ជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសជួលស្រ្តីឲ្យពពោះជំនួស ត្រូវតុលាការឲ្យត្រឡប់ទៅអង្គភាពវិញ
ភ្នំពេញ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ចប់ការសាកសួរជាបណ្តោះអាសន្ន លើក្រុមជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធបទល្មើសជួលស្រ្តីឲ្យពពោះជំនួស។
នគបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ប្រុសស្រី៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរកណីជួលស្ត្រីខ្មែរ ឲ្យពពោះយកកូន ទៅលក់ឲ្យជនបរទេស។ ការចុះបង្ក្រាបស្រ្តីស៊ីឈ្នួលពពោះជំនួសនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនជនសង្ស័យស្រីប្រុស៥នាក់ និងរំដោះបាននារីរងគ្រោះចំនួន៣៣នាក់។ ប្រតិបត្តិការនេះ ស្ថិតក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំបង្ក្រាបដោយ លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ផ្ទះទី១៖ផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ ដែលបុរសម្នាក់ ឈ្មោះ LlU QlANG អាយុ៤៩ឆ្នាំ និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ2A-6883 ម៉ូតូហុងដា Today ពណ៌ខ្មៅ មួយគ្រឿង និងផ្ទះទី២៖ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្តមួយគ្រឿង ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8863 និងដកហូតឯកសារមួយចំនួន លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗ។ ស្រ្តីម្នាក់ បាននិយាយថា ដោយរាល់ថ្ងៃខ្លួន ធ្វើការនៅរោចក្រ បន្ទាប់មកក៏មានមិត្តភក្តិបបួល ដោយនិយាយថា បានលុយច្រើនរហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅក៏យល់ព្រម ពេលនោះមិត្តភក្តិក៏បានឲ្យម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញតែម្ដង។ នារីរងគ្រោះបានបន្តទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីពេទ្យ ដើម្បីបាញ់មេជីវិតចូល ដោយបានឈ្នួលក្នុងតម្លៃពពោះកូន១ បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ៗមកទៀត៣០០ដុល្លារ រហូតដល់កើតទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត៕