ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្លួន តាមច្បាប់រដ្ឋធម្មនុញ្ញ

127

ភ្នំពេញ៖ 
ក្រសួងធម្មការនិងសាសនា បានសហការជាមួយគណៈសង្ឃនាយក ទាំងពីរគណៈ បានរៀបចំអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧ នៅ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោក កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តីតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការយាង និមន្ត និងអញ្ជើញចូលរួម ពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំណាងសាសនានាៗ ដែលមានវត្តមាននៅកម្ពុជា និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលសរុបប្រមាណចំនួន ៨០០អង្គ/នាក់ នៅសាលសន្និសីទចតុម្មុខ។

គួរបញ្ជាក់ផងដែរថា ក្រសួងបានសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងព្រះធម្មថិក សម្ដែងព្រះធម៌ទេសនានៅតាមកម្មវិធីបុណ្យនានា ដើម្បីជួយបញ្ចូលនូវខ្លឹមសារផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជាដើមទៅក្នុងព្រះធម៌ទេសនាផងដែរ។ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៧ បានខិតខំពិភាក្សាពិគ្រោះនិងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុលផុសលើចំនុចខ្លាំងចំនុចខ្សោយ បញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាពេលបច្ចុប្បន្នព្រមទាំងលើកទិសដៅអនុវត្តនាពេលអនាគត ដោយឆន្ទៈប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។

ទន្ទឹមនឹងនេះដែរ អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៧ នេះ ក៏បានដាក់ចេញនូវសង្ឃប្រកាសចំនួន២ច្បាប់គឺ ១-សង្ឃប្រកាសរបស់គណៈមហានិកាយ និង២-សង្ឃប្រកាសរបស់ គណៈធម្មយុត្តិកនិកាយក្នុងទិសដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គួរជាទីគោរពសក្ការៈ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានសង្គម ក្រោមមគ្គុទ្ទេសក៍ដឹកនាំ ដ៏ត្រឹមត្រូវនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហាពុទ្ធសាសនូបត្ថម្ភ ដ៏ឧត្តុង្គឧត្តមចំពោះព្រះពុទ្ធសាសនា ដែលបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ។

លោក ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ចំនួន៣ចំណុច។
ការអំពាវនាវទាំង៣ចំណុចរបស់ លោកឧបនាយករដ្ឋមន្រ្តី​ រួមមានដូចតទៅ៖
ទី១៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្លួន តាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ ដូចជាព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីសហការជាមួយរាជរដ្ឋាភិបាលឱ្យក្លាទៅជាកម្លាំងចលករដ៏មានសារសំខាន់ សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរឹងមាំល្អផូផង់ ជាពិសេសគោរពតាមអនុសាសន៍ណែនាំជាបន្តបន្ទាប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ។
ទី២៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាអនុវត្តឱ្យកាន់តល្អប្រសើរឡើង តាមព្រះវិន័យតាមឋាននុក្រម បំពេញករណីយកិច្ច តួនាទី ព្រះមេគណ ព្រះនុគណ និងព្រះចៅអធិការ ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ក្នុងទិសដៅពង្រឹងគុណភាព ប្រសិទ្ធភាព នៃការគ្រប់គ្រងវត្ត និងព្រះសង្ឃនៅទូទាំងប្រទេស។
ទី៣៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់យកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អឡើងថែមទៀត ជាមួយក្រសួងធម្មការ និងសាសនា មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ក៏ដូចជាសាសនាផ្សេងៗទៀត ដើម្បីសហការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានថ្លែងដែរថា តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា ប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យ គួរឲ្យកត់សម្គាល់ ពិសេសការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការវិវឌ្ឍទៅមុខឥតឈប់ឈរ ក្នុងការកាត់បន្ថយភាពក្រីក្រ រួមទាំងសេរីភាពខាងជំនឿ និងសាសនា ក៏ត្រូវបានលើកតម្កើងផងដែរ ក្នុងនោះរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្ទសាសនា និងសាសនាដទៃទៀត ដែលបាន និងកំពុង ប្រតិបត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌច្បាប់។


សូមជំរាបថា ពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈលើកទី២៧ ដែលបានប្រារព្ធឡើងនៅឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០១៨។ ពិធីនេះ ធ្វើឡើងដើម្បីបូកសរុបសកម្មភាព និងពិនិត្យលទ្ធផល នៃការអនុវត្តសង្ឈប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឈកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ លើការងារព្រះពុទ្ធសាសនា នានាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត សំដៅពង្រឹងការអនុវត្ត រចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងរាល់បទដ្ឋានគតិយុត្តដែលមានស្រាប់ និងពង្រឹងគុណភាព ពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅធ្វើយ៉ាងណា ឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន សក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ្ធ និងជាសាសនារបស់រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង