ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តម្រូវឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍមូលដ្ឋាន

290

ភ្នំពេញ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជា​​​​កំណែទម្រង់ក្នុងវិស័យអភិបាលកិច្ចដ៏មានសារៈ​សំខាន់របស់​រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់​លើការរៀបចំឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដោយឈរលើ​គោលការណ៍នៃ​រដ្ឋបាលឯកភាព និងការអភិវឌ្ឍតាមបែប​ប្រជា​ធិបតេយ្យ។ កំណែទម្រង់នេះបានលើកកម្ពស់ការផ្តល់​​​សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ​របស់ប្រជា​ពលរដ្ឋ និង​ រួមចំណែក​កាត់បន្ថយភាពក្រីក្រ​ប្រកបដោយប្រសិទ្ធភាព។

ដើម្បីឱ្យកំណែ​ទម្រង់វិមជ្ឈការ និងសហវិមជ្ឈការទទួលបាន​ជោគជ័យ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង​កិច្ចដំណើរនេះ គឺជាធាតុផ្សំមួយយ៉ាងសំខាន់មិនអាចខ្វះបាន។ ការចូលរួម​ពីប្រជាពលរដ្ឋប្រៀបបានដូចជាត្រី​វិស័យមួយសម្រាប់ចង្អុលបង្ហាញផ្លូវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ អាច​ធ្វើសេចក្តីសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ឈានទៅអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំ២០១៨ ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ ស្តីពី”វឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីរសៀលថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ លោកចាន់ សុធា ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ ហៅកាត់ថា (គ.ជ.អ.ប) បានមានប្រសាសន៍ឱ្យដឹងថា ពិធីជួបជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយគាំទ្រ និងលើកកម្ពស់ការផ្សព្វផ្សាយនិងការបញ្ជ្រាបការយល់ដឹង ឲ្យបានទូលំទូលាយ ដល់អ្នកសារព័ត៌មាន និងសាធារណជនអំពីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចែករំលែកព័ត៌មាននេះទៅគ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យបានយល់ដឹងកាន់តែច្បាស់ពីវឌ្ឍនភាពសំខាន់ៗ ដែលកើតចេញពីការធ្វើកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហាប្រឈមនានា រួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ ក្នុងគោលសំខាន់ចុងក្រោយ ក្នុងការលើកកម្ពស់ជីវភាព ការរស់នៅរប​ស់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោកង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិ នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ ហៅកាត់ថា (គ.ជ.អ.ប) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៦ បានបង្ហាញពីឆន្ទៈ និងការតាំងចិត្តខ្ពស់ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅ​​ និងគោលបំណង​​សំខាន់ៗនានាដែល​បានកំណត់នៅក្នុងកម្មវិធី​ជាតិរយៈពេល ១០ឆ្នាំ (២០១០-២០២០)។ នៅប្រទេសកម្ពុជា បានប្រើកំណែទម្រង់ចំនួន២ គឺវិមជ្ឈការ និងវិសហមជ្ឈការ។ វិមជ្ឈការ គឺជាការផ្ទេលើកិច្ចដំណើរការមួយ នៃការផ្ទេ ការទទួលខុសត្រូវ ក្នុងការអនុវត្តនូវមុខងារ ចាំបាច់មួយចំនួន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬក៏ស្ថាប័នណាមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារដែលការអនុវត្តនូវការងារនោះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលត្រូវបានផ្ទេមុខងារជាលក្ខណៈជាវិមជ្ឈការ ត្រូវទទួលខុសត្រូវ ត្រូវមានគណនេយ្យភាព មុនបំផុតមុនការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋរបស់ខ្លួន ។ ខ្លួនត្រូវ​ទទួលខុសត្រូវអំពីការអនុវត្តនៅតាមច្បាប់នានារបស់ជាតិ ដែលខ្លួនមានសិទ្ធិចាត់ចែង ប្រើប្រាស់នូវថវិកា និងធនធានមនុស្សដែលពាក់ព័ន្ធនឹងមុខងារ ដើម្បីធានាការបំពេញការងារជូន​ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា “មានន័យថាវិមជ្ឈការ គឺការប្រគល់នូវសិទ្ធិស្ទើរតែទាំងស្រុង ដែលគាត់ត្រូវទទួលខុសត្រូវ បើគាត់ធ្វើខុសជាមួយនឹងច្បាប់ជាតិ “។

