ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយរងប៉ុស្តិ៍ស្អំ ទៅរារាំងប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ ត្រូវបញ្ជូនទៅកាន់តុលាការ

61


ត្បូងឃ្មុំ៖ លោក យ៉ា សុផល​ ហៅ ទៀង នាយរងប៉ុស្តិ៍ស្អំ វរសេនាតូចការពារព្រំដែនគោក៦១៥ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការ ​ដើម្បី សួរនាំចាត់ការតាមច្បាប់ ពាក់ព័ន្ធធ្វើសកម្មភាពរារាំងប្រតិបត្តិការ បង្ក្រាបរថយន្តដឹកឈើ២គ្រឿង កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹង ថា នៅរសៀលថ្ងៃនេះ យើងបានបញ្ជូនគាត់ទៅតុលាការហើយ ដើម្បីចាត់ការបន្តតាមផ្លូវតុលាការ ពាក់ព័ន្ធការប្រព្រឹត្តរបស់គាត់ ដោយមិនមានការលើកលែងនោះទេ។​

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំសង្កាត់រដ្ឋបាលព្រៃឈើតំបែរ សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការ៧០១ កម្លាំងនគរបាលខេត្ត និងផ្នែកសឹករងខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបរថយន្តដឹកឈើចំនួន២គ្រឿង ស្មើនឹងជាង៥០០គីឡូ នៅភូមិសាស្រ្តភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។
នៅពេលចុះបង្ក្រាបនោះ ស្រាប់តែមានឈ្មោះ យ៉ា សុផល (ទៀង) ជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំ មកគំរាមកំហែង និងវាយតប់កញ្ចប់មាត់បង្ក ឲ្យមានរបួសស្នាមទៅលើលោក ឆេន សុផាត មន្រ្តីនគរបាលខេត្ត ជាកម្លាំងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ហើយឈ្មោះ យ៉ា​ សុផល ក៏បានប្រទោះសារាយជាមួយលោក ឃឹម ប៊ុនធឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើតំបែរផងដែរ ដោយមានការចង្អុលមុខ ហើយប្រមាថ រារាំង និងកាងបទល្មើសព្រៃឈើ តែជននោះពុំបានប៉ះពាល់ និងបង្ករបួសស្នាមមកលើ មន្រ្តីរដ្ឋបាលព្រៃឈើទេ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានចេញមកបញ្ជាក់ថា តាមពិតមន្រ្តីនគរបាលដែលបង្កបញ្ហា និងបានរារាំង ដល់ប្រតិបត្តិការបង្ក្រាបបទល្មើសទាំងនោះ គឺមានអាការៈស្រវឹង នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង