យកភ្លើងដុតគល់ឈើ ផ្ទុះគ្រាប់៦០មិល្លីម៉ែត្រ ស្លាប់២នាក់ប្ដីប្រពន្ធ
បាត់ដំបង ៖ ២នាក់ប្ដីប្រពន្ធ យកភ្លើងទៅដុតគល់ដើមឈើធំ ដែលកូនឈើតូចៗដុះព័ទ្ធ រហូតដល់ឆេះខ្លាំង ស្រាប់តែផ្ទុះគ្រាប់លាន់កក្រើក បណ្ដាលឲ្យបុរសជាប្ដីស្លាប់ភ្លាមៗ រីឯប្រពន្ធស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំបួរ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៤ ធ្នូ នេះ ស្ថិតនៅចំណុចបឹងអន្ទង់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនោះ បុរសជាប្ដីឈ្មោះជាតិ អាយុប្រហែល៥០ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណទេ តែបានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពបួរ។ ជនរងគ្រោះមានស្រុកកំណើតនៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត បានមកស្នាក់នៅបណ្តោះអាសន្ន ធ្វើកម្មករកាប់ដំឡូងមី នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធនេះ បានយកភ្លើងទៅដុតព្រៃឈើតូចៗដុះជុំវិញគល់ដើមឈើធំ ដោយមិនបានដឹងថា គល់ឈើនោះ មានគ្រាប់កាំភ្លើងកប់ចោលនោះទេ លុះដុតឆេះស្រាប់តែផ្ទុះគ្រាប់លាន់កក្រើក បណ្ដាលឲ្យបុរសជាប្ដីស្លាប់ភ្លាមៗ រីឯប្រពន្ធស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំបួរ។
បើតាមការបំភ្លឺខ្លះៗពីអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធនោះ បានយកភ្លើងទៅដុតគល់ឈើនៅក្នុងចំការ ដើម្បីយកសត្វព្រូត តែពួកគាត់មិនបានដឹងថា ក្នុងគល់ឈើនោះ មានគ្រាប់កាំភ្លើងទេ។ ពេលដែលដុតភ្លើងឆេះប្ដីប្រពន្ធនេះ មិនទៅណាឆ្ងាយពីគល់ឈើទេ ទើបពេលគ្រាប់៦០មិល្លីម៉ែត្រផ្ទុះ បណ្ដាលឲ្យត្រូវទាំង២នាក់ប្ដីប្រពន្ធតែម្ដង។ ប្ដីប្រពន្ធនេះ ជាជនចំណាកស្រុក មកធ្វើកម្មករកាប់ដំឡូងនៅភូមិ-ឃុំកើតហេតុខាងលើ តែអកុសល បានជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិត៕