ប្តឹងវេបសាយមួយ ទៅតុលាការខេត្តបាត់ដំបង ដែលផ្សាយរឿង លោកស័ក្តិ ៣ស្វាយ ភិរម្យ សម្ងំលក់ឆ្នោត
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីមានវេបសាយមួយចុះផ្សាយរឿងមួយ មានចំណងជើងថា “លោកស័ក្តិ ៣ស្វាយ ភិរម្យ សម្ងំលក់ឆ្នោតយ៉ាងរលូន លោកស្នងការមិនគួរមើលរំលង!” ស្នងការដ្ឋាន បានសម្រេចដាក់ពាក្យបណ្តឹង ចូលទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួនចំពោះការចោទប្រកាន់នេះ។
បើតាមផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨នេះ បានបញ្ជាក់ថា” ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់ខ្លួន ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានពិតប្រាកដ នាពេលកន្លងទៅ ដោយអ្នកសារព័ត៌មាន លោកអនុសេនីយ៍ឯក ស្វាយ ភិរម្យ នាយរងការិយាល័យ នគរបាលបចេ្ចកទេស-វិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្រេចដាក់ពាក្យបណ្តឹង ចូលទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបងហើយនៅថ្ងៃនេះ “។
សូមបញ្ជាក់ថា បើតាមការចុះផ្សាយរបស់វេបសាយ tnn-news.com នូវអត្ថបទមួយមានចំណងជើងថា “លោកស័ក្តិ ៣ស្វាយ ភិរម្យ សម្ងំលក់ឆ្នោតយ៉ាងរលូន លោកស្នងការមិនគួរមើលរំលង!”។ លោកស័ក្តិ៣ស្វាយ ភិរម្យ នាយរងការិយាល័យបច្ចេកទេសនិងពិនិត្យកន្លែងកើតហេតុ កំពុងបើកទ្ធារ លក់ឆ្នោតយួន-សៀម គ្មានញញើតច្បាប់ទាល់តែសោះ ពីព្រោះលោកអាងរិទ្ធិអំណាចរបស់ខ្លួនជាមន្ត្រីនគរបាលជើងខ្លាំង។
ចំពោះទីតាំងដែលមន្ត្រីគ្រាប់ល្ពៅខាងលើ បានបើកលក់យ៉ាងរលូន គឺស្ថិតនៅខាងជើងអធិការដ្ឋានប្រហែលជា ១០០ម៉ែត្រតែប៉ុណ្ណោះ អាជ្ញាធរភូមិ ឃុំសង្កាត់ទួលតាឯក និងសមត្ថកិច្ចខេត្តបាត់ដំបង មិនដែលយកភ្នែកមើល ឬបង្ក្រាបម្តងណាឡើយ។
បើយើងនិយាយអំពីច្បាប់ល្បែងកន្ទុយលេខនេះ គ្មានច្បាប់ណាអនុញ្ញាតនោះទេ ប៉ុន្តែផ្ទះលោកស្វាយ ភិរម្យ ជាមន្ត្រីនគរបាល បែរជាបើកលក់កន្ទុយលេខ ជាហេតុធ្វើឲ្យជនល្មើសដទៃទៀត បង្កើនទីតាំងជាច្រើន នៅក្នុងផ្សាររោងចក្រ ទល់មុខអធិការដ្ឋានក្រុងបាត់ដំបង។
លោកឧតមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេតបាត់ដំបង បានជ្រាបជាដំណឹងរួចហើយ ប៉ុន្តែនៅតែគ្មានចំណាត់ការ។
ប្រភពព័ត៌មានពីអស់លោកអ្នកស្នេហាវិស័យកន្ទុយលេខឆ្នោត យួន-សៀម តែងនាំគ្នាទៅផ្សងសំណាង រាល់ថ្ងៃនិងមួយចំនួនទៀតអង្គុយកែនលេខ ឬចាក់តាមឆាតក៏មាន ដូច្នេះហើយតម្លៃនៃកងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចគឺគ្មានន័យ។
ពាក់ព័ន្ធករណីដូចការរៀបរាប់ខាងលើ លោកស្នងការគួរស្រាវជ្រាវបង្ក្រាប ឬបញ្ឈប់សកម្មភាពចៀសវាង ប៉ះពាល់កិត្តិយសចំពោះកងកម្លាំងនគរបាលខេត្តបាត់ដំបង៕