គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ មានទឹកប្រាក់ប្រមាណ៣០លានដុល្លាអាមេរិកជាជំនួយឥតសំណងរបស់ជប៉ុន
ភ្នំពេញ៖ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសជប៉ុន តាមរយៈអង្កការចៃកាមានទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ហើយ គម្រោងទាំងនេះមានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក និងការតម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយ៍បូមទឹកជាដើម។
នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំដំបូងនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមវត្តមានលោកសាំ ពិសិដ្ឋជាប្រធានមន្ទីរ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។
គម្រោងនេះនឹងអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។
២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។
៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង។
ពាក់ព័ន្ធនឹងគម្រោងខាងលើនេះ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះក៏បានធ្លាប់បានអោយដឹងហើយដែរថា គម្រោងជំហ៊ានទី៤នៃការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូនេះ បានផ្តោតទៅលើការងារសំខាន់ៗមួយចំនួនដូចជា ការងាររំដោះទឹក ដែលការងាររំដោះទឹកនេះចែកចេញជាពីរផ្នែក ដែលគោលបំណងធំឬអត្ថប្រយោជន៍ធំ គឺទទួលបាន នៅផ្នែកខាងជើងវត្តភ្នំ នៅក្នុងតំបន់ផ្លូវអមផ្លូវ និងផ្លូវ១៤៧ ដោយចាប់ពីវត្តភ្នំរហូតទៅដល់រង្វង់មូលគួចកាណុង មានផ្ទៃប្រមាណជិត៧០ហិកតា ដែលនឹងត្រូវរៀបចំនិងគិតគូរឲ្យមានជាស្ថានីយ៍បូមទឹកមួយកន្លែង ដែលស្ថានីយ៍បូមទឹកនេះ ជាស្ថានីយ៍ទី៥ ស្របតាមមាត់ទន្លេ មានទីតាំងនៅទល់មុខសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (CDC)។ នៅក្នុងស្ថានីយ៍បូមទឹកនេះ នឹងរៀបចំឲ្យមានអាងស្តុកទឹកក្រោមដី ដែលមានសមត្ថភាពអាចស្តុកទឹកប្រមាណ៦.០០០ម៉ែត្រគូប មុននឹងធ្វើការបូមទម្លាក់ទឹកភ្លៀង ពីអាងស្តុកទឹកចូលទៅក្នុងទន្លេ។ បន្ថែមពីការរៀបចំស្ថានីយ៍បូមទឹកនេះ នឹងមានការដំឡើងជាម៉ាស៊ីនចាប់យកសំរាមដោយស្វ័យប្រវត្តិ ដែលកិច្ចការនេះជាចំណែកមួយនៃគម្រោងជំហ៊ានទី៤ ហើយគម្រោងនេះ នឹងយកទៅបំពាក់នៅគ្រប់ស្ថានីយ៍ទាំង៤ នៅជាប់មាត់ទន្លេ គឺស្ថានីយ៍បូមទឹកផ្សារចាស់ ស្ថានីយ៍ព្រះគម្លង់ ស្ថានីយ៍ផ្សារកណ្តាល និងស្ថានីយ៍ចតុមុខ ដែលជាស្ថានីយស្ថាបនារួចហើយ តាំងពីគម្រោងជំហ៊ានទី២មកម្ល៉េះ ។ បន្ថែមឧបករណ៍កាយសំរាមដោយស្វ័យប្រវត្តិ នៅក្នុងស្ថានីយ៍ទាំង៤ លើគម្រោងជំហ៊ានទី៤នេះ ។ អត្ថប្រយោជន៍នៃការសម្រួលផ្ទៃទឹក នៅក្នុងតំបន់ទួលគោកស្ថិតក្នុង សង្កាត់បឹងកក់១ សង្កាត់បឹងកក់២ ។ ក្នុងគម្រោងនឹងមានការរៀបចំដាក់ប្រព័ន្ធបណ្តាញលូ ក្នុងទំហំ ចន្លោះចាប់ពី ២ម៉ែត្រទី២,៥០ម៉ែត្រ ចម្ងាយប្រមាណជិត៧គីឡូម៉ែត្រ និងការដាក់លូប្រអប់ប្រវែង១,៥គីឡូម៉ែត្រ។ គម្រោងទាំង២នេះ គឺអាចធ្វើការរំដោះឬដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង បានមួយភាគបន្ថែមទៀត នៅក្នុងតំបន់ខាងលើនេះ ហើយនេះជាចំណែកមួយនៃជំហ៊ានទី៤ នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ដែលនឹងត្រូវអនុវត្តន៍និងប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ៕