មេធាវី៖ លោក សម រង្សី ប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះការលះបង់លោកប្រធាន កឹម សុខា អ្នកវិភាគនយោបាយឯករាជ្យ មេធាវី និងសកម្មជនCNRP ក្នុងប្រទេស
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក សម រង្សី ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះការលះបង់លោកប្រធាន កឹម សុខា អ្នកវិភាគនយោបាយឯករាជ្យ មេធាវី និងសកម្មជនCNRP ក្នុងប្រទេស ។ នេះបើតាមលោក ចាន់ ចេន មេធាវីរបស់ លោក កឹម សុខា សរសេរសារក្នុងផេកហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ។
ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសថា រាល់ការបញ្ចេញមតិរបស់ អតីតថ្នាក់ដឹកនាំ CNRP នៅក្នុងប្រទេស ក្នុងនោះ មានទាំងលោក កឹម សុខា ផងដែរ នឹងមិនអាចយកជាការបានទេ ដោយលោកអះអាងថា ការបញ្ចេញមតិរបស់ពួកគេ ធ្វើឡើងក្រោមគំនាបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។ មានន័យថា បើយកកាំបិតចាក់ កឹម សុខា គឺចេញឈាម សម រង្ស៊ី ផងដែរ។ ហើយបើយកកាំបិតចាក់ សម រង្ស៊ី គឺចេញឈាម កឹម សុខា ផងដែរ។ យើងមិនត្រូវឲ្យ ហ៊ុន សែន គេចផុតពីដំណោះស្រាយរួម ៥ ចំណុច ដែលសហគមន៍អន្តរជាតិ បង្ខំឲ្យជនផ្តាច់ការនេះ អនុវត្តទាំងស្រុង ដើម្បីដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជា។ ដំណោះស្រាយរួម ៥ ចំណុច គឺ ៖
១- ដោះលែងលោក កឹម សុខា ២- ទម្លាក់ចោលរាល់ការចោទប្រកាន់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ
៣- ឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ៤- សងគណបក្សសង្គ្រោះជាតិវិញ នូវតំណែងដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ
៥- បោះឆ្នោតឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
ជាមួយនឹងករណីការលើកឡើងរបស់លោកសម រង្ស៊ីនោះ ត្រូវបានលោក ចាន់ ចេន បានបញ្ជាក់នៅលើហ្វេសប៊ុកថា “ពាក្យសម្តីរបស់លោកសម រង្ស៊ី ដែលនិយាយច្រំដែល ថាមតិយោបល់ទាំងអស់របស់ខ្មែរ ដែលនៅក្នុងប្រទេសសុទ្ធ តែមិនយកជាការ បាន ស្ថិតក្រោមគំនាបរបស់ ហ៊ុន សែន និយាយតាម ហ៊ុន សែន បញ្ជារទាំងអស់។ សម្តីរបស់ លោក សម រង្សី បែបនេះគឺ ទី១ ជាឡេះ ដើម្បីបោកប្រាស់ អ្នកគាំទ្រខ្លួននៅក្រៅប្រទេស ឲ្យគាំឲ្យខ្លួនធ្វើបក្សប្រហារ ដើម្បីមហិច្ឆតាអំណាច ដោយប្រមាថឆន្ទៈមនសិកាទាំងស្រុងរបស់ លោក កឹម សុខា។ ទី២ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះភាពអង្គអាចក្លាហាន ការលះបង់ និងឧត្តមគតិអ្នកដែល តស៊ូរនៅក្នុងសមរភូមិនយោបាយក្នុងប្រទេស ដូចជាលោកប្រធាន កឹម សុខាក៏ដូចជា អ្នកវិភាគនយោបាយឯករាជ មេធាវី និងជាពិសេសសកម្មជនcnrp នៅក្នុងប្រទេស។ យើងអាចសួរទៅ លោក សម រង្សី វិញថា សកម្មជនcnrpខ្លះ បានជួបជុំគ្នាថ្លែងសារនយោបាយគាំទ្រលោក សម រង្ស៊ី ថ្មីៗនេះ ធ្វើក្រោមគំនាប លោក ហ៊ុន