ស្នើឲ្យរឹតបន្តឹងផ្នែកវិន័យព្រះពុទ្ធសាសនា ឲ្យបានតឹងរ៉ឹង
កោះកុង៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានស្នើឲ្យព្រះមេគុណសង្ឃ និងប្រធានមន្ទីរធម្មការ ធ្វើការពិនិត្យ នឹងបន្តឹងផ្នែកវិន័យព្រះពុទ្ធសាសនា ឲ្យបានតឹងរ៉ឹង ប្រកាន់ខ្ជាប់ខ្លួនបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យពុទ្ធចក្រនៅកម្ពុជា។
នៅក្នុងឱកាសប្រកាស តែងតាំងប្រធានមន្ទីរធម្មការ និងសាសនា នៅខេត្តកោះកុង កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុម ឆែម បានថ្លែងថា ដើម្បីជាការទទួលខុសត្រូវរួមគ្នា ចំពោះការចូលរួមលើកកម្ពស់វិស័យពុទ្ធចក្រនៅកម្ពុជា ចៀសវាងថមថយនៃចំនួនពលរដ្ឋជំនឿជឿជាក់ ឬរិះគន់សាសនាព្រះពុទ្ធសាសនា។ លោកបានស្នើឲ្យព្រះមេគណទាំងពីរគណៈ នៅខេត្តកោះកុង មេត្តារឹតបន្តឹងឲ្យបានខ្លាំង ចំពោះការសិក្សាព្រះធម្មវិន័យរបស់ព្រះសង្ឃទូទាំងខេត្ត ឲ្យបានត្រឹមត្រូវក្រឹត្យក្រមនៃព្រះពុទ្ធសាសនា។ លោករដ្ឋមន្រ្តី បានបន្ថែមថា “ព្រះសង្ឃមួយ ឬពីរអង្គ គឺជាការអនុវត្តខុសពីធម្មវិន័យ ព្រោះតែបុគ្គលនោះពុំបានសិក្សាយល់ច្បាស់ ពីច្បាប់ធម្មវិន័យព្រះពុទ្ធសាសនា ដូចនេះ អាជ្ញាធរគួរតែអនុវត្តន៍ច្បាប់អាណាចក្រ”។
លោកបានបន្ថែមថា វត្តអារាម ជាទីសក្ការបូជា និងជារមណីដ្ឋានសំរាប់ដោះទុក្ខកង្វល់របស់មនុស្សលោក ក៏ដូចជាពុទ្ធបរិស័ទ្ធដើម្បីអោយពួកគាត់បាត់បង់នូវទុក្ខសោកទាំងឡាយដែល ពួកគាត់បានជួបវិបត្តិក្នុងគ្រួសារ ក៏ដូចជាជូបវិបត្តិក្នុងសង្គម មិនត្រឹមតែប៉ុណ្ណោះ វត្តអារាមជាទីកន្លែងមួយ សម្រាប់បណ្តុះពូជសីលធម៌ ចរិយាធម៌ គុណធម៌ របស់មនុស្សជាតិ ។
លោករដ្ឋមន្រ្តី បានលើកឡើងថា៖ តាមបាវចនារបស់ជាតិ គឺព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូច្នេះមន្ទីរធម្មការ និងសាសនា មានតួនាទីសំខាន់ណាស់ ក្នុងការការពារលើកស្ទួយ និងអភិវឌ្ឍន៍ វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីចម្រើន ព្រោះថាប្រជាពលរដ្ខខ្មែរភាគច្រើន មានជំនឿគោរពប្រតិបត្តិលើព្រះពុទ្ធសាសនា។
លោកហ៊ឹម ឆែម ក៏បានស្នើដល់មន្ត្រីរាជការ នៅក្នុងមន្ទីរធម្មការនិងសាសនា ធ្វើការងារ
តាមតួនាទីឲ្យបានល្អ ស្របតាមបទដ្ឋាននៃច្បាប់ កុំប្រកាន់បក្ខពួក ត្រូវចេះសាមគ្គីគ្នា អប់រំគ្នា កែលម្អគ្នានៅក្នុងអង្គប្រជុំ ដើម្បីរកភាពរីកចម្រើន លុបបំបាត់ភាពអសកម្មទាំងឡាយ៕