ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការ ប៉ារ៉ាឡាំពិក៖ ចង់ឲ្យមានការប្រមូលផ្ដុំ កីឡាថ្នាល និងការប្រកួត កីឡាជាតិជនពិការ

75

ភ្នំពេញ៖​ លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានចាត់ទុកថាសម្រាប់កីឡា ជនពិការរបស់លោកសព្វថ្ងៃនេះ កីឡាចំនួន៣ប្រភេទ កំពុងតែមានសក្ដានុពលខ្លាំង គឺប្រភេទកីឡា អត្តពលកម្ម ហែលទឹក និងបាល់បោះរទេះនារី ។

​ហែលទឹក អត្តពលកម្មសុទ្ធតែធ្លាប់ ដណ្ដើមបានមេដាយ ឯបាល់បោះលើរទេះនារី ទោះបីការប្រកួតកីឡាអាស៊ី ប៉ារ៉ាហ្គេមកន្លងមក មិនបានទទួលលទ្ធផលល្អក៏ពិតមែន តែលោកមើលឃើញថា ទម្រង់លេងល្អ បច្ចេកតេសមិនចាញ់ ប្រទេសនៅក្នុងតំបន់ឡើយ ។លោកទទួលស្គាល់ថា ការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម កន្លងមកមិនបានចំណាត់ថ្នាក់មែន ព្រោះនោះ ជាការប្រកួតកម្រិតទ្វីបអាស៊ី តែសម្រាប់កម្រិតតំបន់ គឺអាចស៊ីសងគ្នាបាន ។

​សម្រាប់កីឡាជនពិការ មាន៤២ប្រភេទកីឡា ឯកម្ពុជាទើបតែមាន១៧ប្រភេទ កីឡាប៉ុណ្ណោះ ។ប្រភេទកីឡាខ្លះ មានសកម្មភាព ឯខ្លះមិនសូវមាន សកម្មភាពព្រោះមិនសូវមានលុយ ។ប្រភេទកីឡាដែលមាន សកម្មភាពខ្លាំងគឺប្រភេទ កីឡាដែលមានសក្ដានុពល ។

​ឆ្នាំ២០១៩ខាងមុខនេះកីឡាជនពិការ មានការប្រកួតច្រើនដូចជា ASEAN Para Games មានការប្រកួតជម្រុះ​ សម្រាប់អូឡាំពិក​ជនពិការ ២០២០នៅតូក្យូ (Qualifier Olympic Para Games) ។ ហេតុនេះ នៅដើមឆ្នាំគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា នឹងធ្វើការប្រកួតជើងឯករបស់ខ្លួនដើម្បីចម្រាញ់រកជើងខ្លាំងឲ្យហើយ ។

​លោកយី វាសនាបានសម្ដែង នូវការបារម្មណ៍ ខ្លាចការជម្រុះ សម្រាប់អូឡាំពិកប៉ារ៉ាហ្គេម ធ្វើនៅអឺរុបដែលនៅទី នោះការចំណាយ នឹងអស់ច្រើនជាងនៅអាស៊ី ។បើនៅអាស៊ីការចំណាយ ធ្វើដំណើរ ស្នាក់នៅហូបចុក មិនខ្ពស់ដូចនៅអឺរុបឡើយ ។

​ការប្រកួតជម្រុះ សម្រាប់ប៉ារ៉ាឡាំពិកហ្គេម ២០២០ ប្រភេទបាល់បោះរទេះ នៅទ្វីបអាស៊ី មាន៤កៅអី ។ ជប៉ុនដែល ជាម្ចាស់ផ្ទះ​បានទទួលកៅអីមួយ ដោយស្វ័យប្រវត្តិ ។ប្រទេសចិន ដែលជាប្រទេសខ្លាំងនោះ នឹងដណ្ដើមបានមួយកៅអី ហើយហេតុនេះ​នៅសល់២កៅអីទៀត ដែលកម្ពុជា ត្រូវប្រជែងជាមួយ ប្រទេសដែលខ្លាំងដូចគ្នា គឺកម្ពុជា ង៊ីរ៉ាក់ និងអ៊ីរ៉ង់ នេះមិនទាន់គិត ដល់ប្រទសមួយចំនួន ដែលគេគិតថា នៅទន់ខ្សោយផង ។

​ការចូលរួមក្នុងព្រឹត្តិការណ៍ អូឡាំពិកប៉ារ៉ាហ្គេមកន្លងមក កីឡាជនពិការកម្ពុជា បានចូលរួម តាមប្រព័ន្ធអនុគ្រោះ (Wild Card Sistem) ប៉ុណ្ណោះមិនដែលបាន ចូលរួមតាមរយៈ ការប្រកួតជម្រុះ (Qualifier) នោះឡើយ ។

​លោកយី វាសនាបានសំណូមពរ ឲ្យក្រសួងអប់រំយុវជន និង កីឡាជួយពង្រីកទំហំ នៃការប្រមូលផ្ដុំសម្រាប់កីឡាជនពិការ ការប្រមូលផ្ដុំកីឡាថ្នាល និង បង្កើតឲ្យមាន ការប្រកួតកីឡាជាតិ​ នៃជនពិការ​ (National Para Games)​ ដូចកីឡាធម្មតាដែរ ។

​នៅឆ្នាំ២០១៨ក្រសួងអប់រំយុវជន និង កីឡាបានជួយឧបត្ថម្ភ ក្នុងការប្រមូលផ្ដុំកីឡាករ-កីឡាការិនីបានចំនួន ៣០រូបទាំងគ្រូបង្វឹក តែចាប់ពីឆ្នាំ២០១៩ ទៅលោកសង្ឃឹមថា កីឡាជនពិការរបស់លោក នឹងទទួលបាន ការប្រមូលផ្ដុំដែល មានទំហ៊ំធំជាងនេះ៕

អត្ថបទដែលជាប់ទាក់ទង