សែនឲ្យធ្វើឬ? ការពិតក្នុងប្រទេសកម្ពុជា អ្នកជាប់ឃុំ គេកម្រិតនូវសេរីភាពមែន។ ប៉ុន្តែអ្នកក្លាហាន មានមនសិកាច្បាស់លាស់ហ៊ានលះបង់ ទោះបីនៅក្នុងឃុំ ឬនៅក្នុងអំណាចកៀបសង្កត់ ក៏គេនូវតែរក្សាឧត្តមគតិគេ មិនចេះតែធ្វើតាមគេបញ្ជា ផ្ទុយទៅវិញ គេនូវតែឆ្លៀតប្រើសិទ្ធិរបស់គេ តាមច្រកណាដែលគេអាចធ្វើបាន គេមិនធ្វើអំពើថោកទាប ដូចការលាបពណ៌ មូលបង្កាច់ ចោទប្រកាន់របស់លោក សម រង្ស៊ី នោះទេ”។
លោកមេធាវី បានបន្ថែមថា អ្វីៗលោកប្រធាន កឹម សុខា បានបញ្ជាក់ជំហរគាត់កន្លងមក ថ្មីៗនេះរួចហើយ មិនមានអ្វីប្រែប្រួលទេ។
យើងនឹកឃើញពាក្យគាត់ដែល តែងតែមានប្រសាសន៍ថា ឲ្យយើងតម្កល់ចិត្តឲ្យនឹងធឹង រឹងមាំ ធ្វើតែអ្វីដែលយើងត្រូវធ្វើ កុំលោតតាមគេចាក់។ មានតែមនុស្ស ស្លន់ស្លោទាល់ច្រកទេបានឆ្លេឆ្លាអត់នឹងនរ។
ក្រៅពីមេធាវីរបស់ លោក កឹម សុខា ក៏នៅមានអតីតមន្រ្តីសំខាន់ៗ របស់អតីតគណបក្សសង្រ្គោះជាតិ បានចេញមុខប្រតិកម្ម នឹងការប្រមាថរបស់ លោក សម រង្ស៊ី នាពេលនេះ ដូចជា កញ្ញា កឹម មនោវិទ្យា ដោយបានលើកឡើងថា
អ្នកឱកាសនិយម អ្នកខ្លាច អ្នកឈ្នានីស អាចបោះបង់ ជាន់ឈ្លីលើមនសិកាលើក ពេលលើកមានទុក្ខ ប៉ុន្តែសហការីដែលមានគើលជំហររឹងមាំនៅការពាររូបលើកជានិច្ច ជាពិសេសពិភពលើកគឺឈរជាមួយលោក ដែលគេចាត់ទុកជាបុរសរដ្ឋនៅកម្ពុជា។ ការធ្វើទុក្ខបុកម្និញជាចំហរ ក៏ដូចជាការព្យាបាទមិនចំហរ នឹងត្រូវបន្តចាញ់អំពើល្អរបស់លោកជាបន្តបន្ទាប់។
ចំណែកលោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យលោក កឹម សុខា បាននិយាយថា ទោះបីខ្ញុំត្រូវបានដកសិទ្ធិធ្វើនយោបាយ ប៉ុន្តែខ្ញុំមិនមែនជាចំណាប់ខ្មាំង របស់នរណាឡើយ។ ខ្ញុំនៅតែអាចអនុវត្តសិទ្ធិ សេរីភាពរបស់ខ្ញុំ តាមមធ្យោបាយផ្សេងទៀត វៀរលែងតែចូលរួម ឬធ្វើសកម្ម ឬឈរឈ្មោះ ឲ្យគណបក្សនយោបាយណាមួយ។ អ្នកមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយខ្ញុំក៏មានដូចអ្នកដែរ ដូច្នេះយើងត្រូវតែគោរពគ្នាទៅវិញទៅមក។ មនុស្សកើតមកដោយស្មើភាព។ អ្នកអាចមានអំណាចរដ្ឋ ឬអំណាចនយោបាយច្រើន ឬខ្ពស់ជាងខ្ញុំ ប៉ុន្តែអ្នកមិនអាចមានសិទ្ធិ និងសេរីភាពច្រើនជាងខ្ញុំឡើយ។
លោក គង់ គាំ បានសរសេរថាមួយថា “ខ្ញុំជាសាក្សីផ្ទាល់ និងសំខាន់តែមួយគត់របស់ សម រង្ស៊ី កឹម សុខា សហស្ថាបនិក CNRP។ សេចក្តីសម្រេចណាដែលមិនឈរលើគោលការណ៍ កុងសង់ស៊ីស ទាំងពីរនាក់រួមគ្នា គឺមិនត្រឹមត្រូវ។ (ភ្លើងឆេះផ្ទះ ម្ចាស់ដែលនៅក្រៅផ្ទះដែរ មិនត្រូវបំបិទសិទ្ធិទេ។ គណៈកម្មាធិការចំពោះកិច្ច និងលក្ខន្តិកៈ CNRP)។ ពី Atlanta-USA (សន្និសីទ) ដល់ Paris-បារាំង (វេទិកាសាធារណៈ) (មិនអាចជាប្រធានស្តីទី CNRP ទេ) គឺជារណសិរ្ស សម រង្ស៊ី តែប៉ុណ្ណោះ។ បំផុសការងើបខ្យល់។ អន្តរជាតិ (ប្រើមុខមាត់ពាក់ព័ន្ធរណសិរ្ស) គឺប្រថុយការជាប់ពាក់ព័ន្ធ និងផុងខ្លួនក្នុងសមរភូមិកម្ពុជា ហើយជួបបរាជ័យដូចនៅទីដ៏ទៃជាច្រើនដែរជាមិនខាន”៕