ចាប់ជនសង្ស័យ៣ នាក់ ជួញថ្នាំញៀនជាង២.០០០គ្រាប់
ខេត្តកំពត ៖ នគរបាលបង្ក្រាបគ្រឿងញៀន ដោយឃាត់ជនបរទេស និងខ្មែរ៣នាក់ ដកហូតបានថ្នាំសរុបជាង២០០០គ្រាប់ ដែលផ្ញើមកពីក្រៅប្រទេស នៅចំណុចសាខាប្រៃសណីយ៍ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែង ថា គឺកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលផ្ញើមកពីក្រៅប្រទេស តាមរយៈសាខាប្រៃសណីយ៍ខេត្តកំពត នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ស្រីចំនួន២នាក់ (ក្នុងនោះជនបរទេស២នាក់) និងដកហូតថ្នាំញៀនអ៊ិចស្ត្រាស៊ីល ចំនួន១.៥០៣គ្រាប់ និងទឹកថ្នាំសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតតាមីន ចំនួន១កញ្ចប់ធំ។
ជនសង្ស័យឈ្មោះ TASDELEN ONDER ភេទប្រុស អាយុ៣៧ឆ្នាំ ឈ្មោះ ANJERLA ORIBJANOVNA ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ មុំ សុភា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច បានបន្តទៅឆែកឆេរនៅហាង FIREFLY ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០០គ្រាប់ រួមនឹងថ្នាំសង្ស័យជាសារធាតុញៀនចំនួន១៨០គ្រាប់ និងម៉ាទឹកកកទម្ងន់ចំនួន២៦៤,៨៦ក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្រោមការសួរនាំ របស់កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