ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្កល់សាលក្រម កាត់ទោសឱ្យទណ្ឌិត សម រង្ស៊ី សងជំងឺចិត្តដល់នាយករដ្ឋមន្រ្តីកម្ពុជា

52


ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ទុកជាបានការដដែល ដែលបានកាត់ទោសផាកពិន័យទណ្ឌិត សម រង្ស៊ី ចំនួន១០លានរៀល និងបង្គាប់ឱ្យទណ្ឌិត សម រង្ស៊ី សងជំងឺចិត្តជូនដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ចំនួន៤.០០០លានរៀល ចំពោះបទបរិហារកេរ្តិ៍លើសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទោះយ៉ាងណានៅពេលនេះ ទណ្ឌិត សម រង្ស៊ី មិនមានវត្តមាននៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏ពុំដែលបានសងជំងឺចិត្តទៅសម្តេចតេជោនោះទេ។

លោក គី តិច មេធាវីការពារក្តីឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងសាលដីកានេះ បានសម្រេចដូចតទៅ៖
១៖ បដិសេធបណ្តឹងសាទុក្ខ របស់មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះសម រង្សី ដោយទាស់នឹងគតិច្បាប់ ។
២៖ តម្កល់សេចក្តីសម្រេច ក្នុងសាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការពេញទាំងមូល។
៣៖ សាលដីកានេះ ត្រូវបានប្រកាសជាសាធារណ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកាសសាលដីកានេះ បានធ្វើឡើងបន្ទាប់ពីសាលាកំពូល បានជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ មេធាវីលោក សម រង្ស៊ី ដែលបានប្តឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍កន្លងមក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ដោយផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនដើមបណ្តឹង គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំនួន៤.០០០លានរៀល ក្នុងសំណុំរឿងបទបរិហាកេរ្តិ៍មួយនេះ។ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការណ៍ ដោយសម្រេចផាកពិន័យប្រាក់ចំនួន ១០លានរៀល និងបង្គាប់ឱ្យ លោក សម រង្ស៊ី សងជំងឺចិត្តជូនសម្តេច ហ៊ុន សែន ចំនួន៤.០០០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង