកឧត្តម ថោង ខុន ដើម្បីធ្វើកិច្ចការងារនេះ ជាមួយនឹងបណ្ដាខេត្តដែលជាប់ពាក់ព័ន្ធ”។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា “ខ្ញុំបានទទួលរបាយការណ៍ពីឯកឧត្តម ជា សុផារ៉ា ហើយ​អំពីទុននានាបន្ថែម ដើម្បីធ្វើលូបង្ហូរទឹក នៅឯខេត្តព្រះសីហនុ ត្រូវខិតខំជំរុញការអនុវត្តគម្រោងនេះ ក៏ប៉ុន្ដែខ្ញុំគិតថាគម្រោងបែបនេះ គ្រាន់តែជាបណ្ដោះអាសន្នទេ តែយើងត្រូវធ្វើគម្រោងធំជាងនេះ ដើម្បីធានាថាទឹកកខ្វក់ទាំងអស់ មិនត្រូវបានបង្ហូរចូលទៅក្នុងសមុទ្រនៅពេលអនាគត”។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានលើកឡើងថា ត្រូវរក្សាឲ្យបានសមុទ្របៃតង និងកិត្តិនាមជាតារារះនៅភាគនិរតី និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍ បែបអេកូទេសចរណ៍ ដូចតារាសាគរ ដោយមិនមានការកាប់បំផ្លាញព្រៃឈើ ហើយអេកូទេសចរណ៍ មិនតម្រូវឲ្យមានការកាប់បំផ្លាញព្រៃឈើនោះទេ តែវាបានទទួលប្រយោជន៍ពីវិស័យទេសចរណ៍នេះ ច្រើនជាងវិស័យកសិកម្ម និងការពារព្រៃបានថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “សម្តីរបស់ខ្ញុំមិនបានគាំទ្រដល់អ្នកលេងហ្វេសប៊ុកណាមួយទេ សុំបញ្ជាក់ឱ្យច្បាស់ត្រង់ចំណុចនេះ។ សូមកុំយកសេចក្តីថ្លែងការណ៍របស់ខ្ញុំ ទៅវាយប្រហារគ្នារវាងអ្នកលេងហ្វេសប៊ុកជាមួយគ្នា។ ប៉ុន្តែនេះជាសម្តីរបស់នាយករដ្ឋមន្រ្តី ដែលមិនសម្តៅគាំទ្រដល់ហ្វេសប៊ុកនេះឬហ្វេសប៊ុកនោះ ខ្ញុំអត់ទេ។ នេះជាសម្តីដែលខ្ញុំណែនាំទៅអាជ្ញាធរតែប៉ុណ្ណោះ។ តម្លៃផ្ទះសំណាក់ ឬសណ្ឋាគារមិនដូចគ្នាទាំងអស់ទេ មានកន្លែងខ្លះថ្លៃ កន្លែងខ្លះក៏ថោកទៅតាមគុណភាព និងស្តង់ដាររបស់គេ ហើយតម្លៃក៏កើនឡើងទៅតាមតម្រូវការផងដែរ។ ចំណែកបញ្ហាសន្តិសុខវិញ​ ក៏ត្រូវអ្នកលេងហ្វេសប៊ុក យកទៅកាត់តដើម្បីធ្វើឱ្យប្រជាជន មើលឃើញខេត្តព្រះសីហនុខ្មៅងងឹត។

សម្តេចតេជោ បានបញ្ជាក់ថា “ហេតុអ្វីក៏អ្នកទាំងឡាយមិនយល់អំពីបញ្ហានេះ រវាងតម្រូវការ និងការផ្គត់ផ្គង់ ហើយយកហ្វេសប៊ុក មកវាយបំផ្លាញធ្វើដូចជាខេត្តព្រះសីហនុនេះ ជាតំបន់ខ្មៅងងឹតមួយ ជាខ្យល់ព្យុះស៊ូណាមិមួយ។ កន្លងទៅមានការបំភ្លៃនៅតាមហ្វេសប៊ុក ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដូចជាករណីចោទប្រកាន់ថា សម្តេចតេជោ បញ្ជាឱ្យចាប់តារាចម្រៀងខេមជាដើម។ រឿងខេត្តព្រះសីហនុ ក៏អ៊ីចឹងដែរ គឺបញ្ហានៅខេត្តព្រះសីហនុ រឿងមិនធំទេ តែគេធ្វើឱ្យទៅជាព្យុះស៊ូណាមិមួយ៕

អត្ថបទដែលជាប់ទាក់ទង