អ្នកស្រីអ៊ុក ដារ៉ា ថាក្រុមហ៊ុន ម៉ុង ប្ញទ្ធី ថាបិទផ្លូវមិនឲ្យចូលដី តែសេដ្ឋី ម៉ុង ប្ញទ្ធី បានហៅអ្នកស្រីអ៊ុក ដារ៉ាថាកំពុងតែមកដើរតួជំនួសបក្សប្រឆាំង និងមាតាធម្មជាតិ
ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកស្រីអ៊ុក ដារ៉ា បានសរសេរចោទប្រកាន់ក្រុមហ៊ុន ម៉ុង ប្ញទ្ធី ថាបិទផ្លូវ យកដុំថ្ម ដាក់ទទឹងផ្លូវ មិនឲ្យគាត់បើកឡានចូលទៅក្នុងដីរបស់គាត់នៅតំបន់កែវផុស ប៉ុន្តែករណីនេះលោកស្រីហ៊ុន ស៊ីណាត បានបញ្ជាក់តបវិញថា បងសួរគាត់សិនទៅ សុទ្ធតែគ្នាឯងសោះហ្នឹង។ ចំណែក គណនីហ្វេសប៊ុក ឈ្មោះ ឡូយ ណៃ ចេង បានបញ្ចេញនូវទស្សនៈផងដែរថា សូម្បីតែព្រះពុទ្ធ ក៏មានមាមកផ្ចាញ់ផ្ចាលដែល។ ប៉ុន្តែលោកបណ្ឌិត ម៉ុង ឫទ្ធី បានឆ្លើយតបទៅលោកស្រីអ៊ុក ដារ៉ាវិញយ៉ាងចាស់ដៃតែម្តង ដោយដាក់ចំៗតែម្តងថា បីសាចនោមឆេះនេះ កំពុងតែមកដើរតួជំនួសបក្សប្រឆាំង និងមាតាធម្មជាតិហើយ។
ក្នុងផេកហ្វេសប៊ុក របស់លោកស្រីអ៊ុក ដារ៉ា (Ouk Dara) ដែលបានសរសេរលើផេករបស់ខ្លួន កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា “ឆ្លៀតពេល វេលាបន្តិច មកមើលដី សមុទ្ររបស់ខ្ញុំដែលបានទិញក្នុងឆ្នាំ 2004 នៅកែវផុស ពេលមកដល់ បើកឡានចូលមិនរួច ព្រោះ ក្រុមហ៊ុន ម៉ុង ប្ញទ្ធី បិទផ្លូវ យកដុំថ្ម ដាក់ទទឹងផ្លូវតែម្តង នេះជាសារជាតិ របស់គាត់ បើនរណាមានដីក្បែរគាត់ៗសុំទិញបើមិនលក់ គិគាត់ធ្វើអញ្ចឹង ដឹកដីឆ្នេរសមុទ្រ យកទៅលក់ឲ្យបរទេស បំផ្លាញឆ្នេរស្រុកឯង ដើម្បីផលប្រយោជន៍សួនតួ ព្រៃកោងកាង តាមមាត់ព្រែកបំផ្លាញ់គ្មានសល់ ។ នេះស្ថានភាពពិតៗ ដែលក្រុមហ៊ុន ម៉ុង ប្ញទ្ធី បានយកខ្សាច់រួចហើយ នៅជាប់សមុទ្រតែម្តង មើលតើ នេះជាការពិត យកខ្សាច់ ចេញហើយប្រើពាក្យថា អភិវឌ្ឍន៍ឬ ? បុណ្យសមុទ្រទើបនឹងធ្វើចប់ដោយជោគជ័យ តែហេតុអ្វីបាន សេដ្ឋី ម៉ុង ប្ញទ្ធី ប្រព្រឹត្តមិនមានការអៀនខ្មាស ចង់មានអីម្លេះលោក ប្រើពាក្យជួយអ្នកក្រ សារជាតិគាត់ដើរចោទ ថាគេគំរាមកំហែងប្រជាជនក្រីក្រតូចតាច យកភស្តុតាបញ្ជាក់ មកមិនខ្លាចទេ ដល់ក៏ ហើយ កុំភ្លេច វីដេអូ មាននៅនឹងដៃ ឯកសារមាន ជាក់ស្តែង លោក ម៉ុង ប្ញទ្ធី ចោទថាគេអែបអបភ្លើទេដឹង មុខមហាជន អ្នកមុខអ្នកការ សុំទិញដីខ្ញុំ ខ្ញុំថាមានប៉ុណ្ណឹង ទុកនាំកូនចៅមកលេង លោកហ៊ានប្រើពាក្យថា បើមិនលក់ ប្រយ័ត្ន ស្លាប់គ្មានបានចាយលុយ មើលងាយគេម្លេះ សំឡេងថតបានណាលោក ទាហ៊ានដូចខ្ញុំការពារដីខ្លួនឯងមិនបាន ត្រឹម 4 ហិតា គិតយ៉ាងណា ????? សុំកូនចៅ មិត្តភក្តិ មាមីង ជូយស៊ែរ អោយបានច្រើន ហើយជួយប្រាប់ផងថាខ្ញុំបានយកដីអ្នកក្រដូចគ្នាបានមួយចំអាមណាទេ ?? ខ្សាច់ ឆ្នេរ មាត់សមុទ្រ កែវផុស យកគ្រឿងចក្រ កាយយកខ្សាច់ ជំម្រៅ ជិត១ ម៉ែត្រ យកទៅដាក់ម៉ាស៊ីន លេង ដឹកទាំងយប់ទាំងថ្ងៃ មានសកម្មភាពជាក់ស្តែង ដែលលោកម៉ុង ប្ញទ្ធីបានប្រព្រឹត្ត មិនមានហេតុផលណាដែរ ប្រើពាក្យថា បិទផ្លូវមិនអោយ ជំ ឡុងសា ខនយកដី គាត់ជំទាវ នឹងរងគ្រោះទេមានតែគេយកដីគាត់ មិនមានហេតុផលណាដែរចោទគេថា ខ្ញុំដើរអែមអប ការដើរសិទ្ធិតែមានការចាត់តាំងពីថ្នាក់ដឹកនាំ ហើយភ្លើទេ កុំចេះតែចោទ ស្នើអ្នកមិនដឹងរឿងសុំចុះទៅពិនិត្យមើលជាក់ស្តែង អោយដឹងការពិត យកខ្សាច់មាត់ សមុទ្រឬ អាចយក វីដេអូ ពីសកម្មភាព កាយយកខ្សាច់ នៅមាត់ឆ្នេរ ជាប់សមុទ្រ មានអ្នករងគ្រោះ ច្រើនណាស់ ។ កុំភ្លេចថា ការពិតនៅតែការពិត សេដ្ឋី ម៉ុង បម្រើកងទ័ព ដីយើងការពារមិនបានតើគិតយ៉ាងណា ???”។
ចំណែកលោកស្រី ហ៊ុន ស៊ីណាត (Sinath Hun) ដែលប្អូនសម្តេចនាយករដ្ឋមន្រ្តី បានខំមិនតបទៅលោកស្រីអ៊ុក ដារ៉ា វិញថា “អុញ! ហើយម៉េចដល់ម្លឹង បងសម្លាញ់អើយ សុទ្ធតែគ្នាសោះ ហេតុបានជាធ្វើអញ្ចឹងនោះ បងមានបានសួរគាត់ហើយឬនៅ ? បងសួរគាត់សិនទៅ ពីព្រោះគាត់ច្រើននិយាយថា មនុស្សងាប់ទៅយកទៅមិនរួចទេ “។
ចំណែកឯគណនីហ្វេសប៊ុក ឈ្មោះឡូយ ណៃ ចេង ដែលមានការស៊ែពីលោកស្រីម៉ែន សុន បានបញ្ជាក់ថា “សូម្បីតែព្រះពុទ្ធជាម្ចាស់ នូវមានភិក្ខុទេវទត្តតាមផ្ចាញ់ផ្ចាល តែលទ្ធផលទេវទត្ត ត្រូវព្រះធរណីស្រូប ឯកឧត្ដមបណ្ឌិទ ម៉ុង ឫទ្ធី ធ្វើនូវអំពើល្អ ដែលប្រជាជនទូទាំងប្រទេស គោរពស្រឡាញ់ ក៏មាននាងចិញ្ចាតាមផ្ចាញ់ផ្ចាលដែរ។ ខ្ញុំគាំទ្រលោកឧកញ៉ា ម៉ុង ឫទ្ធី”។
ជាមួយករណីនេះ បើតាមផេកហ្វេសប៊ុកឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththyនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨នេះ បានសរសេរឆ្លើយតបទៅលោកស្រី អ៊ុក ដារ៉ា វិញថា “បីសាចនោមឆេះនេះ កំពង់តែមកដើរតួជំនួសបក្សប្រឆាំង និងមាតាធម្មជាតិហើយ សំណួរសួរថាតើផ្លូវចូលចម្ងាយ40គីឡូម៉ែត្រ និងលូស្ពានជាច្រើននេះ តើអ្នកណាជាអ្នកចេញថវិកាសាងសង់ រូបគាត់ក៏ដូចជាអ្នកផ្សេងទៀត ដែលបានជួយចេញលុយខ្លះដែឬអត់ទេ? ទីតាំងដែលគាត់កំពុងតែមករករឿងនេះ នៅខាងលិចផ្លូវហ៊ុន សែនថ្មរៀង តើហេតុអ្វីបានជាខ្ញុំរៀបចំឈូសឆាយទីតាំងដីនេះ បួនឆ្នាំកន្លងទៅហើយហេតុអ្វី ទើបតែពេលនេះ អស់មានបក្សប្រឆាំង