ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរង ពីរខេត្ត ស្លាប់មួយ របួសធ្ងន់មួយ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍

85

ភ្នំពេញ៖ លោកស្រី សោម មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន ត្រូវបានគេដឹងថា បានទទួលមរណភាពទៅហើយ ក្នុងហេតុការណ៍ ​គ្រោះថ្នាក់ចរាចរណ៍ ចំណែកលោកស្រី ប៉ុក ណាឌី ដែលជាអភិបាលរង ខេត្តបន្ទាយមានជ័យ ក៏បានរងរបួសធ្ងន់ផងដែរ ក្នុងដំណើររួមគ្នា មកបំពេញបេសកកម្ម នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នេះបើយោងតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចេញរបាយការណ៍ របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនរងគ្រោះទី១-ប៉ុក ណាឌី អាយុ៤៩ឆ្នាំ ភេទស្រី ជាអភិបាលរង ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) , ទី២-សោម មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ភេទស្រី អភិបាលរងខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣-ឈ្មោះ គីន ណាំចូក ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបរ រថយន្តម៉ាកលុចស៊ីស ជីអេស ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-8971 ទិសដៅពីខេត្តបន្ទាយមានជ័យមកភ្នំពេញ។

យោងតាម របាយការណ៍បន្តថា មុនពេលកើតហេតុរថយន្តខាងលើ បានបើកបរទិសដៅ ពីខេត្តមករាជធានីភ្នំពេញ ពេលមកដល់កន្លែងកើតហេតុ រថយន្តខាងលើ បានរេចង្កូតទៅបុក រថយន្តមួយគ្រឿងម៉ាក សាំយុង និងបន្តទៅបុក រថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀត។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ចំណែកសាកសព យកមកដំកល់ នៅមន្ទីរពេទ្យបង្អែកខេត្ត។ មធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចជំនាញ វាស់វែងយកមករក្សាទុក នៅអធិការស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង