កម្ពុជា និងហុងគ្រី ជំរុញភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម
ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ខ្ញុំទើបតែបានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី និងនៅប្រទេសរ៉ូម៉ានី ។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវផ្លែផ្កា និងការយល់ដឹងពីគ្នា កាន់តែប្រសើរឡើងថែមទៀត ជាពិសេសក៏មានការគាំទ្រ កាន់តែខ្លាំងពីប្រទេសជាមិត្តទាំងពីរ ។
នៅល្ងាចថ្ងៃទី១០ខែធ្នូ លោកប្រាក់ សុខុន បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសរ៉ូម៉ានី ពីថ្ងៃទី ១១ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៨។ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ។ លោករដ្ឋមន្រ្តី នឹងមានជួបប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធរ ហ្ស៊ីចារតូ ដើម្បីពិភាក្សា និងស្វែងរកលទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ ។ បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសរ៉ូម៉ានី ដើម្បីជួបប្រជុំទ្វេភាគីជាមួយ លោក តេអូឌ័រ ម៉េឡិស្កានូ រដ្ឋមន្ត្រីការបរទេសរ៉ូម៉ានី ពិភាក្សាពីផលប្រយោជន៍ដែលកើនឡើង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រជាជាតិទាំងពីរ ដោយផ្អែកទៅលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ជាមួយលោក ភីធ័រ ហ្សីអារតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន នៅហុងគ្រី នៅថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០១៨។ កម្ពុជា និងហុងគ្រី ត្រៀមបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះមួយ ដើម្បីជំរុញភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកាន់តែខ្ពស់ថែមទៀត។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា រដ្ឋមន្រ្តីការបរទេសទាំងពីរ បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យស្របទៅនឹងសក្តានុពលដែលមានស្រាប់។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពដាក់ចេញវិធានការមួយចំនួន សំដៅឆ្ពោះទៅរកការបង្កើត គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះមួយ ដើម្បីជំរុញភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យខ្ពស់ថែមមួយកម្រិតទៀត។ លើសពីនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកំណត់នូវកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពល ជាគន្លឹះមួយចំនួន រួមមាន ការគ្រប់គ្រងទឹក ប្រព័ន្ឋធារាសាស្រ្ត និងការគ្រប់គ្រងកាកសំណល់ ព្រមទាំងបានឯកភាពគ្នា លើកទឹកចិត្តឲ្យក្រសួងពាក់ព័ន្ឋ ពិនិត្យលទ្ធភាពស្វែងរកគម្រោងជាក់ស្តែង។
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ផងដែរអំពីតួនាទីដ៏សំខាន់ របស់កម្ចីឥណទាន ដែលធនាគារនាំចេញនាំចូល របស់ហុងគ្រី (EXIM Bank of Hungary) បានត្រៀមផ្តល់ជូន ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងជួយសហគ្រិនកម្ពុជា និងហុងគ្រី ។
លោក ភីធ័រ ហ្សីអារតូ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានសន្យាចំពោះមុខលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា យ៉ាងដូច្នេះថា ហុងគ្រីនឹងជំរុញឲ្យសហភាពអឺរ៉ុប បន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជា ដើម្បីជួយដោះស្រាយ ការប្រឈមផ្នែកអភិវឌ្ឍន៍។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានបញ្ជាក់ថា ចំពោះទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុប ហុងគ្រីបានបញ្ជាក់ជាថ្មី នូវការបន្តការគាំទ្ររបស់ខ្លួន ដើម្បីធានាថា ដំណើការឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពរបស់កម្ពុជា នៅតែបន្តទៅមុខដោយគ្មានការរាំងស្ទះ។ ម្យ៉ាងវិញទៀត ភាគីហុងគ្រីបានយល់ព្រម ពិចារណាឡើងវិញ នូវជំហររបស់ខ្លួន ចំពោះពន្ធលើការនាំចូល អង្ករផ្កាម្លិះរបស់កម្ពុជា ចូលទីផ្សារអឺរ៉ុប ហើយបានសន្យាថា នឹងជំរុញឲ្យសហភាពអឺរ៉ុប បន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជា ដើម្បីជួយដោះស្រាយ ការប្រឈមផ្នែកអភិវឌ្ឍន៍។
បើតាមសេចក្តីប្រកាសព័ត៌មាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហុងគ្រីមានបំណង បង្កើនចំនួនអាហារូបករណ៍ប្រចាំឆ្នាំ ដល់និស្សិតកម្ពុជា ព្រមទាំងបានសន្យា គាំទ្រសកម្មភាពកម្ចាត់មីន ដើម្បីជួយកម្ពុជា ឲ្យសម្រេចបាននូវគោលដៅ ប្រទេសកម្ពុជា គ្មានគ្រាប់មីននៅឆ្នាំ២០២៥ ផងដែរ៕