ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិសនីកម្ពុជា ពន្យល់រឿងផលប៉ះពាល់ដីប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម ខណៈមានពលរដ្ឋមកតវ៉ានៅមុខអគ្គិសនីកម្ពុជា ជិតមួយអាទិត្យ

260

ភ្នំពេញ៖ ពាក់ព័ន្ធជំវិញករណីតំណាង​ប្រជាពលរដ្ឋ ៣០​គ្រួសារ នៅ​ខេត្ត​កំពង់ចាម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល​អគ្គិសនី​លើ​ដី​ស្រែ និង​ដី​លំនៅឋាន នៅ​ថ្ងៃ​ទី២១ មិថុនា​បាន​នាំ គ្នា​បន្ដ​ការ​ទាម​ទារ​នៅ​មុខ​អគ្គីសនី​ជាតិ​កម្ពុជា និង​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ច្រើន​ថ្ងៃ​មកនោះ អគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីពន្យល់យ៉ាងលម្អិត ចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម តវ៉ារឿងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីឆ្លងកាត់ និងប៉ះដីរបស់ពួកគាត់។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា៖ នៅឆ្នាំ២០១៤ អគ្គិសនីកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលត្រូវសាងសង់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ភ្ជាប់ពីខេត្តកំពង់ចាមទៅខេត្តស្ទឹងត្រែង ដើម្បីរុញថាមពលពីប្រភព ផ្សេងៗក្នុងបណ្តាញជាតិទៅជួយដល់តំបន់នៃភាគខាងជើង និងឦសាន និងបន្ទាប់មកយកប្រភពថ្មីចេញពីវារី អគ្គិសនីសេសានក្រោម២ មកជួយផ្គត់ផ្គង់ជូនប្រជាពលរដ្ឋទូទាំងប្រទេសវិញផងដែរ។ ខ្សែបញ្ជូនដែលមានប្រវែង២៤០គីឡូម៉ែត្រនេះ មានអ្នករងផលប៉ះពាល់សរុបចំនួន១.០៥៤ គ្រួសារ ហើយប្រជាពលរដ្ឋ១.០៤៦ គ្រួសារ បានជួយចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដ៏មានប្រយោជន៍នេះ ដោយទទួលយកសំណងតាមគោលការណ៍ដែលសម្រប សម្រួលដោយគណៈកម្មការចម្រុះមួយដឹកនាំដោយអភិបាលរងខេត្តពាក់ព័ន្ធ។ មកទល់ពេលនេះមាន ៨ គ្រួសារតែ ប៉ុណ្ណោះ ដែលពុំទទួលយកសំណង។ គ្រួសារទាំងនេះពុំមានដីដែលរងការប៉ះពាល់ដោយការដាំបង្គោលអគ្គិសនី នោះឡើយ ដោយការប៉ះពាល់គឺគ្រាន់តែជាចំណែកខ្លះនៃដីរបស់ពួកគាត់ស្ថិតនៅក្រោមគន្លងខ្សែតែប៉ុណ្ណោះ។ ក្នុង ស្ថានភាពគ្រាន់តែខ្សែរត់កាត់ ពីលើដែលមានកម្ពស់ប្រមាណ ១០ ម៉ែត្រ នៅចំណុចកណ្តក់ទាបបំផុត និងមានទទឹង ៣០ ម៉ែត្រ (១៥ ម៉ែត្រសងខាងពីខ្សែអ័ក្សបង្គោល) បានលើសពីស្តង់ដាបច្ចេកទេសអគ្គិសនីដែលអនុវត្តជាទូទៅលើ ពិភពលោក ហើយជាគោលការណ៍សំណងត្រូវផ្តល់ជូន ៣០% នៃតម្លៃដីនាពេលសាងសង់គម្រោង (ចំពោះ ទីតាំងដីដែលត្រូវសាងសង់គ្រឹះបង្គោលអគ្គិសនី គឺត្រូវផ្តល់សំណងជូន ១០០% នៃផ្ទៃក្រឡាដីប៉ះពាល់គិតទាំងគ្រឹះកប់ ក្នុងដី)។
ដោយមានការចូលរួមពីប្រជាពលរដ្ឋលើសលប់ និងអាជ្ញាធរដែនដី ការសាងសង់ខ្សែបញ្ជូនត្រូវបានបញ្ចប់ ហើយខ្សែបញ្ជូននេះបាននឹងកំពុងជួយផ្គត់ផ្គង់ថាមពល ជូនតំបន់ខាងលើក្នុងតម្លៃ និងស្ថិរភាពល្អជាងមុនយ៉ាង ច្រើន ដែលបើកផ្លូវឲ្យមានការដាក់ពង្រាយរោងចក្រ ឧស្សាហកម្មជាច្រើន និងសម្រួលជីវភាពជូនប្រជាពលរដ្ឋរាប់ លាននាក់។

នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វិទ្យុអាស៊ីសេរីបានចុះផ្សាយដូចខាងក្រោម៖
១៖ អះអាងថាមានប្រជាជន ៣០ គ្រួសារ ដែលកំពុងរងគ្រោះដោយសារការបោះបង្គោលអគ្គិសនីលើដីស្រែ និង ដីលំនៅដ្ឋាន ។
២៖ អះអាងថា អគ្គិសនីកម្ពុជាបាន “បោះបង្គោលធំៗ ខ្លះចំដីស្រែ និងខ្លះចំដីផ្ទះតែម្តង”។ វិទ្យុអាស៊ីសេរីដែល ញុះញង់ជាប្រចាំនេះ ក៏លើកទៀតថា “ក្រុមប្រជាពលរដ្ឋ ៣០ គ្រួសារ មានជម្លោះដីធ្លីនៅខេត្តកំពង់ចាម បន្តថា ការតវ៉ាប៉ុន្មានថ្ងៃនេះ ពួកគាត់អស់ប្រាក់ទិញម្ហូបហើយ ប៉ុន្តែពួកគាត់នៅសល់អង្ករដែលដាក់មកពីស្រុក”។ មានការចោទប្រកាន់បន្ថែមដោយគ្មានមូលដ្ឋាន ពីសំណាក់លោកស្រីដែលជាអ្នកសម្របសម្រួលសមាគមសិទ្ធិ មនុស្សប្រចាំខេត្តកំពង់ចាមផងដែរ ក្នុងន័យថា អគ្គិសនីកម្ពុជាមិនចង់ដោះស្រាយជូនប្រជាជន ដោយលើក លេខ៣០ គ្រួសារមកនិយាយដូចគ្នា ហើយចោទថា “បដិសេធ និងមិនទទួលខុសត្រូវ”។

អគ្គិសនីកម្ពុជាសូមបំភ្លឺថា ប្រជាពលរដ្ឋដែលកំពុងតវ៉ាក្រោមការរៀបចំរបស់លោកស្រី មិត្ត គឹមថា ដែលស្វាមី មានឈ្មោះ ស៊ុ ដារិទ្ធិ ជាអនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងលោកស្រី ចាប សុខជា ដែលស្វាមីមានឈ្មោះ ហ៊ី លី ជាមន្រ្តីផ្នែកជលផលនៃសាលាជាតិ កសិកម្មកំពង់ចាមនេះគឺ៖
១៖ ជាក់ស្តែងមាន ៨ គ្រួសារប៉ុណ្ណោះ ដែលនៅមិនទាន់ព្រមទទួលសំណង ដែលអ្នកខ្លះរងផលប៉ះពាល់ តិចតួចបើធៀបនឹងដីរបស់គាត់ដែលមាន ដូច្នេះមិនមែន ៣០ គ្រួសារទេ។

២៖ គ្មានបង្គោលណាស្ថិតក្នុងដីពួកគាត់ទេ មានតែខ្សែរត់កាត់ពីលើដែលមានកម្ពស់ប្រមាណ ១៥ ម៉ែត្រ នៅចំណុចកណ្តក់ទាបបំផុតដែលជាកម្ពស់លើសពីស្តង់ដាបច្ចេកទេសអគ្គិសនី (ដីទាំងពីររបស់ពួកគាត់ មានកណ្តក់ខ្សែកម្ពស់ប្រមាណ ២០ ម៉ែត្រដោយសារនៅក្បែរបង្គោល) ហើយប្រជាពលរដ្ឋអាចទទួល បានសំណង ៣០ភាគរយ ជាការប៉ះប៉ូវ រីឯកម្មសិទ្ធិពួកគាត់នៅរក្សាដដែល និងអាចប្រកបរបដែលពួកគាត់ ធ្លាប់ធ្វើពីមុនក្រោមខ្សែបាន កុំឲ្យតែប៉ះពាល់ដល់សុវត្ថិភាពខ្សែ ដែលធម្មតាត្រូវមានគម្លាត ៤,២ ម៉ែត្រ។
៣៖ ទីតាំងដីរបស់ពួកគាត់មិនមែន ស្ថិតនៅក្នុងតំបន់ប្រជុំជន ដែលថ្លៃដូចពួកគាត់ចង់បាននោះឡើយ។ ដីរបស់ប្រជាពលរដ្ឋមេតវ៉ាក្នុងការរៀបចំការតវ៉ាមិន សមស្របទាំងពីរខាងលើ គឺមានស្ថានភាពដូចរូបភ្ជាប់ជូន។

គួរឲ្យសោកស្តាយ ម្ចាស់ដីទាំងពីរខាងលើ លោកស្រី មិត្ត គឹមថា និងលោកស្រី ចាប សុខជា ទាំងពីរគ្រួសារ បានធ្វើការប្រឆាំងតវ៉ាជាហូរហែរ រហូតដល់ការអង្គុយនៅមុខទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា ក្បែររមណីយដ្ឋាន វត្តភ្នំ មានអមដោយសារព័ត៌មាន ឈ្មោះ សាន ប៊ុនធឿន និងសារព័ត៌មាន Swiftnews (Best TV) ហើយផ្តល់ការ សម្ភាសន៍ពុំមានមូលដ្ឋានសមរម្យ។

ទោះបីជាយ៉ាងនេះក្តី អគ្គិសនីកម្ពុជានៅតែមានជំហរបន្តការចរចា និងដោះស្រាយតាមគោលការណ៍ ក៏ដូចជា នីតិវិធីច្បាប់ដែលមានជាធរមាន ទោះបីជាការសាងសង់បង្គោល និងអូសខ្សែបណ្តាញត្រូវបានបញ្ចប់រួចរាល់ក៏ដោយ។ ចំពោះទីតាំងដែលបានផ្តល់ជូន ១,៨$/ម២ គឺជាទីតាំងក្រោមគន្លងខ្សែតែប៉ុណ្ណោះ ដែលនៅតែជាកម្មសិទ្ធិរបស់ពួក គាត់ដដែលដែលត្រូវបានទូទាត់ជូន៣០% ដូច្នេះតម្លៃពេញគឺ ៦$/ម២ ដែលផ្តល់ជូននៅរវាងឆ្នាំ២០១៤-២០១៥។ ក្នុងករណីតម្លៃថ្លៃលើសពីគោលការណ៍ ដែលបានយកទីផ្សារជាមូលដ្ឋាននៅក្នុងពេលអនុវត្តការសាងសង់នោះ នឹងមានភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋចំនួន១,០៤៦គ្រួសារ ដែលបានឯកភាព និងទទួលយកសំណងរួច។

ឆ្លៀតក្នុងឱកាសនេះ អគ្គិសនីកម្ពុជាសូមគោរពថ្លែងអំណរគុណ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងបានចូល រួមចំណែកគាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលតាមរយៈនេះជាតិខ្មែរទាំងមូលនឹងបន្តទទួលបានការ ផ្គត់ផ្គង់អគ្គិសនីដែលកាន់តែមានវិសាលភាពទូលាយទៅៗ មានស្ថិរភាពកាន់តែប្រសើរជាលំដាប់ ហើយជាពិសេសថ្លៃ អគ្គិសនីនឹងបន្តធ្លាក់ចុះ ដើម្បីបង្កើនភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម ការអភិវឌ្ឍន៍ផ្សេងៗទៀត និងជួយកាត់ បន្ថយចំណាយផ្ទាល់ជូន ប្រជាពលរដ្ឋខ្មែរទាំងមូល។

សូមបញ្ជាក់ថា តំណាង​ប្រជាពលរដ្ឋ ៣០​គ្រួសារ នៅ​ខេត្ត​កំពង់ចាម ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បោះ​បង្គោល​អគ្គិសនី​លើ​ដី​ស្រែ និង​ដី​លំនៅឋាន នៅ​ថ្ងៃ​ទី២១ មិថុនា​បាន​នាំ គ្នា​បន្ដ​ការ​ទាម​ទារ​នៅ​មុខ​អគ្គីសនី​ជាតិ​កម្ពុជា ក្រោយ​ពី​ពួក​គាត់​បាន​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរោបនីយកម្ម និង​សំណង់ ជា​ច្រើន​ថ្ងៃ​មក។ អ្នក​ការពារ​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​ប្រធាន​អគ្គីសនី​ជាតិ​កម្ពុជា និង ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី រក​ដំណោះ​ស្រាយ​ជាមួយ​គ្នា ដើម្បី​បញ្ចប់​ទំនាស់។

ពលរដ្ឋបាននាំគ្នាបោះតង់ និង​ដាំ​បាយ​ហូប នៅ​មុខ​អគ្គិសនី​ជាតិ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​ ចេញ​មក​ដោះ​ស្រាយ​ផល​ទំនាស់ជា​មួយ​ពលរដ្ឋ។ តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ភាគ​ច្រើន គឺ​ជា​ស្ត្រី ពួក​គេ​ទាមទារ​ឲ្យ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គិសនី​កម្ពុជា និង​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​អន្ដរាគមន៍​។

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៣០​គ្រួសារ ​ជាមួយ​នឹង​អាជ្ញាធរ​អគ្គិសនី​ខេត្ត​កំពង់ចាម បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៥ ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម គឺ​បន្ទាប់​ពី​អគ្គិសនី​កម្ពុជា បាន​បោះ​បង្គោល​ធំៗ ខ្លះ ចំ​ដី​ស្រែ និង​ខ្លះ​ចំ​ដី​ផ្ទះ​តែ​ម្ដង។ ប្រជាពលរដ្ឋ​នាំ​គ្នា​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​អាជ្ញាធរ​ខេត្ត តាំង​ពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​បាន​ត្រឹម​សន្យា​ និង​ផ្ដល់​សំណង​ផល​ប៉ះពាល់​ជូន​ពួក​គាត់​ក្នុង​កម្រិត​ដែល​មិន​អាច​រស់​បាន គឺ ១​ម៉ែត្រការ៉េ​តម្លៃ​ជិត ២​ដុល្លារ។

ពលរដ្ឋអះអាងថា ពួក​គាត់​បាន​នាំ​គ្នា​មក​រក​អន្ដរាគមន៍ ៤​ថ្ងៃ​ជាប់ៗ គ្នា​ហើយ នៅ​រាជធានី​ភ្នំពេញ គឺ​សុំ​ការ​អន្ដរាគមន៍​នៅ​ក្រសួង​រៀបចំ​ដែន​ដី និង​អគ្គិសនី​​កម្ពុជា។

ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ គឺ លោកស្រី មិត្ត គីមថា ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា តែង​តែ​បង្ខិតបង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​សំណង​ដី ជិត ​២​ដុល្លារ​ក្នុង ១​ម៉ែត្រការ៉េ​នោះ ហើយ​គំរាម​ថា បើ​មិន​ទទួល​យក​ទេ ទោះ​បី​ប្ដឹង​ដល់​ណា ក៏​មិន​បាន​លទ្ធផល​ដែរ ។ ពលរដ្ឋ​បន្ដ​ថា ក្រៅ​ពី​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​សំណង​មិន​សមរម្យ ក្រុម​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ បាន​ចោទ​ពួក​គេ​ថា ជា​ក្រុម​ប្រឆាំង ឬ​ក្រុម​បដិវត្តន៍​ពណ៌​ជា​ដើម។

លោក គួច ចំរើន បានលើកឡើង​ថា ដំណោះ​ស្រាយ​គោលនយោបាយ​របស់​អគ្គិសនី​កម្ពុជា​នេះ គឺ​មាន​ការ​ចូលរួម​វាយ​តម្លៃ ត្រឹមត្រូវ​ពី​ស្ថាប័ន​ឯករាជ្យ ហើយ​ការ​ដោះ​ស្រាយ​នេះ គឺ​មិន​អាច​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​ខុសៗ គ្នា​នោះ​ទេ៕

អត្ថបទដែលជាប់ទាក់ទង