អតីត ឌីជេ ឡាយអិន និងបក្ខពួក ត្រូវ ព្រះរាជអាជ្ញាចោទប្រកាន់
ភ្នំពេញ ៖ លោក ឡុង ជាប ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានសម្រេចធ្វើការចោទប្រកាន់ លើអតីតឌីជេ ឡាយអិន រួមនឹងបក្ខពួក ៣នាក់ ពាក់ព័ន្ធករណីរក្សាទុកជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ដើម្បីចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀន កាលពីម៉ោង២យប់ឈានចូលថ្ងៃទី១៩ ធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៤នាក់ គឺមានពិធីករទូរទស្សន៍ល្បីម្នាក់ និងដកហូតបានថ្នាំញៀនបានជាង១គីឡូក្រាម ។ ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ ឌីជេ ឡាយអិន ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ២-ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ៣-ឈ្មោះ អីុន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេខ្លោង) និង៤-ឈ្មោះស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក ទើបចេញពីពន្ធនាគារ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើម ដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ មជ្ឈមណ្ឌលកម្សាន្តរ៉ុក រួមមាន ៖ ១-សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៣៧៤.៣៩ក្រាម ២-សារធាតុញៀនប្រភេទអិុចស្តាស៊ី ចំនួន១៥៦២គ្រាប់ ស្មើនឹងទម្ងន់៦០៩,៣៣ក្រាម សរុបជាង១គីឡូក្រាម ៣-អាវុធខ្លី១ដើម (ឡុក) និង៤-ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿងផងដែរ ៕