រថយន្តកុងតឺន័របើកលឿនជ្រុលបុករថយន្តដឹកថ្មម៉ាត កំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្តាល អោយគៀបតៃកុង ជាង២ម៉ោងទើបគាស់ចេញបាន
ភ្នំពេញៈ បុរសជាតៃកុងរថយន្តម្នាក់បានរងរបួសបាក់ជើងម្ខាង ខណៈកំពុងបើករថយន្តកុងតឺន័រជ្រុលបុកជាមួយរថយន្តដឹកថ្មម៉ាតពេញទំហឹងបណ្តាលអោយគៀបជាប់ជាមួយចង្កូតរថយន្ត ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ (ហៅផ្លូវចំការដូង) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសាក្សីដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុ រថយន្តដឹកថ្មម៉ាតពេញតែម្តងបាន បើកចេញពីក្រុមហ៊ុនបំណងយកទៅចែកចាយដោយបានបើកឆ្លងកាត់ផ្លូវចំការដូងទិសដៅពីលិចទៅកើត ខណៈនោះស្របពេលដែលរថយន្តកុងតឺន័របើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ឆ្ពោះពីស្ទឹងមានជ័យឡើងទៅរង្វង់មូលគួរស្រូវក៏ជាន់ហ្វ្រាំងមិនទាន់បានជ្រុលចំគូទរថយន្តដឹកថ្មម៉ាតយ៉ាងពេញទំហឹង បណ្តាលអោយក្បាលរថយន្តកុងតឺន័រកម្ពិតគៀបបុរសជាតៃកុងជាប់តែម្តង។ ប្រភពដដែលបន្តថាភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលចរាចរខណ្ឌ រួមជាមួយបងប្អូនប្រជាការពារខណ្ឌ និងប្រជាពលរដ្ឋបានសហការគ្នាប្រមូលសម្ភារជួយសង្គ្រោះតៃកុងរថយន្ត ដោយយកខ្សែកាបទាញត្រង់ចំណុចគៀបអស់រយះពេលជាង២ម៉ោង ទើបអាចសង្គ្រោះបុរសខាងលើបានហើយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះសម្រួលចរាចរជូនប្រជាពលរដ្ឋនឹងបានវាស់វែងអូសយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានាពេលក្រោយ៕