ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូ​ទីក្រុង​សៀង​ហៃ ​ចង់បើកបណ្តុះបណ្តាលការពារ​សន្តិសុខជូនភ្ញៀវ​ទេសចរ នៅខេត្តសៀមរាប ​ព្រះ​សីហ​នុ ​និង​រាជធានី​ភ្នំពេញ​​

49


សៀមរាប​ ៖ ​អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​ទីក្រុង​សៀង​ហៃ បានអរគុណដល់​កងកម្លាំង​នគរបាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ក្នុង​ការ​ការពារ​ថែរក្សា​សន្តិសុខ ​សុវត្ថិភាព ​និង​សណ្តាប់ធ្នាប់​ សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​ អ្នក​វិនិយោគទុន​នានា ​បាន​យ៉ាង​ល្អ​ប្រសើរ​កន្លង​មក ​ក្នុង​នោះ​ ក៏​មាន​ប្រជាជន​ចិន​ ដែល​រស់នៅ​ប្រកប​មុខ​របរ​ក្នុង​ទឹកដី​ នៃ​ខេត្តសៀមរាប​​។​

នា​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​មួយ​ក្រុម​ចំនួន​១៣​នាក់​ ដែល​ដឹកនាំ​ដោយ​លោក​ ZHAOYuanming​ អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​ទីក្រុង​សៀង​ហៃ​​ អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ ​ក្នុង​ដឹក​ដី​នៃ​ខេត្តសៀមរាប​ និង​ចូល​ជួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​។​

ក្នុង​ជំនួប​ពិភាក្សា​នា​ពេល​នោះ​ លោក​ ZHAOYuanming​ តំណាង​ប្រតិភូ​បាន​មាន​ប្រសាសន៍​ ​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​លោកស្នងការ​ ក៏​ដូច​ជា ​កងកម្លាំង​នគរបាល​ខេត្ត​ទាំងអស់ ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ក្នុង​ការ​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ភ្ញៀវ​ទេសចរជាតិ ​និង​អន្តរជាតិ​ អ្នក​វិនិយោគទុន​នានា​ បាន​យ៉ាង​ល្អ​ប្រសើរ​កន្លង​មក​ក្នុង​នោះ​ ក៏​មាន​ប្រជាជន​ចិន​ ដែល​រស់នៅ​ប្រកប​មុ​ខរបរ​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប​នេះ​ផង​ដែរ​។​

លោក​ ZHAOYuanming​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ដើម្បី​គ្រប់គ្រង​និង​រក្សា​សន្តិសុខ​ ជូន​ប្រជាពលរដ្ឋ​ ដែល​ស្នាក់​នៅ​ប្រកប​របរ​រកស៊ី​នៅ​ក្នុង​ខេត្តសៀមរាប ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ លោក​មាន​គោលបំណង​ ក្នុង​កិច្ចសហការ​គ្នា​ ពិសេស​ការ​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ នគរបាល​ជាតិ​កម្ពុជា ​សម្រាប់​ការងារ​គ្រប់​គ្រង់​សន្តិសុខ​ឯកជន​ ដែល​វគ្គ​បណ្ដុះបណ្ដាល​នេះ​ សំដៅលើ​ការ​គ្រប់គ្រង​ភ្នាក់ងារ​សន្តិសុខ​និង​សន្តិសុខ​ធនាគារ​ ដែល​ត្រូវ​បាន​គ្រោង​នឹង​ប្រារព្ធ​ឡើង ​នៅ​ប្រទេស​កម្ពុជា​​ ​ក្នុង​ខេត្តសៀមរាប ​ខេត្ត​ព្រះ​សីហ​នុ ​និង​រាជធានី​ភ្នំពេញ​។​

​លោក​ឧត្ត​សេនីយ៍​ទោ ​ស្នងការ ​​បាន​មាន​ប្រសាសន៍​ ជូន​គណៈប្រតិភូ​ ពាក់ព័ន្ធ​ទៅ​និង​កិច្ច​ការពារ​ថែរក្សា ​សន្តិសុខ​សុវត្ថិភាព ​សណ្តាប់ធ្នាប់​ ពិសេស​ការ​អនុវត្ត​ច្បាប់​ របស់​នគរបាល​ជាតិ​កម្ពុជា​ ក៏​ដូច​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍ ​របស់​កម្លាំង​នគរបាល​កម្ពុជា​ជូន​ប្រតិភូ​ផង​ដែរ​។​ លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ លោក​សូម​ស្វាគមន៍​ជា​និច្ច ​ចំពោះ​គោលបំណង​ក្នុង​ការ​សហការ​ និង​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ ដល់​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​ ពិសេស​នគរបាល​ខេត្តសៀមរាប ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សំដៅ​រក្សា​សន្តិសុខ​សុវត្ថិភាព ​ជូន​ប្រជាពលរដ្ឋ​យើង​ទាំង​ពីរ ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង