ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ដល់អំណោយម៉ាស៊ីនដេរ១០គ្រឿង ជូនសិស្សានុសិស្សមុស្លិម១២០នាក់ ដល់សហគមន៍ខេត្ដក្រចេះ ដើម្បីសិក្សាបង្កើនមុខរប សម្រាប់ដោះស្រាយជីវភាព

115

ក្រចេះ ៖ បន្ទាប់ពីបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ អស់រយៈពេលមួយឆ្នាំ កន្លងមក នារីមុស្លីម នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្ឆូងខេត្តក្រចេះ ចំនួន១២០នាក់ ទទួលបានវិញ្ញាបណ្ណ័បត្របញ្ជាក់ការសិក្សា និងម៉ាស៊ីនដេរសំលៀក បំពាក់ ចំនួន១០គ្រឿង ពីលោក សុះ មុះសិន រដ្ឋ លេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ។ ពិធីបិទវគ្គនិងផ្ដល់ម៉ាស៊ីនដេរនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអាទិត្យ១២កើតខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ។

លោកស្រីគង់ លឹមហូ អភិបាលរងតំណាង អភិបាល ស្រុកឆ្លូង បានថ្លែងអំណគុណចំពោះ សមាគម និស្សិតមុស្លិមកម្ពុជា ដែលមាន លោក សុះ មុះសិនជាប្រធាន បានយកចិត្តទុកដាក់ចំពោះនារីមុស្លីមកម្ពុជា ក្នុងការជួយបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ ដើម្បីអោយប្អូនៗក្មួយៗមាន ចំណេះ វិជ្ជានៅក្នុងខ្លួន សម្រាប់ ប្រកបមុខរបរទទួលទាន ។
លោកបានបន្តថា៖ កន្លងមកនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ពុំដែលមានវគ្គបណ្តុះបណ្តាល ឬថ្នាក់បណ្តុះ បណ្តាលវិជ្ជាជីវៈអ្វីនោះទេ ទើបតែរយៈពេលបីបួនឆ្នាំនេះ មានសមាគមនិស្សិតមុស្លិមកម្ពុជា មកផ្ដល់វគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ ជូនដល់បងប្អូនក្នុងភូមិស្រែផល ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
លោក សុះ មុះសិន បានបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលកាត់ដេរនេះ បានបើកដំណើរការតាំងពីឆ្នាំ២០០៨ មកម្លេះ ដូចជានៅទីរួមខេត្តកំពង់ចាម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងនៅស្រុកឆ្លូង ខេត្តក្រចេះ ដោយបានបណ្តុះបណ្តាលសិក្ខាកាមនារី គិតមកដល់ពេលនេះមានចំនួន១០៨០នាក់ និងបានប្រគល់ ម៉ាស៊ីន ដេរ ដល់សិស្សពូកែ ដែលជាប់ចំណាត់ ថ្នាក់ ពីលេខ០១ដល់លេខ០៥ សរុបចំនួន ១១៧គ្រឿង ។

លោកបន្តថា៖ វគ្គកាត់ដេរនេះដំណើរការទៅបានអាស្រ័យដោយមានការឧបត្ថមថវិកាពីអង្គការmusli mehel fen នៃប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជាក្នុងមួយឆ្នាំៗប្រមាណជា ១៦,៥៧០.២២ដុល្លារ អាមេរិក។ នៅក្នុងវគ្គនីមួយៗអង្គការ muslimehelfen និងសមាគមនិ ស្សិតមុស្លិមកម្ពុជា គឺជាអ្នកធានារ៉ាប់រងទាំងស្រុងចំពោះការចំណាយផ្សេងៗ ។

លោកបន្តថា៖ ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់សមាគមនិស្សិតមុស្លិមកម្ពុជា ជាមួយអង្គការ muslimehelfen ដែលមានទីស្នាក់ការនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់នូវ គំរោងមនុស្សធម៌ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ សាសនា ជនជាតិឡើយ ។ គម្រោងសំខាន់ៗ ដែលសមាគម បានអនុវត្តមានជាអាទិ៍៖ កសាងអគារអន្តេ វាសិកដ្ឋានសម្រាប់ និស្សិតនារីមុស្លីមចំនួន០២កន្លែង ដែលមាននិស្សិតនារីមុស្លីមស្នាក់នៅប្រមាណ ២០០នាក់ ដើម្បីបន្តការ សិក្សា ថ្នាក់ឧត្តមសិក្សា នៅរាជធានីភ្នំពេញ គម្រោងទឹកស្អាត តាមជនបទការផ្តល់ប្រាក់កម្ចីឥណទាន ដល់ប្រជាពលរដ្ឋ ខ្មែររស់នៅក្នុងសហគមន៍ ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ការផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ជន រងគ្រោះ ដោយសារមហន្តរាយណ៍ដោយគ្រោះធម្មជាតិដូចជា ទឹកជំនន់,ខ្យល់ព្យុះ,ភ្លើងឆេះផ្ទះ,នៅតាមបណ្តាខេត្ត, រាជធានី,ការផ្តល់អាហារកញ្ចប់, ហ្សាកាត់ និងថវិកាសម្រាប់រៀបចំកម្មវិធី ស្រាយបួសក្នុងខែរ៉ាម៉ាឌន កម្មវិធី Qurban វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ កុំព្យូទ័រ ភាសារអង់គ្លេសដោយឥតគិតថ្លៃ ។

ក្នុងឱកាសនេះដែរលោក សុះ មុះសិន ក៏បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សា ស្វែងយល់ដោយខ្លួនឯងបន្ថែមទៀត អំពីម៉ូដសម្លៀកបំពាក់ របៀបវ៉ាស់ កាត់ និងត្រូវធ្វើយ៉ាងណាអោយ តិថិជន ដែលជាអ្នកមកកាត់សម្លៀកបំពាក់បានសម និងបានស្អាតថែមទៀត។ ក្រោយពីទទួលបាន ចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងវគ្គបណ្តុះបណ្តាលនេះរួចមក មានសិក្ខាកាមមួយចំនួនបានចាប់ផ្តើម យកចំណេះដឹង និងជំនាញនេះទៅប្រកបរបរចិញ្ចឹមជីវិត ដូចជាកាត់ដេរតាមផ្ទះ និងមួយចំនួនទៀតបានជាប់ទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ី លើជំនាញកាត់ដេរ ហើយមួយចំនួនទៀត កំពុងមានគំរោងបើកហាងផ្ទាល់ខ្លួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង