វត្តអារ៉ាមជាថ្នាលបណ្តុះបណ្តាល នូវចំណេះដឹង
ភ្នំពេញ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក អនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី ២៧ នៅសាលសន្និសីទចតុម្មុខនាព្រឹកថ្ងៃសុក្រ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។
អនុសំវច្ឆរៈមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស មានការយាង និមន្ត និងអញ្ជើញចូលរួម ពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំណាងសាសនានាៗ ដែលមានវត្តមាននៅកម្ពុជា និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ជាមហាសន្និបាតដើម្បីពិភាក្សាពិនិត្យវាយ តម្លៃលើវិស័យព្រះពុទ្ធសាសនា ដែលបានអនុវត្តនាពេលកន្លងមកនិងដាក់ទិសដៅដើម្បីអនុវត្តបន្ត។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ដែលមានសុខុដុមនីយកម្មសាសនានៅទូទាំងប្រទេស។ កម្ពុជាមានសាសានាច្រើន តែពលរដ្ឋគោរពសាសនាននាៗ តាមជំនឿរបស់ខ្លួន។ វត្តអារាម ព្រះវិហារឥស្លាម គ្រឹស្តសាសនា និង សាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាត ។ បច្ចុប្បន្នទីវត្តអារាមក្នុងវិស័យពុទ្ធចក្រនៅទូទាំងប្រទេសមានវត្តចំនួន ៤៨៧២វត្ត ហើយមានព្រះសង្ឃចំនួន៦១៩៩៩អង្គ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសសន៍បន្តថា វត្តអារាមមិនគ្រាន់តែ ជាទីសក្ការៈសម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាល នូវចំណេះដឹង បញ្ញាញាណ តម្លៃ សីលធម៌ និងស្មារតី រួមរស់សាមគ្គីគ្នា តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ ទៀតផង។ វិស័យពុទ្ធិកសិក្សា មានការរីកចម្រើនគួរឱ្យកត់ សម្គាល់នេះ គឺមានពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូត ដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា។
ក្នុងសម័យដែលមានការរីកចម្រើន ខាងបច្ចេកវិទ្យានេះ សម្តេចបានគូសបញ្ជាក់ថាបើគេចេះទាញនិងប្រើប្រាស់វា បច្ចេកវិទ្យាទំាងអស់នោះ នឹងជួយលើក កម្ពស់ ដល់វិស័យសាសនាផងដែរ ដូចជាការផ្សព្វផ្សាយជាដើម៕