ការដ្ឋានស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅផ្លូវព្រះនរោត្តមស្ថាបនាសម្រេចបាន៩០ភាគរយហើយ គ្រោងបញ្ចប់នៅចុងខែធ្នូ២០១៨នេះ
ភ្នំពេញ៖ ការដ្ឋានស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅលើបណ្តាយផ្លូវព្រះនរោត្តម មកដល់ពេលនេះ ការស្ថាបនាសម្រេចបានលទ្ធផលប្រមាណ៩០ភាគរយហើយ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ២០១៨ខាងមុខនេះ ពោលគឺនៅតែមួយសប្តាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់ហើយ។
នេះបើតាមការបញ្ជាក់អោយដឹងពីលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ធ្នូ ២០១៨នេះ ខណៈដែលក្រុមការងារ
នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងបំពេញការងារយ៉ាងមមាញឹកនោះ។
លោក ដួង ចាន់សារ៉ាត់បានឱ្យដឹងបន្ថែមទៀតថា ការដ្ឋានស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅលើផ្លូវព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញ បានចាប់ផ្តើមការងារកាលពីខែ កក្កដា ២០១៨ គ្រោងបញ្ចប់នៅថ្ងៃទី២៥ ធ្នូ ២០១៨ អនុវត្តការងារដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានប្រវែង១៦១០ម៉ែត្រ ទំហំ៦តឹក ដោយចាប់ផ្តើមពីមុខមន្ទីរពេទ្យព្រះអង្គឌួង (ផ្លូវ១១០ ) ដល់សហគមន៍អឺរុប ជាប់វិមានឯករាជ ។
លោក ដួង ចាន់សារ៉ាត់បានឱ្យដឹងទៀតថា កំណាត់ផ្លូវ ព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញនេះ ពីដើមមកមិនធ្លាប់មានលូ ក្នុងការរំដោះទឹកនោះទេ ។ដោយមើលឃើញពីបញ្ហាប្រឈមនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តលើការងារនេះភ្លាម។ លោកដួង ចាន់សារ៉ាត់បានបញ្ជាក់ផងដែរថា ក្រោយការស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅផ្លូវព្រះនរោត្តមនេះរួច កំណាត់ផ្លូវនេះនឹងលែងមានការលិចលង់ដោយទឹកភ្លៀងទៀតហើយ៕