គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល រួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ
ក្រោយបិទបញ្ចប់សន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤១ អាណត្តិទី៥ ដែលដំណើរការអស់រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៨ ដល់២០ ខែធ្នូ ឆ្នាំ២០១៨នោះ នៅវេលាម៉ោង៦ល្ងាចថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលចំនួន១១ចំណុច ដោយក្នុងនោះបានអំពាវនាវដល់ជនរួមជាតិទាំងអស់គ្រប់ទិសទី គ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម រួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៃយើង ដើម្បីបន្តកសាង និងការពារមាតុភូមិ ឲ្យស្ថិតស្ថេររីកចម្រើនខ្លាំងក្លាក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ចប់ការរៀបចំសន្និបាត គណៈកម្មាធិការកណ្តាល នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។
យោងតាមសេចក្តីជូនដំណឹងពីលទ្ធផលនៃអង្គសន្និបាតបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានប្តេជ្ញាមិនឱនក្បាល ចំពោះការដាក់សម្ពាធណាមួយ ពីមជ្ឈដ្ឋានខាងក្រៅឡើយ។
សេចក្តីប្រកាសលទ្ធផល បានបញ្ជាក់យ៉ាងដូច្នេះថា អង្គសន្និបាត តម្កល់ខ្ពស់ស្មារតីស្នេហាជាតិដ៏បរិសុទ្ធ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ការមួលបង្កាច់ភាពត្រឹមត្រូវ របស់នយោបាយ និងសកម្មភាពរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះ ការដាក់សម្ពាធណាមួយពីខាងក្រៅ។ ថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំ រាំងស្កាត់រាល់សកម្មភាព ប្រទូស្តរ៉ាយ ដែលបង្កដោយពួកប្រឆាំង និងមជ្ឈដ្ឋានអន្តរជាតិនានា ដោយប្រតិបត្តិម៉ឹងម៉ាត់រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
អង្គសន្និបាតបានប្តេជ្ញាការពារ និងពង្រឹងដំណើរការប្រជាធិបតេយ្យ ឲ្យចាក់គ្រឹះកាន់តែរឹងមាំនៅកម្ពុជា លើមូលដ្ឋានធានានូវសន្តិភាព និងការអភិវឌ្ឍ និងត្រូវផ្សារភ្ជាប់ជាមួយ ការថែរក្សាអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ជាតិ និងការកសាងសុខដុមរមនា ក្នុងសង្គមកម្ពុជាផងដែរ។
លទ្ធផលអង្គសន្និបាតរបស់គណបក្សកាន់អំណាចនៅកម្ពុជា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ធ្វើការកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ ចំពោះសភាពការណ៍អន្តរជាតិ ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ទាំងខាងយោធា សេដ្ឋកិច្ច នយោបាយ និងច្បាប់ ជាពិសេសការប្រព្រឹត្តរបស់ប្រទេសអ្នកខ្លាំង ដែលប្រកាន់នយោបាយឯកតោភាគីនិយម និងគាំពារនិយម។ នៅក្នុងស្ថានភាពនេះប្រទេសកម្ពុជា បន្តប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន ខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស និងសហគមន៍អន្តរជាតិ ហើយប្តេជ្ញាចូលរួមវិភាគទាន កាន់តែសកម្មដល់បុព្វហេតុ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។
ការប្រើប្រាស់ទណ្ឌកម្មជាមធ្យោបាយគៀបសង្កត់ ប្រទេសអធិបតេយ្យដទៃ ឱ្យធ្វើតាមឆន្ទៈរបស់ខ្លួន ហើយយកតម្លៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មកប្រើប្រាស់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បំពានអធិបតេយ្យ បំពានសិទ្ធិស្វ័យសម្រេច របស់ប្រទេសដែលខ្សោយជាង ធ្វើឱ្យពិភពលោកជួបបញ្ហាប្រឈម និងហានិភ័យកាន់តែច្រើនឡើង ក្នុងពេលដែលបណ្តាប្រជាជាតិ កំពុងរួមគ្នាប្រឹងប្រែងឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
ក្នុងស្មារតីនេះដែរ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីពេលថ្មីៗនេះ ក្នុងការបន្តពង្រឹងពូនជ្រំចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម និងពន្លឿនការដោះស្រាយបញ្ចប់បញ្ហាព្រំដែនដែលនៅសេសសល់ សំដៅកសាងខ្សែបន្ទាប់ព្រំដែនរួមប្រកបដោយ មិត្តភាព សន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការរឹងមាំយូរអង្វែង។
គណបក្សប្រជាជនកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ។
គណបក្សប្រជាជនកម្ពុជា នឹងខិតខំជំរុញការអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាកកាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៩ ដែលមានគោលដៅជាយុទ្ធសាស្ដ្រ៤ សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សន្និបាតដែលដំណើរការរយៈពេល៣ថ្ងៃនេះ បញ្ជាក់ថា គោលដៅជាយុទ្ធសាស្ដ្រ៤នោះរួមមាន៖ ទី១៖ ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ ទី២៖ បង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពជូនប្រជាជន ជាពិសេសស្រទាប់យុវជន ទី៣៖ សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ និង៤៖ បន្ដពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពសេវាសាធារណៈ។
អង្គសន្និបាត ក៏បានពិនិត្យលទ្ធផលនៃការអនុវត្តការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណរបស់ររាជរដ្ឋាភិបាល ដែលមកទល់ឆ្នាំ២០១៨នេះ បានសម្រេចវឌ្ឍនភាពជាមូលដ្ឋាន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ច តាមរយៈការជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការកែទម្រង់តាមវិស័យនានា។
ក្នុងផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី ៤១ អាណត្តិទី៥ ដែលមានរយៈពេល៣ថ្ងៃ (១៨-២០ធ្នូ) គឺបានបញ្ចប់នៅមុននេះបន្តិច នៅកោះពេជ្រ។ អរគុណសមាជិកសមាជិកា ដែលបានចូលរួមពិភាក្សា ផ្លាស់ប្តូរនូវគំនិត យោបល់ល្អៗ អស់រយៈពេល៣ថ្ងៃមកនេះ ដើម្បីរិះរកនូវផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូល។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានជួបជុំសប្បាយរីករាយ ជាមួយក្រុមគ្រួសារទាំងអស់គ្នា”៕