ភរិយារបស់ផលិតករវីឌីអូឯកសារ ម្តាយខ្ញុំលក់ខ្ញុំ តវ៉ាសុំអន្តរាគមន៍ពីស្ថានទូតរុស្ស៊ី
ភ្នំពេញ៖ ក្រុមគ្រួសារ និងភរិយារបស់លោក រ៉ាត់ រដ្ឋមុនី ផលិតករវីឌីអូឯកសារ ម្តាយខ្ញុំលក់ខ្ញុំ របស់សារព័ត៌មានរុស្ស៊ីធូដេ (RT) និងសកម្មជនដីធ្លី និងសកម្មជនបរិស្ថាន ប្រមាណជាង១០នាក់ នាំគ្នាតវ៉ានៅមុខស្ថានទូតរុស្ស៊ី ដើម្បីឲ្យស្ថានទូតរុស្ស៊ី អន្តរាគមន៍ឲ្យមានការដោះលែង លោក រ៉ាត់ រដ្ឋមុនី។
ភរិយារបស់លោក រ៉ាត់ រដ្ឋមុនី បានស្រែកយំ អំពាវនាវឲ្យស្ថានទូតរុស្ស៊ី ជួយអន្តរាគមន៍ឲ្យអាជ្ញាធរខ្មែរ ដោះលែងលោក រ៉ាត់ រដ្ឋមុនី ដែលកំពុងជាប់ឃុំ។ លោក រ៉ាត់ រដ្ឋមុនី ដែលបានចូលរួមផលិតភាពយន្តឯកសារស្តីពីការលក់កូនស្រីជាមួយទូរទស្សន៍រុស្ស៊ី RT ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង។ ក្រុមអ្នកតវ៉ានៅមុខស្ថានទូតបញ្ជាក់ថា នឹងឈប់តវ៉ា នៅពេលស្ថានទូតទទួលយកញត្តិ។
លោកស្រី ឡុង គីមហ៊ាង ភរិយារបស់លោក រ៉ាត់ រដ្ឋមុនី បានអះអាងថា ប្តីរបស់លោកស្រី មិនបានសូកលុយ ឬក្លែងបន្លំឯកសារ ដើម្បីប្រឌិតខ្សែភាពយន្តឯកសារ ដែលផលិតដោយសារព័ត៌មានរុស្ស៊ី RT នោះទេ។ លោកស្រី ឡុង គីមហ៊ាង បានស្រែកយំថា “អាងអីចាប់ៗ”។
លោកស្រីបន្ថែមថា ខ្សែភាពយន្តឯកសារ ស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ដែលមានម្តាយលក់កូន គឺជារឿងពិត ហើយប្តីរបស់លោកស្រី និងសារព័ត៌មានរុស្ស៊ី បានសហការគ្នាផលិត និងបានផ្សាយជាសាធារណៈ កាលពីខែតុលាកន្លងទៅ បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាមិនពេញចិត្ត និងបានចាប់ប្តីរបស់លោកស្រីដាក់ពន្ធនាគារ។ លោកស្រី អំពាវនាវឲ្យស្ថានទូតរុស្ស៊ី អន្តរាគមន៍ទៅក្រសួងការបរទេសកម្ពុជា ក៏ដូចជា រដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាដោះលែងប្តី របស់លោកស្រី ដោយគ្មានលក្ខខណ្ឌ។
លោកស្រីអះអាងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា យល់ថាខ្សែភាពយន្តឯកសារនោះ មិនពិត លោកស្រី អំពាវនាវឲ្យអាជ្ញាធរកម្ពុជាគួរតែកោះហៅសារព័ត៌មានរុស្ស៊ី RT មកសាកសួរ ព្រោះសារព័ត៌មានរុស្ស៊ី ជាអ្នកផ្សព្វផ្សាយ និងផលិតខ្សែភាពយន្តឯកសារនោះ។
លោករ៉ាត់ រដ្ឋមុនី ក៏ជាប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា ដែលបានចូលរួមផលិតភាពយន្តឯកសារ ស្តីពីការលក់កូនស្រី ជាមួយទូរទស្សន៍រុស្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ កាលពីថ្ងៃទី១៣ធ្នូ ដោយបានចោទប្រកាន់ ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ តាមមាត្រាច្បាប់នេះ លោករ៉ាត់ រដ្ឋមុនី អាចប្រឈមនឹងការជាប់ពន្ធនាគារ ពី១ ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២លានរៀល ទៅ៦លានរៀល បើសិនតុលាការរកឃើញថា លោកបានប្រព្រឹត្តកំហុសមែននោះ។ លោករ៉ាត់ រដ្ឋមុនី បានចូលរួមផលិតខ្សែភាពយន្តឯកសារ ម្តាយខ្ញុំលក់ខ្ញុំ ជាមួយទូរទស្សន៍RT របស់រុស្ស៊ី ជាខ្សែភាពយន្តឯកសារ ដែលអាជ្ញាធរកម្ពុជា អះអាងថា ធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។
លោក រ៉ាត់ រដ្ឋមុនី ត្រូវបានអាជ្ញាធរកម្ពុជា ទៅនាំខ្លួនពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១២ ធ្នូ ក្រោយពីលោកត្រូវបានអាជ្ញាធរថៃចាប់ និងឃុំខ្លួន អស់រយៈពេល៥ថ្ងៃ នៅមណ្ឌលឃុំខ្លួនជនអន្តោរប្រវេសន៍ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ធ្នូ លោកត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត៕