កូនសិស្សលោកវត្តបទុមវតី៣នាក់ ប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ដើម្បីបន្សាប
ភ្នំពេញ ៖ កូនសិស្សលោក៣នាក់ ស្នាក់នៅវត្តបទុមវតី ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានសម្តេចព្រះចៅអធិការវត្ត ស្នើសុំពីសមត្ថកិច្ចនិងតុលាការ ដើម្បីចាប់បញ្ជូនពួកគេទាំង៣នាក់នោះ ទៅបន្សាបគ្រឿងញៀន។ ជាមួយនឹងករណីនេះ កម្លាំងសមត្ថកិច្ចបានចាប់បញ្ជូនកូនសិស្សលោកទាំង៣នាក់នេះ ទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀនឱកាសខ្ញុំ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ។
តាមការឲ្យដឹងពី អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានទទួលលិខិតចម្រើនពរ ជួយអន្តរាគមន៍ ពីសម្តេចព្រះចៅអធិការវត្តបទុមវត្តី និងទទួលបានការអនុញ្ញាត ពីលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមឲ្យកម្លាំងសមត្ថកិច្ច ជួយបញ្ជូនយុវជនរងគ្រោះ៣នាក់ (កូនសិស្សលោក) ទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀនឱកាសខ្ញុំ។ យុវជនទាំង៣នាក់រួមមាន ៖ ១. ឈ្មោះ តុ សិលា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកុដិលេខ១ វត្តបទុមវតី ។ ២.ឈ្មោះ ឆោម អ៊ាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិលេខ១ វត្តបទុមវតី និង៣.ឈ្មោះ លីវ ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ កុដិលេខ១ វត្តបទុមវតី ៕