ដោយឡែកវិសហមជ្ឈការ គឺជាកិច្ចដំណើរការមួយនៃការផ្ទេអំណាចពីស្ថាប័នថ្នាក់ជាតិ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬក៏ទៅឲ្យមន្ទីរជំនាញ ឬក៏ទីភ្នាក់ងារជំនាញ ដែលជាខ្សែបណ្តោយរបស់វិសហមជ្ឈការ តាមរយៈការធ្វើប្រតិភូកម្មនូវមុខងារទៅឲ្យស្ថាប័នទាំងអស់នោះ ។

លោកបានបន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឫការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិមានសារសំខាន់ខ្លាំងណាស់ ចំពោះការអភិវឌ្ឍមូលដ្ឋាន ព្រោះបាន​បង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកៀកជិតប្រជាពលរដ្ឋ បង្កើនការទទួល​ខុសត្រូវ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ការចូលរួមរបស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ លោកបន្ថែមថា ការចូលរួមពីពលរដ្ឋក្នុងកំណែទម្រង់វិមជ្ឈការ និង​វិសហ​​​​មជ្ឈការ​នេះ គឺជាមធ្យោបាយមួយយ៉ាង​សំខាន់សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដើម្បី​អាចទទួលបានព័ត៌មាន​នានាអំពីតម្រូវការ បញ្ហា​ប្រឈម បំណងប្រាថ្នា បទពិសោធន៍ គំនិត​យោបល់​ពីប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការ​របស់ពលរដ្ឋ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នលេខាធិការដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កំពុងសហការជាមួយនឹង​កំណែ​ទម្រង់​ពីរផ្សេងទៀត គឺកំណែ​ទម្រង់រដ្ឋបាល​សាធារណៈ និងកំណែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុ
​សាធារណៈ ដើម្បីរៀបចំកែសម្រួលនូវរចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋ​​​បាលថ្នាក់ស្រុក ដោយធ្វើ​សមាហរណ​កម្ម​ការិល័យជំនាញនានារបស់ក្រសួងនៅថ្នាក់ស្រុកចូលទៅក្នុងរចនា​សម្ព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ក្នុងគោលបំណងប្រែក្លាយរដ្ឋបាលក្រុង ស្រុកឱ្យទៅជារដ្ឋបាលមូលដ្ឋាន​ច្បាស់លាស់មួយដែល​មានសក្តានុ​ពល ដែលអាចប្រមូលផ្តុំទាំងធនធានមនុស្ស ធនធានហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូន​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ជាផ្នែកមួយនៃការបង្ខិតការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព កាន់តែកៀកប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចអនុម័តអនុក្រឹត្យលេខ២៨៥ ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោម​ជាតិ ក្នុងការប្រើប្រាស់នូវសិទ្ធិអំណាចសម្រាប់អនុវត្តមុខងារជាជម្រើសរបស់ខ្លួន សំដៅលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងសមធម៌ ឆ្លើយតបតម្រូវការរបស់​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ដោយឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដៅវិស័យជាអាទិភាពសំខាន់ៗមួយចំនួន ដើម្បីការអភិវឌ្ឍ​មូលដ្ឋានក្នុងដំណើរការកែទម្រង់ប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការ។ វិស័យទាំងនោះ រួមមាន វិស័យកសិកម្ម អប់រំ បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ធារាសាស្ត្រ សង្គមកិច្ច និងសេដ្ឋកិច្ចជាដើម។

ដើម្បីចូលរួមចំណែក ក្នុងដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ បានរួមចំណែកយ៉ាង​សកម្មក្នុងការអភិវឌ្ឍ លើវិស័យជាអាទិភាព​នៅ​មូលដ្ឋានរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង