តារាល្បី ជាង៣០នាក់ត្រៀមធ្វើឲ្យភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៍សម្ពោធ៣ថ្ងៃ វិមានឈ្នះ ឈ្នះ
ភ្នំពេញ៖ យ៉ាងហោចណាស់ មានតារាប្រុស ស្រី ល្បីឈ្មោះ ជាង៣០នាក់ បានត្រៀមខ្លួនរួចជាស្រេច បង្អួតសម្រស់ សមត្ថភាព និងការស្លៀកសម្លៀកពាក់ជាតិ និងអន្តរជាតិបង្ហាញ ក្នុងព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះ និងអបអរខួប២០ឆ្នាំ នយោបាយឈ្នះឈ្នះ ដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំនេះ ។
ព្រឹត្តិការណ៍ ដ៏គួរឲ្យគេចាប់អារម្មណ៍សម្រាប់ចុងឆ្នាំ២០១៨នេះ គឺពិធីសម្ពោធវិមានឈ្នះ-ឈ្នះ និងពិធីរំលឹកខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ដែលនឹងប្រព្រឹត្តទៅនៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ព្រឹត្តិការណ៍ចម្រុះជាច្រើន ត្រូវបានរៀបចំបង្កើតឡើងដើម្បីអបអរពិធីដ៏អស្ចារ្យនេះ ដែលរួមមានការ ពិព័រណ៌ផលិតផលជាង៦០០ស្តង់ ការប្រកួតកីឡាការសម្តែងសិល្បៈ បញ្ចាំងរឿងភាពយន្ត ការប្រគំតន្រ្តី កម្មវិធីបាញ់ កាំជ្រួច ដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ ដែលបើកឱ្យមហាជនចូលរួមដោយសេរី ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងផងដែរ នោះ គឺនឹងមានវត្តមានតារាចម្រៀង តារាសម្តែង និងបង្ហាញម៉ូដប្រុសស្រីល្បីឈ្មោះជាច្រើនកុះករ ចូលរួមអបអរសាទរពិធីដ៏អស្ចារ្យនេះពិសេស គឺការបង្ហាញម៉ូដជាមួយនឹងសម្លៀកបំពាក់ បណ្តាតំណាងប្រទេសជាច្រើនផងដែរ ។
លោក អាឡាស្កូ បានបញ្ជាក់ថា៖ សិល្បករជាង៣០នាក់នឹងស្លៀកសម្លៀកបំពាក់ ដែលឆ្នៃយ៉ាងប្រណីតផ្ចិតផ្ចង់ ដោយជាងជំនាញ តំណាងឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនានាមួយចំនួនទៀត ។
លោកថា សិល្បករទាំងអស់បានចាប់ផ្តើមធ្វើការហាត់សមចាប់ពីថ្ងៃទី២៤ខែធ្នូនេះ និងត្រៀមសមសម្រាប់ឆាកធំនៅថ្ងៃទី៣០ ខែធ្នូ មុនពេលការបង្ហាញមុខជាផ្លូវការនៅថ្ងៃទី៣១ខែធ្នូនេះ ។ លោកបន្តថា កម្មវីធីនេះត្រូវបានដឹកនាំផលិតដោយផលិតករទូរទស្សន៍បាយ័ន ។ លោកថាមានការជ្រើសរើសតួយ៉ាងផ្ចិតផ្ចង់ផងដែរ ដើម្បីឲ្យប្រាកដថាតួទាំងនោះ មានទម្រង់មុខស្រដៀងគ្នា ទៅនឹងប្រជាជននៃបណ្តាប្រទេសទាំងនោះ ហើយសិល្បករទាំងនោះក៏នឹងបដិសណ្ឋារកិច្ច និងអមដំណើរបណ្តាមន្ត្រីស្ថានទូតនានាប្រចាំនៅកម្ពុជាផងដែរ ។
លោកថា សិល្បករទាំងអស់នឹងត្រូវជួបជុំគ្ នារៀបចំពិធីក្រុងពាលីសុំសេចក្តីសុខនៅថ្ងៃទី២៨ ខែធ្នូ នេះផងដែរ ។ លោករំពឹងថាការបង្ហាញរូបសម្រស់ សមត្ថភាព ទេពកោសល្យ ក្នុងព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននេះនឹងក្លាយជាចំណាប់អារម្មណ៍ថ្មីសម្រាប់មហាជន ហើយលោក និងសិល្បករទាំងអស់ពិតជាសប្បាយរីករាយ ដែលបានចូលរួមក្នុងកម្មវីធីដ៏សម្បើមនេះ ។
សូមបញ្ជាក់ថា៖ វិមានឈ្នះឈ្នះ ដែលសាងសង់យកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា ដើម្បីទុកជាមរតក សម្រាប់កូនខ្មែរ ជំនាន់ក្រោយ គឺមានកម្ពស់ ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ ។ វិមាននេះ ត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៨ ហិចតាស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ៕