និងមាតាធម្មជាតិ បានគាត់មករករឿង គាត់កំពុងតែប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលហើយ តើហេតុអ្វីបានជាខ្ញុំនិយាយយ៉ាងដូច្នេះគឺដោយសារតែ រាល់ការងារទាំងអស់សុទ្ធតែមានច្បាប់អនុញ្ញាត ពីរាជរដ្ឋាភិបាលទាំងអស់ សរុបទាំងការនាំចេញខ្សាច់ដែលបានបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវផងដែរ ។
ខ្ញុំសុំអោយប្រិយមិត្តFacebook ទាំងអស់មេត្តាជួយពិចារណាផងចុះថា តើតាំងពីខ្ញុំបានចូលមកអភិវឌ្ឍន៍តំបន់អស់រយៈពេល២៣ឆ្នាំ កន្លងផុតទៅហើយ ព្រមទាំងបានសាងសង់ផ្ទះ ផ្តល់ការងារជូនប្រជាជន ដោយផ្ទាល់ និងដោយប្រយោលប្រមាណជាជាងពីរម៉ឺននាក់ តើដែលមានមន្ត្រីរាជការ បុគ្គលិក កម្មករប្រជាជនណានាំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ា ឬក៏បង្ហោះFacebook ដូច្នេះដែឬអត់ទេ ?
ជាចុងក្រោយខ្ញុំសុំសំណូមពរដល់ក្រុមពិធីការសម្តេច សុំមេត្តាឈប់អោយបីសាចនោមឆេះនេះ ចូលក្រុមជាមួយទៀតទៅ ខូចកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់របស់ក្រុមយើងអស់ហើយ ។ ខ្ញុំមិនចង់ជ្រលក់មាត់ជាមួយមនុស្សដែលដើអែបអបយកមុខមាត់ មកគំរាមកំហែងប្រជាជនក្រីក្រតូចតាចបានយូៗ ទៅមកលងដល់ម៉ុង ឫទ្ធីទៀត លងខ្ញុំច្រើនលើកច្រើនសាហើយឃើញមិនតបតកុំនឹកស្មានថាខ្ញុំខ្លាចអោយសោះ មាន Facebook ដូចតែគ្នាទេ លើកនេះមកលងខ្ញុំលេងចំៗឈ្មោះតែម្តង ពីមុនមកមិនដែលបង្ហោះFACEBOOK អីចឹងទេ ។
ប្រិយមិត្តប្រហែលជាស្គាល់មុខគាត់ច្បាស់ហើយមើលទៅថាគាត់ជាអ្នកណា តើគាត់ដែលបានយកលុយផ្ទាល់ខ្លួនទៅជួយកសាង អភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា នៅតំបន់ណាអោយពិតប្រាកដដូចខ្ញុំដែឬអត់ទេ ក្រៅតែពីដើរករឿងគេឯង ឧទាហរណ៍ជាក់ស្ដែងដូចរូបភាពនិងសំណេរដែលគាត់ សរសេរនេះតើវាសំរុំដែឬអត់ទេបផ្លូវស្ពានដែលខ្ញុំជាអ្នកចំណាយលុយផ្ទាល់ខ្លួនយកទៅសាងសង់ ហើយគាត់មិនដែលជួយចេញលុយមួយកាក់មួយសេនផង ហេតុអីបានជាគាត់និយាយអត់មានការអៀនខ្មាសសោះអ៊ីចឹង មនុស្សស្គាល់គ្នាជួបមុខគ្នាជាញឹកញាប់ទូរស័ព្ទក៏មានតើហេតុអី បានជាមិនសួរសិនមុននិងបង្ហោះFacebook ខ្ញុំមិនបន្តទៀតទេទុកអោយប្រិយមិត្តជួយអោយពិន្ទុផងចុះ ប្រជាជនទូទាំងប្រទេសកម្ពុជា រហូតដល់ពិភពលោកគេដឹងទាំងអស់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតអោយម៉ុង ឫទ្ធីទៅបង្កើតទីក្រុងកំពង់ផែឧកញ៉ាម៉ុង ព្រមទាំងដាំដំណាំកសិឧស្សាហកម្មនៅតំបន់នោះ២៣ឆ្នាំកន្លងទៅហើយ ៕