ចាប់យុវជនម្នាក់ ក្លែងខ្លួនធ្វើជាសមត្ថកិច្ច ចូលដេកក្នុងផ្ទះសំណាក់ ចំប៉ីផ្សារលើ បន្លំលួចសម្ភារៈភ្ញៀវ ដែលគេងបន្ទប់ក្បែរគ្នា
ព្រះសីហនុ៖ យុវជនម្នាក់ ដែលបានក្លែងខ្លួនធ្វើជាសមត្ថកិច្ច ចូលដេកក្នុងផ្ទះសំណាក់ ចំប៉ីផ្សារលើ ហើយបានបន្លំលួចសម្ភារៈភ្ញៀវ ដែលគេងបន្ទប់ក្បែរគ្នា ហើយបានលួចទៅលើធនាគា ABA សាខាក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ នាថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ធ្វើការឃាត់ខ្លួនបាន ពេលជននេះរត់ទៅលាក់ខ្លួនក្នុងធុងទឹក។
លោក វរសេនីយ៍ទោ លី សុខ ហ៊ីនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំការបង្រ្កាបនេះបាន បញ្ជាក់ថា ការឡោមព័ទ្ធចាប់ខ្លួនយុវជនសង្ស័យនេះ បន្ទាប់ពីម្ចាស់ផ្ទះសំណាក់ យីហោ ចំប៉ីផ្សារលើ បានរាយការណ៍មកថា មានយុវជនម្នាក់ពាក់ឯកសណ្ឋានជាប៉ូលីស បានចូលមកស្នាក់នៅក្នុងផ្ទះសំណាក់ ហើយបានធ្វើសកម្មភាពបន្លំចូលក្នុងបន្ទប់ភ្ញៀវ ដែលស្នាក់នៅក្នុងផ្ទះសំណាក់ ដោយបានលួចយកសម្ភារមួយចំនួន។
បន្ទាប់ពីមានការភ្ញាក់ផ្អើលថា ភ្ញៀវនៅក្នុងផ្ទះសំណាក់ ទើបម្ចាស់សំណាក់បានឆែកកាមេរ៉ាសុវត្តិភាព ទើបដាក់ការសង្ស័យភ្ញៀវ ដែលស្នាក់នៅបន្ទប់លេខ១១ ជាន់ទី២ បន្ទាប់មកបុគ្គលិកក៏បានទៅគោះទ្វារយុវជនសង្ស័យ ប៉ុន្តែត្រូវបានជនសង្ស័យប្រវាយប្រតប់រត់គេចខ្លួន លួចផ្លោះដំបូលឆ្លងមកចូលដំបូលរបស់ធនាគា ABA ធ្វើមហាជនជាច្រើនមានការភាន់ច្រឡំថា មានចោរចូលក្នុធនាគារ ABA ។ កម្លាំងសមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ធ្វើការឡោមព័ទ្ឋទីតាំងកើតហេតុ ដោយបានធ្វើការឆែកឆេរ រហូតរកឃើញជនសង្ស័យដែលចូលទៅសម្ងំលាក់ខ្លួន ក្នុងស៊ីទែនទឹក។
យុវជនសង្ស័យ មានឈ្មោះ សេង វិឆ័យ អាយុ២៧ឆ្នាំ រួមជាមួយវត្ថុតាងដែលសមត្ថកិច្ចរកឃើញរួមមានៈ អាវធំ ពណ៌ខ្មៅ មានសរសេរថាPOLICE ម៉ូតូពណ៌លឿង គ្មានស្លាកលេខមួយគ្រឿង អាយកូមមួយគ្រឿង ស្បែកជើងកវែងចំនួន១ អាវឯកសណ្ឋានប៉ូលិសគ្មានស្លាកឈ្មោះមួយកំផ្លេ។
យោងតាមចម្លើយសារភាពរបស់យុវជនសង្ស័យ បានឱ្យដឹងថា ខ្លួនពិតជាបានចូលលួច យកសម្ភាររបស់ភ្ញៀវ ពិតប្រាកដមែន ដោយសារតែឃើញទ្វារបន្ទប់របស់ភ្ញៀវនោះបើកចំហរ ឯចំពោះឯកសណ្ឋានប៉ូលិស ខ្លួនបានសុំពីប៉ូសិលចូលនិវត្តន៍ម្នាក់ ដែលគេទុកចោល ប៉ុន្តែខ្លួនពុំបានពាក់ឈ្មោះនោះទេ៕